កីឡាអន្តរជាតិ
អន្តរជាតិ
ឃើញការអភិវឌ្ឍន៍ Aston Villa តកិច្ចសន្យាលោក Emery ដល់ឆ្នាំ ២០២៧
24, Apr 2024 , 5:39 pm        
រូបភាព

ក្លិប Aston Villa បានយល់ព្រមក្នុងការបន្តកិច្ចសន្យាលោក Unai Emery ធ្វើជាអ្នកចាត់ការក្រុមរហូតដល់ឆ្នាំ ២០២៧។ ការបន្តកិច្ចសន្យាដល់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ​ ព្រោះតែក្លិបបានមើលឃើញពីការអភិវឌ្ឍន៍របស់ Aston Villa ក្នុងប្រកួតប្រជែងទាំងក្នុងលីគ និងពានអឺរ៉ុប។

ចូលដឹកនាំក្រុមកាលពីខែតុលា ឆ្នាំ ២០២២ លោក Emery បានជួយ Villa បញ្ចប់ចំណាត់ថ្នាក់លេខ ៧ នៅ Premier League ដែលជាលទ្ធផលល្អបំផុត ចាប់តាំងពីរដូវកាល ២០០៩-១០។ មុនពេលលោក Emery ចូលដឹកនាំក្រុមស្ថិតក្នុងលីគកំពូលអង់គ្លេសមួយនេះទទួលលទ្ធផលមិនសូវល្អនោះឡើយ។
 
រដូវកាលនេះ Aston Villa ជាបេក្ខភាពមួយកំពុងប្រជែងតំណែងក្រុមកំពូលតារាងទាំង ៤ ដើម្បីកៅអីក្របខណ្ឌ UEFA Champions League រដូវកាលក្រោយ និងលើកដំបូងតាំងពីរដូវកាល ១៩៩៥-៩៦។ បច្ចុប្បន្ន Villa ក៏កំពុងស្ថិតនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UEFA Europa League ជាលើកដំបូងក្នុងរយៈពេល ៤២ឆ្នាំ ដែលឡើងដល់វគ្គនេះ។
 
«យើងត្រូវតែចាប់យកកម្លាំងចិត្តនៃការខិតខំធ្វើការងារដែលលំបាក់បែបនេះ ការសម្រេចចិត្តដ៏ឆ្លាតវៃបំផុត និងសម្របសម្រួលជាមួយនឹងម្ចាស់កម្មសិទ្ធិដែលយើងបានរកឃើញអំឡុងពេលនេះ។ មហិច្ឆតាមានរួចហើយ យើងត្រូវតែមានជានិច្ច បាវចនានៃគម្រោងនេះ។»។ នេះបើតាមសម្តីរបស់អតីតអ្នកចាត់ការក្រុម PSG និង Arsenal។
 
សម្រាប់ក្របខណ្ឌ Premier League ក្រុម Aston Villa ដែលនៅចំណាត់ថ្នាក់លេខ ៤ មាន ៦៦ពិន្ទុ ឆ្លងកាត់ការប្រកួតប្រជែង ៣៤ប្រកួតរួចមកនេះ នឹងត្រូវជួបតទល់ក្រុម Chelsea សម្រាប់ជំនួបសប្តាហ៍ទី៣៥ នៅចុងសប្តាហ៍នេះ៕
 

Tag:
 Aston Villa
  Unai Emery
© រក្សាសិទ្ធិដោយ thmeythmey.com