ជាតិ
សង្គមជាតិ
គយ បង្រា្កបសាច់នាំចូលខុសច្បាប់ហើយគ្មានអនាម័យ បាន៤,៥តោន
× បំណែកសាច់នាំចូលខុសច្បាប់ចំនួន ៤ ៥៥០គីឡូក្រាម ត្រូវបានអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្រាបបាន នាថ្ងៃទី២៣ ខែមេសា។ សេចក្តីប្រកាសព័ត៌មានរបស់គយបានបញ្ជាក់ថា ការនាំចូលសាច់ទាំងនេះ គឺគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បានឡើយ។
សាច់ខូចគុណភាពទាំងនេះ ត្រូវបានគយបង្ក្រាបបានក្នុងករណីពីរផ្សេងពីគ្នា។ បើតាមអគ្គនាយកដ្ឋាន គយ ក្នុងចំណោមសាច់គុណភាពទាំងជាង៤តោនខាងលើ គឺមាន៣,៥តោន ត្រូវបានកម្លាំងជំនាញ បង្ក្រាបបាននិងដកហូតពីឈ្មួញ ដែលដឹកជញ្ជូនតាមរថយន្តដឹកអ្នកដំណើរចំនួន៣គ្រឿង បង្កប់ជាមួយ ទំនិញផ្សេង នាំចូលមកកម្ពុជាខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី២២មេសា ឆ្នាំ២០២៤។
រីឯសាច់ខូចគុណភាពជាង១តោនទៀត មានដូចជា ជើងទា ពោះគោ ជើងជ្រូក និងគ្រឿងក្នុង ត្រូវបានកម្លាំងជំនាញនៅខេត្តបន្ទាយមានជ័យ បង្ក្រាបនិងដកហូតពីឈ្មួញដែលដឹកជញ្ជូនតាមរ៉ឺម៉កម៉ូតូ នាំចូលកម្ពុជា តាមច្រករបៀងក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បញ្ជាក់ថា សាច់ខូចគុណភាពដែលបង្ក្រាបនេះត្រូវបានដុតចោល ភ្លាមៗក្រោយបង្រ្កាបបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com