ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
លោក សុប ការីម ស្ម័គ្របង្រៀនភាសាអង់គ្លេសឥតគិតថ្លៃដល់កុមារ​នៅ​សហគមន៍ត្រពាំងសង្កែ
26, Apr 2024 , 8:59 am        
រូបភាព
កំពត៖ លោកគ្រូ សុប ការីម ដែលពលរដ្ឋខ្មែរឥស្លាម កំពុងបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃ ដល់កុមារចំនួន៣៥នាក់ នៅជុំវិញសហគមន៍នេសាទត្រពាំងសង្កែ ក្នុងស្រុកទឹកឈូ ខេត្តកំពត​។ មូលហេតុនៃការបង្រៀនស្ម័គ្រចិត្តនេះ ព្រោះលោកគ្រូ សុប ការីម ​ចង់ឱ្យក្មេងៗនៅក្នុងភូមិ មាន​គ្រឹះភាសាអង់គ្លេសរឹងមាំ សម្រាប់ពង្រីកឱកាសសិក្សា និងការងារនាពេលអនាគត។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាងទស្សនាបទយកការណ៍ខាងក្រោមនេះ៖ 

 
លោកគ្រូ សុប ការីម ជាគ្រូបង្រៀនភាសាអង់គ្លេស នៅវិទ្យាល័យកំពង់កែស ដែលស្ថិតនៅក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ លោកគ្រូ បានផ្តួចផ្តើម និង​ស្ម័គ្រចិត្តបង្រៀនភាសាអង់គ្លេសឥតគិតថ្លៃ ដល់កុមារក្នុងភូមិដែលខ្វះលទ្ធភាពបង់ថ្លៃសិក្សាភាសាអង់គ្លេសជាមួយសាលាឯកជន។
 
រយៈពេល​ជាង ៤ខែ​​ហើយ ដែលលោកគ្រូ សុប ការីម ពលរដ្ឋខ្មែរឥស្លាមរូបនេះ បានបង្រៀនស្ម័គ្រចិត្ត។ បច្ចុប្បន្ន មានកុមារចំនួន៣៥នាក់កំពុងរៀនភាសាអង់គ្លេស ​ជាមួយ លោកគ្រូ ការីម នៅទីតាំងបណ្ណាល័យរបស់សហគមន៍នេសាទត្រពាំងសង្កែ។
 
លោក​ សុប ការីម ជាគ្រូបង្រៀន​នៅវិទ្យាល័យកំពង់កែស ដែលកំពុងស្ម័គ្រចិត្តបង្រៀនភាសាអង់គ្លេសដល់កុមារនៅសហគមន៍ត្រពាំងសង្កែដោយឥតគិតថ្លៃ។ ​
 
លោកគ្រូ ការីម បានរៀបរាប់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា មូលហេតុដែលលោកស្ម័គ្រចំណាយពេល​បង្រៀននេះ ព្រោះ​លោកចង់ឱ្យក្មេងៗនៅក្នុងភូមិនេះ មានមូលដ្ឋានគ្រឹះភាសាអង់គ្លេសរឹងមាំ សម្រាប់ពង្រីកឱកាសសិក្សា និងការងារសម្រាប់អនាគត។ «ខ្ញុំមកបង្រៀននៅសហគមន៍ទៅដល់ក្មេងៗ ដែលពួកគាត់គ្មានលទ្ធភាពសម្រាប់រៀននៅកន្លែងឯកជន។ ដោយសារបច្ចុប្បន្នមានដែរ នៅក្នុងស្រុកភូមិនេះមានកន្លែងរៀនសម្រាប់បង់លុយ ប៉ុន្តែដោយសារគ្រួសារខ្លះ គាត់អត់មានលទ្ធភាពសម្រាប់ផ្គត់ផ្គង់ទៅលើចំណាយទៅលើការរៀនភាសាបរទេសបន្ថែម។ អ៊ីចឹងខ្ញុំក៏សម្រេចចិត្តបង្កើតថ្នាក់នេះឡើង ដើម្បីជួយពួកគាត់​ ឱ្យគាត់មានដើមទុនសម្រាប់ពេលដែលគាត់ទៅសកល គាត់មានភាសាសម្រាប់ទំនាក់ទំនងក្នុងសកល ឬក៏គាត់ចាប់មុខជំនាញ គឺមានភាសាអង់គ្លេសនេះ សម្រាប់ជំនួយការរៀនរបស់គាត់»។ 
 
លោក សឹម ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ ​ពេញចិត្តជាខ្លាំង ចំពោះការបង្រៀន​ភាសាអង់គ្លេស​ដោយឥតគិតថ្លៃ របស់លោកគ្រូ ការីម។ ​លោក សឹម ហ៊ីម មើលឃើញថានៅពេលកុមារ​ចេះ​ភាសាអង់គ្លេសបានច្រើន ហើយពួកគេអាចជួយផ្តល់ព័ត៌មាននានាពាក់ព័ន្ធនឹងសហគមន៍នេសាទត្រពាំងសង្កែ ទៅដល់ភ្ញៀវទេសចរបរទេសដែលមកកម្សាន្ត​។ លោក សឹម ហ៊ីម រៀបរាប់ថា៖ «រាល់ថ្ងៃមានភ្ញៀវបរទេសមកច្រើន ហើយទាក់ទងនឹងភាសា សម្រាប់គណៈកម្មការយើង គឺអត់មានអ្នកចេះទេ។ អ៊ីចឹងយើងពឹងផ្អែកទៅលើក្មេងៗជំនាន់ក្រោយ។ ហើយបើយើងសង្ឃឹម​ទៅលើក្មេងៗជំនាន់ក្រោយលុះត្រាតែយើងបណ្តុះបណ្តាលពួកគាត់។ អ៊ីចឹងទាក់​ទងនឹងភាសាអង់គ្លេសនេះ គឺសំខាន់សម្រាប់សហគមន៍នេសាទត្រពាំងសង្កែ។ សម្រាប់ផ្តល់ព័ត៌មាន និងបញ្ហានៅក្នុងសហគមន៍ជូនដល់ភ្ញៀវទេសចរបរទេស»។
 
លោក សឹម ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ
 
យ៉ាងណាក៏ដោយ សកម្មភាពបង្រៀនភាសាអង់គ្លេសដល់កុមារនៅទីនេះ មានបញ្ហាប្រ​ឈម​ខ្លះៗ ជាពិសេសគឺកង្វះខាតសម្ភា​រៈ និងសៀវភៅសិក្សាសម្រាប់សិស្ស។ លោក សឹម ហ៊ីម បញ្ជាក់ថា សហគមន៍កំពុងស្វះស្វែងរក​ជំនួយជាសម្ភារសិក្សាបន្ថែមពីអង្គការដៃគូ ដើម្បីផ្តល់ភាពងាយស្រួលបន្ថែម​ទៀតដល់ការបង្រៀន និងរៀនភាសាអង់គ្លេស​របស់កុមារនៅក្នុងសហគមន៍​។
 
សម្រាប់ លោកគ្រូ សុប ការីមវិញ លោកមិនត្រឹមចង់ឃើញសិស្សរបស់ខ្លួនអាចប្រើប្រាស់ភាសា​អង់គ្លេសបានល្អនោះទេ លោកក៏សង្ឃឹមដែរថា ភាសាអង់គ្លេសដែលពួកគេកំពុងរៀននៅពេលនេះ ​អាចជួយឱ្យគេមាន​ឱកាស​សិក្សានៅក្រៅប្រទេសបានទៀតផង។ «ពេលគាត់មានឱកាសទៅបរទេស ភាសាអង់គ្លេសនេះសំខាន់សម្រាប់គាត់ ដូច្នេះរាល់ការធ្វើតេស្តសមត្ថភាពសម្រាប់អ្នកទៅរៀននៅបរទេស គឺចាំបាច់ត្រូវចេះអង់គ្លេស។ ដូចជាខ្ញុំ បានទៅរៀននៅប្រទេសម៉ាឡេស៊ី គឺតេស្តចម្បងគឺភាសាអង់គ្លេសហ្នឹង។ ប្រសិនបើតេស្តធ្លាក់ គឺអត់អាចរៀនបន្តបានទេ»។  លោកគ្រូ សុប ការីមបញ្ជាក់ដូច្នេះមុននឹងបង្ហាញជំ​បង្រៀនស្ម័គ្រចិត្ត​យ៉ាងហោចណាស់ក៏៣ឆ្នាំ​ ​ដើម្បីឱ្យសិស្សរបស់ខ្លួនមានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស​បាន។ «ខ្ញុំគិតថា (ស្ម័គ្រចិត្ត)យ៉ាងតិច ៣ឆ្នាំ ដោយសារភាសាគេវាមិនងាយស្រួលដូចភាសាយើងទេ។ យ៉ាងតិច ៣ឆ្នាំគឺអាចចាប់ភាសាគេបាន អាចប្រើប្រាស់បាន។ ខ្ញុំសង្ឃឹមថាពួកគាត់នឹងចាប់បាន ហើយសង្ឃឹមថាពួកគាត់ នឹងមករៀនទៀងពេល រៀងរាល់ថ្ងៃ»។ នេះជាការតាំងចិត្តរបស់លោក ការីម ៕
 
កុមារនៅសហគមន៍ត្រពាំងសង្កែ កំពុងរៀនភាសាអង់គ្លេសដែលបង្រៀន​ដោយឥតគិតថ្លៃដោយលោក សុប ការីម។

កុមារកំពុងរៀន​ភាសាអង់គ្លេស​​ដោយឥតគិតថ្លៃ នៅទីតាំងបណ្ណាល័យនៃសហគមន៍ត្រពាំងសង្កែ។
 

Tag:
 អប់រំ
  បង្រៀន
  ភាសាអង់គ្លេស
  កំពត
  កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com