ជាតិ
អាកាសធាតុប្រែប្រួល! លោក ហ៊ុន ម៉ានី ប្រាប់ឱ្យអាជ្ញាធរកំពង់ស្ពឺ ​​​​តាមដាន និងដោះស្រាយបញ្ហាទឹក ឱ្យទាន់ពេល
23, Apr 2024 , 5:20 pm        
រូបភាព
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។ រូបភាពពីក្រសួងមុខងារសាធារណៈ
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។ រូបភាពពីក្រសួងមុខងារសាធារណៈ
ភ្នំពេញ៖ កម្ពុជាកំពុង​ទទួល​រង​ឥទ្ធិពល​បាតុភូតអែលនីណូ (El Nino) ដែលធ្វើឱ្យមានគ្រោះរាំងស្ងួត ដោយសារធាតុអាកាសក្តៅហួតហែងខ្លាំង។ ដើម្បី​ជួយ​អន្តរាគមន៍ដល់​ពលរដ្ឋ ​ដែល​ខ្វះ​ខាត​ទឹក​ប្រើ​ប្រាស់ លោក ហ៊ុន ម៉ានី បានណែនាំដល់ក្រុមការងារខេត្ត​កំពង់ស្ពឺ បន្តតាមដានការប្រើប្រាស់ទឹក តាមតំបន់នីមួយៗ។



បញ្ហា​បម្រែ​បម្រួល​អាកាស​ធាតុ កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់​នៅ​​របស់​ប្រជាពលរដ្ឋ​ មិន​ថា​ទីក្រុង និង​ជន​បទនោះទេ។ នៅ​ក្នុង​កិច្ច​ប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែមេសា លោក ហ៊ុន ម៉ានី បានណែនាំដល់ក្រុមការងារទាំងអស់ ឱ្យ​បន្តតាមដានស្ថានភាពនៃការប្រើប្រាស់ទឹក តាមតំបន់នីមួយៗ ក្នុងដំណាក់ដែលអាកាសធាតុមានការប្រែប្រួល។
 
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ លើក​ឡើងថា ការជួយសម្របសម្រួលការងារនានាជាមួយអាជ្ញាធរមូលដ្ឋាន រួមទាំងការរៀបចំវេទិកាសាធារណៈ នឹង​បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។ 
  
រូបភាពពីក្រសួងមុខងារសាធារណៈ 

សូម​បញ្ជាក់ថា កាល​ពី​ពេល​ថ្មីៗនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏​បាន​ប្រាប់មន្ត្រី ចាប់ពីរដ្ឋលេខាធិការ ដល់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ឱ្យចុះពិនិត្យមើលស្រះទឹក អណ្តូង និងមានវិធានការចាំបាច់។ លើសពីនេះ ត្រូវអន្តរាគមន៍បន្ទាន់ ក្នុងករណីអណ្តូងខូច និងស្រះទឹករីងស្ងួត ដើម្បីឆ្លើយតបនឹងការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
 
ក្រៅពីក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម​ ក៏បានណែនាំមន្ត្រីរបស់ខ្លួន និងប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាប្រភពទឹក និងការប្រើប្រាស់ទឹកដោយសន្សំសំចៃ​ នាអំឡុងពេល ដែលកម្ពុជារងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូតកម្តៅអែលនីណូ (El Nino) ផងដែរ៕
 


Tag:
 ហ៊ុន ម៉ានី
  កំពង់ស្ពឺ
  ទឹក
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com