អន្តរជាតិ
ក្រោយជាប់គាំងយូរ! ព្រឹទ្ធសភាអាម៉េរិកអនុម័តជំនួយ៦១ពាន់លានដុល្លារទៅអ៊ុយក្រែន
24, Apr 2024 , 8:59 pm        
រូបភាព
លោក Chuck Schumer មេដឹកនាំសំឡេងភាគច្រើននៃសមាជិកព្រឹទ្ធសភាមកពីបក្សប្រជាធិបតេយ្យ។ រូបភាព AFP
លោក Chuck Schumer មេដឹកនាំសំឡេងភាគច្រើននៃសមាជិកព្រឹទ្ធសភាមកពីបក្សប្រជាធិបតេយ្យ។ រូបភាព AFP
ព្រឹទ្ធសភាអាម៉េរិក នៅថ្ងៃទី២៤ ខែមេសា បានអនុម័ត ៦១ពាន់លានដុល្លារទៅអ៊ុយក្រែន ក្រោយជាប់គាំងជាច្រើនខែនៅសភាតំណាង។ នៅនីតិវិធីបន្ទាប់ សេចក្តីព្រាងកញ្ចប់ថវិកានេះ នឹងធ្លាក់លើតុប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ដើម្បីចុះហត្ថលេខា។​

 
សេចក្តីព្រាងកញ្ចប់ជំនួយសម្រាប់បណ្តាប្រទេសជាច្រើនទំហំ ៩៥ពាន់លានដុល្លារ ត្រូវបានព្រឹទ្ធសភាអនុម័តហើយនៅថ្ងៃទី២៤ ខែមេសា ក្រោយទទួលបានភ្លើងបៃតងពីសភាតំណាង។ នៅក្នុងព្រឹទ្ធសភា សមាជិកចំនួន ៧៩នាក់ បានបោះឆ្នោតគាំទ្រ និង១៨នាក់ប្រឆាំង។ សមាជិកព្រឹទ្ធសភាមានចំនួនសរុប ១០០នាក់។
 
បន្ទាប់ពីទទួលបានការអនុម័តពីសភាទាំងពីរថ្នាក់ កញ្ចប់សេចក្តីព្រាងច្បាប់ដែលផ្តល់ជំនួយទៅអ៊ុយក្រែន ៦១ពាន់លានដុល្លារ, អុីស្រាអែល ២៦ពាន់លានដុល្លារ និង៨ពាន់លានដុល្លារសម្រាប់ឥណ្ឌូ-ប៉ាស៊ីហ្វិក នឹងត្រូវបញ្ជូនទៅសេតវិមានឱ្យលោកប្រធានាធិបតី ចូ បៃឌិន ចុះហត្ថលេខា ប្រកាសឱ្យប្រើ។ សេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការរឹតត្បិតក្រុមហ៊ុន TikTok នៅអាម៉េរិក និងបង្កើនទណ្ឌកម្មនៅរុស្ស៊ីក៏មានក្នុងកញ្ចប់នោះដែរ។
 
«យើងផ្ញើសារទៅកាន់ពិភពលោក យើងមិនទុកអ្នកចោលឡើយ»។ លោក Chuck Schumer មេដឹកនាំបក្សប្រជាធិបតេយ្យក្នុងព្រឹទ្ធសភា បានបញ្ជាក់បែបនេះ មុនការបោះឆ្នោត។ ចំណែក លោក Mitch McConnell មេដឹកនាំសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ បានចាត់ទុកការបោះឆ្នោតនេះ ជាថ្ងៃសំខាន់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់អាម៉េរិក និងសម្រាប់ប្រទេសសេរី។ 
 
បន្ទាប់ពីការអនុម័តរបស់ព្រឹទ្ធសភា លោកប្រធានាធិបតី បៃឌិន បានប្រកាសចុះហត្ថលេខាឱ្យបានឆាប់បំផុតនៅពេលសេចក្តីព្រាងកញ្ចប់ជំនួយនោះ មកដល់តុរបស់លោក។ បើតាមមេដឹកនាំអាម៉េរិក ពេលនេះ វាជាពេលដ៏ចាំបាច់ ក្នុងការបញ្ជូនអាវុធ និងសម្ភារទៅអ៊ុយក្រែន ដែលបន្តស្ថិតក្រោមការឈ្លានពានរបស់រុស្ស៊ី នៅក្នុងសប្តាហ៍នេះ។ 
 
មេដឹកនាំអាម៉េរិករូបនេះ ក៏មិនបានភ្លេចថ្លែងអំណរគុណទៅកាន់សមាជិកព្រឹទ្ធសភា មកពីបក្សទាំងពីរ ដែលគាំទ្រសេចក្តីព្រាងច្បាប់ខាងលើដែរ។ ចំណែកប្រធានាធិបតីអ៊ុយក្រែន ដែលជាប្រទេសនឹងត្រូវទទួលជំនួយពីអាម៉េរិកក្នុងទំហំរហូតដល់ ៦១ពាន់លានដុល្លារ បានអរគុណព្រឹទ្ធសភា ដែលបានអនុម័តជំនួយសម្រាប់ខ្លួន។ 
 
កន្លងមក កញ្ចប់សេចក្តីព្រាងច្បាប់ខាងលើ ត្រូវបានជាប់គាំងនៅសភាតំណាងជាច្រើនខែ ក្រោមហេតុផលគិតគូរពីសន្តិសុខតាមព្រំដែន ដែលមានលំហូរជនភៀសខ្លួនចូលទៅក្នុងដែនដីអាម៉េរិកយ៉ាងខ្លាំង៕
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com