ដោយ៖ម៉ម ពិសី/ RFI ខេមរភាសា
អង្គការសហប្រជាជាតិ បានចេញរបាយការណ៍ថ្មីមួយ កាលពីថ្ងៃទី២២មេសា ស្តីពីស្ថានភាពអាកាសធាតុនៅតំបន់ទ្វីបអាស៊ីក្នុងឆ្នាំ២០២៣។ យោងតាមរបាយការណ៍នេះ ទ្វីបអាស៊ីគឺជាអ្នករងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារតែបម្រែបម្រួលអាកាសធាតុ ដែលបានបង្កគ្រោះមហន្តរាយធម្មជាតិ កាន់តែញឹកញាប់និងកាន់តែកាចសាហាវ ហើយដែលបានជះឥទ្ធិពលអាក្រក់ទៅលើសង្គម សេដ្ឋកិច្ច សុខភាព និងអាយុជីវិតមនុស្ស។
ឆ្នាំ២០២៣ គឺជាឆ្នាំដែលមានសីតុណ្ហភាពក្តៅបំផុត មិនធ្លាប់មានពីមុនមក នៅទូទាំងពិភពលោក។ តែគឺបណ្តាប្រទេសនៅទ្វីបអាស៊ី គឺជាអ្នករងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារការប្រែប្រួលអាកាសធាតុ។ នេះបើផ្អែកតាមរបាយការណ៍ថ្មីមួយ ធ្វើឡើងដោយអ្នកជំនាញនៃអង្គការឧតុនិយមពិភពលោក OMM។ ល្បឿននៃការប្រែប្រួលយ៉ាងលឿនរហ័សនេះ បានបង្កឲ្យទ្វីបអាស៊ី ត្រូវឆ្លងកាត់នឹងលក្ខខណ្ឌឧតុនិយមយ៉ាងលំបាកបំផុត។
លោកស្រី Celeste Saulo អគ្គនាយកអង្គការឧតុនិយមពិភពលោក បានលើកឡើងថា បម្រែបម្រួលអាកាសធាតុ ធ្វើឲ្យគ្រោះមហន្តរាយធម្មជាតិ មានលក្ខណៈកាន់តែធ្ងន់ធ្ងរកាចសាហាវ និងកើតឡើងកាន់តែញឹកញាប់ តួយ៉ាងដូចជាគ្រោះរាំងស្ងួត រលកកំដៅក្តៅហួតហែងខ្លាំង ខ្យល់ព្យុះ ភ្លៀងធ្លាក់យ៉ាងគំហុកបង្កជាទឹកជំនន់ ជាដើម។ល។ លើសពីបានផ្តាច់ជីវិតមនុស្ស លក្ខខណ្ឌឧតុនិយមដ៏កាចសាហាវទាំងនេះ បានជះឥទ្ធិពលអាក្រក់ក្រៃលែង ទៅលើសុខភាពផ្លូវចិត្តរបស់មនុស្ស ទៅលើសង្គមជាទូទៅ និងធ្វើឲ្យខាតបង់សេដ្ឋកិច្ច។
អង្គការឧតុនិយមពិភពលោកបានលើកឡើងថា ការសន្និដ្ឋាននៃរបាយការណ៍ បានដាស់ឲ្យយើងគ្រប់គ្នាត្រូវតែភ្ញាក់ហើយពិចារណារកដំណោះស្រាយ។ ទ្វីបអាស៊ី ជាតំបន់ដែលសីតុណ្ហភាពកើនឡើងលឿនជាងតំបន់ផ្សេងៗទៀតនៃភពផែនដី។ ជាក់ស្តែង ឆ្នាំ២០២៣កន្លងទៅ សីតុណ្ហភាពនៅតំបន់អាស៊ីបានឡើងលើសចំនួន ២°c ជាមធ្យម បើប្រៀបធៀបទៅសីតុណ្ហភាពមធ្យមរវាងពីឆ្នាំ១៩៦១ ដល់១៩៩០។ សីតុណ្ហភាពផ្នែកខាងលើនៃផ្ទៃទឹកសមុទ្រ ផ្នែកពាយ័ព្យមហាសមុទ្រប៉ាស៊ីហ្វិកវិញ គឺបានកើនកំដៅខ្លាំងបំផុត ក្នុងឆ្នាំ២០២៣។
យុវជនដើរកាត់បាតទន្លេគង្គារ ដែលរីងស្ងួតដោយកន្លែង AFP - SANJAY KANOJIA
យោងតាមរបាយការណ៍ ឆ្នាំ២០២៣ សីតុណ្ហភាពមធ្យមក្តៅបំផុត ត្រូវបានគេស្រង់បាននៅតំបន់ស៊ីបេរីខាងលិច តំបន់អាស៊ីកណ្តាល នៅខាងកើតប្រទេសចិន និងនៅជប៉ុនជាដើម។ រដូវក្តៅឆ្នាំមុន ជារដូវក្តៅខ្លាំងបំផុត ដែលជប៉ុនមិនដែលធ្លាប់ជួបទេក្នុងប្រវត្តិសាស្ត្រ។ នៅតំបន់ជួរភ្នំហិមាល័យ កម្រិតទឹកភ្លៀងវិញ មានទាបជាងធម្មតា ស្របពេលដែល នៅភាគនិរតីចិន មានគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ។
ជាងនេះទៀត សីតុណ្ហភាពផែនដីដែលកើនឡើងកាន់តែខ្លាំង ធ្វើឲ្យផ្ទាំងទឹកកកនៅលើជួរភ្នំហិមាល័យបានរលាយយ៉ាងឆាប់រហ័ស។ ក្នុងចំណោមផ្ទាំងទឹកកកចំនួន២២ នៅលើភ្នំហិមាល័យដែលគេតាមដានជាប្រចាំ គឺមានចំនួន២០ ដែលបានរលាយបាត់បង់កម្រាស់និងទំហំជាប់ជាប្រចាំ កាលពីឆ្នាំមុន។ កត្តានេះអាចបង្កហានិភ័យធំទៅថ្ងៃមុខ ទាក់ទិននឹងសន្តិសុខធនធានទឹក នៅតាមបណ្តាប្រទេសអាស៊ីមួយចំនួន បន្ថែមពីបញ្ហាទឹកសមុទ្រឡើងកំពស់។
អ្នកជំនាញបានប្រមូលទិន្នថា ក្នុងឆ្នាំ២០២៣ គ្រោះមហន្តរាយធម្មជាតិចំនួន៧៩លើក បានកើតឡើងនៅអាស៊ី ដោយសារ តែភាពប្រែប្រួលមិនទៀងទាត់ នៃកត្តាវារីឧតុនិយម។ ក្នុងចំណោមមហន្តរាយទាំងនេះ គឺមាន៨០% ជាគ្រោះទឹកជំនន់ និងព្យុះទឹកភ្លៀង ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងហោចជាង២០០០នាក់នៅអាស៊ី។ ក្រៅពីនេះ មនុស្សចំនួន៩លាននាក់ បានទទួលរកផលប៉ះពាល់ដោយផ្ទាល់។ ក្នុងចំណោមគ្រោះធម្មជាតិទាំងអស់ គឺគ្រោះទឹកជំនន់ជាអ្នកសម្លាប់ជីវិតមនុស្សច្រើនជាងគេខ្លាំងបំផុត។
អង្គការឧតុនិយមពិភពលោកបានផ្តល់អនុសាសន៍ ថាដល់ពេលហើយ ដែលទីភ្នាក់ឧតុនិយមតាមប្រទេសនីមួយៗ ត្រូវតែប្រមូលទិន្នន័យនិងបញ្ជូនព័ត៌មាន ផ្សព្វផ្សាយទៅកាន់ប្រជាជនឲ្យបានទាន់ពេលវេលា។ លោកស្រីអគ្គនាយកអង្គការនេះ បានសង្កត់ធ្ងន់ថា វាជារឿងចាំបាច់បំផុត ដែលត្រូវសម្របផែនការសកម្មភាព ឆ្លើយតបទៅនឹងកត្តាជាក់ស្តែងនៃអាកាសធាតុ ហើយត្រូវតែរួមគ្នា កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលជាប្រភពធ្វើឲ្យផែនកដីឡើងកំដៅ៕