ជាតិ
កូនឈើងាប់លើកំណាត់ផ្លូវជាតិលេខ៣៖ មន្ទីរសាធារណការ​តាកែវ ថា មិនស្ថិតនៅដែនសមត្ថកិច្ចខ្លួនឡើយ
24, Apr 2024 , 8:19 pm        
រូបភាព
សួនតាមបណ្ដោយផ្លូវជាតិលេខ៣។ រូបពី មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តតាកែវ
សួនតាមបណ្ដោយផ្លូវជាតិលេខ៣។ រូបពី មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តតាកែវ
ភ្នំពេញ៖ នាពេលថ្មីៗនេះ ម្ចាស់គណនីហ្វេសប៊ុកមួយ ឈ្មោះ ហង្ស សំណាង បានចុះទៅផ្សាយផ្ទាល់ពី កូនឈើលើកំណាត់ផ្លូវជាតិលេខ៣នៅក្នុងខេត្តតាកែវ មានការងាប់ច្រើន ព្រោះខ្វះការថែទាំ។ ប៉ុន្តែ ករណីនេះ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានចេញសេចក្ដីបំភ្លឺព័ត៌មាន បដិសេធថា មិនមែនស្ថិតក្នុងដែនសមត្ថកិច្ចខ្លួនឡើយ។

 
មន្ទីរសាធារណការ ខេត្តតាកែវ បានចាត់ទុកការផ្សាយរបស់បុគ្គលខាងលើ មានលក្ខណៈញុះញុង និងប៉ះពាល់កិត្តិយសថាក់ដឹកនាំខេត្ត។ លិខិតបំភ្លឺ ចេញថ្ងៃទី២៣មេសា មន្ទីរសាធារណការខេត្តតាកែវ បានឱ្យដឹងពីការគ្រប់គ្រង និងថែទាំកំណាត់ផ្លូវជាតិលេខ៣ មានប្រវែង៣០គីឡូម៉ែត្រ ដោយគិតចាប់ពីខាងត្បូងស្ពានស្លាគូរ ដល់នរាយណ៍ ព្រំប្រទល់ខេត្តតាកែវ-កំពត។ 
 
ហេតុនេះ មន្ទីរសាធារណការបានអះអាងយ៉ាងដូច្នេះ៖ «សម្រាប់ទីតាំងដែលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ គ្រប់គ្រង គឺបានយកចិត្តទុកដាក់ចំពោះកូនឈើតាមបណ្ដោយទ្រូងផ្លូវនេះ ដោយមានឡានស្រោចទឹករាល់ថ្ងៃជាប្រចាំ»។ 
 
ចំពោះទីតាំងដែលមានដើមឈើងាប់ច្រើននោះ មន្ទីរសាធារណការខេត្តតាកែវ បានបកស្រាយថា ជាទីតាំងក្នុងឃុំព្រៃវិហារ ស្រុកគងពិសី ក្នុងដែនថែទាំរបស់មន្ទីរសាធារណការខេត្តកំពង់ស្ពឺ។ 
 
ជុំវិញករណីនេះ សារព័ត៌មានថ្មីៗពុំអាចសុំការបកស្រាយបន្ថែមពី លោក ស៊ូ សុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ និងលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឡើយ។ 
 
ទាក់ទិននឹងករណីនេះ លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ សុំឱ្យមានការយោគយល់ និងសង្កេតមើលទិដ្ឋភាពជាក់ស្ដែង ខណៈអាកាសធាតុកំពុងក្ដៅហួតហែង ដែលធ្វើឱ្យដើមឈើភាគច្រើន នៅតាមដងផ្លូវអាចនឹងងាប់ ហើយមិនមែនមាននៅតែតាមផ្លូវជាតិលេខ៣ ក្នុងខេត្តកំពង់ស្ពឺឡើយ។ 
 
«កន្លែងខ្លះអាចនឹងស្រោចទឹកពុំបានដិតដល់ទើបងាប់ ហើយកន្លែងខ្លះក៏ល្អព្រោះត្រូវទឹកនិងស្រោចជាប្រចាំ ប៉ុន្តែដើមឈើងាប់វាមានកត្តាច្រើនទៀត ខ្លះដោយសារដីដែលយកដាក់ដាំពុំល្អ ឬដើមឈើនោះ មានមេរោគឆ្លងក៏ងាប់បានដែរ»។ លោក វី សំណាង បកស្រាយបែបនេះ ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី២៤ មេសា។
 
ចំពោះបញ្ហានេះ លោក វី សំណាង ស្នើសុំឱ្យប្រធានមន្ទីរសាធារណខេត្តកំពង់ស្ពឺ ជាអ្នកបកស្រាយបន្ថែម។ មន្ទីរសាធារណការខេត្តកំពង់ស្ពឺ មិនបកស្រាយអ្វីឡើយ ដោយគ្រាន់តែបង្ហាញសកម្មភាពការងារជួសជុល និងថែទាំសួន តាមបណ្ដោយផ្លូវជាតិលេខ៣ ជាប្រចាំ លើហ្វេសប៊ុកប៉ុណ្ណោះ៕ 
 
 
 
 
 

Tag:
 សួនសាធារណ
© រក្សាសិទ្ធិដោយ thmeythmey.com