ជាតិ
ព្រែកជីកហ្វូណន៖ សម្ដេច ហ៊ុន ម៉ាណែត ថាលោក សម រង្ស៊ី ជាមនុស្សពូកែប្រឆាំង សូម្បីតែសមិទ្ធផលជាតិ
26, Apr 2024 , 10:26 am        
រូបភាព
តើអ្នកនយោបាយចាស់វស្សាម្នាក់នេះ ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់? សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចោទជាសំនួរបែបនេះ ទៅកាន់លោក សម រង្ស៊ី ដែលបានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ អាចនាំមកគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដល់បរិស្ថាន និងជីវភាពរស់នៅ ប្រជាពលរដ្ឋខ្មែរ។

 
លោក សម រង្ស៊ី បានសរសេរលហ្វេសប៊ុកខ្លួន កាលពីថ្ងៃទី២៤ មេសាថា បំណងធំនៃព្រែកជីកហ្វូណនតេជោនេះ មិនមែនបម្រើផលប្រយោជន៍សេដ្ឋកិច្ចប្រទេសកម្ពុជាទេ តែបម្រើផលប្រយោជន៍យុទ្ធសាស្ត្ររបស់ចិនកុម្មុយនីស្ត ដែលត្រូវការពង្រឹងឥទ្ធិពលរបស់ខ្លួន ទៅដល់ឈូងសមុទ្រថៃ ដោយឆ្លងកាត់ប្រទេសឡាវ និងកម្ពុជា ដែលស្ថិតក្រោមឥទ្ធិពលប្រទេសចិន រួចទៅហើយ។
 
«មូលដ្ឋានសឹករបស់ចិន នៅរាម ក៏ជាឈ្នាន់ ដើម្បីបម្រើនយោបាយវាតទីនិយមរបស់ចិន។ របប ហ៊ុន សែន និង ហ៊ុន ម៉ាណែត អាចនាំមកគ្រោះថ្នាក់ឲ្យប្រទេសកម្ពុជា ដូចកាលពីសម័យ ប៉ុល ពត ដែលបានទៅអែបប្រទេសចិន ដើម្បីឲ្យចិន ជួយការពារអំណាចផ្តាច់ការរបស់ខ្លួន»។ មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេស បានសរសេរបែបនេះ។
 
ត្រង់ចំណុចនេះ សម្ដេច ហ៊ុន ម៉ាណែត បានឆ្លើយតបវិញថា ប្រជាជនកម្ពុជាមួយប្រទេស បានយល់ពីអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា ដែលគម្រោងព្រែកជីកហ្វូណនតេជោ និងផ្ដល់ឱ្យប្រជាជនខ្មែរ។ «ប៉ុន្តែបែរជា សម រង្សី ដែលជាអ្នកនយោបាយចាស់វស្សា ដែលតែងតែតាំងខ្លួនជាអ្នកស្រលាញ់ជាតិ មិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរទៅវិញ»។ សម្ដេចនាយករដ្ឋមន្រ្តី តបបែបនេះ នៅថ្ងៃទី២៦ មេសា។
 
លោក សម រង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំង បានបន្ថែមថា គម្រោងជីកព្រែកហ្វូណន ភ្ជាប់ទីក្រុងភ្នំពេញទៅដល់សមុទ្រ អាចនាំមកគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដល់បរិស្ថាន និងជីវភាពរស់នៅ ប្រជាពលរដ្ឋខ្មែរ។ មេដឹកនាំចលនាក្រុមប្រឆាំងក្រៅប្រទេសរូបនេះ បានសរសេរដូច្នេះ៖ «របប ហ៊ុន សែន បានសម្រេចធ្វើតាមសំណើចិនកុម្មុយនីស្ត យ៉ាងតក់ក្រហល់ និងគ្មានស្មារតីទទួលខុសត្រូវ ឲ្យជីកព្រែកបែបនេះ ដោយមិនទាន់បានធ្វើការសិក្សា គ្រប់ជ្រុងជ្រោយនៅឡើយ»។
 
សូម្បីតែភូមិសាស្ត្រ ពាក់ព័ន្ធនឹងខេត្ត ដែលគម្រោងនេះ នឹងតភ្ជាប់ ក៏លោក សម រង្ស៊ី ក្ដាប់មិនបាន និងនិយាយមិនត្រូវផង។ នេះជាការហួសចិត្តរបស់សម្ដេច ហ៊ុន ម៉ាណែត ដែលបានចាត់ទុកលោក សម រង្ស៊ី ជាមនុស្សពូកែប្រឆាំង សូម្បីតែសមិទ្ធផលជាតិ។ «តើគាត់ជាមនុស្សល្ងង់ពិតប្រាកដ ឬជាមនុស្សចេះប៉ុន្តែចេះល្ងង់។ ជាមនុស្សប្រឆាំង ដើម្បីប្រឆាំង។ ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ។ ប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិនិងប្រជាជនខ្មែរខ្លួនឯងក៏ដោយ»។ សម្ដេច ហ៊ុន ម៉ាណែត បន្ថែម។

បើខ្មែរមិនបាត់បង់ដីកម្ពុជាក្រោម ក៏ខ្មែរមិនចាំបាច់លំបាកនឹងធ្វើព្រែកជីកនេះដែរ។ នេះជាការលើកឡើងរបស់លោក ច័ន្ទ សុផល អ្នកវិភាគសេដ្ឋកិច្ច ដែលមើលឃើញថា គម្រោងព្រែកជីកហ្វូណន ផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់ប្រជាជាតិកម្ពុជា។ អ្នកវិភាគសេដ្ឋកិច្ចរូបនេះ បានសរសេរលើហ្វេសប៊ុកខ្លួន នាថ្ងៃទី២៦ មេសាថា៖ « ជាច្រើនឆ្នាំមកហើយ ខ្ញុំយល់ឃើញថា ព្រែកជីកហ្វូណនតេជោ នឹងបេីកជាឱកាសដ៏ពិសេស សម្រាប់ការដឹកជញ្ជូនដែលមានការប្រកួតប្រជែងបានជាមួយប្រទេសជិតខាង។ ប្រទេសជិតខាងមានប្រៀបខ្លាំង ក្នុងការដឹកជញ្ជួនតាមផ្លូវទឹក ពីខេត្តមួយចំនួន ទៅដល់សមុទ្រ ដែលកម្ពុជាខ្វះ និងជាឧបសគ្គដ៏ធំសម្រាប់ការប្រកួតប្រជែង ជាពិសេសសម្រាប់វិស័យកសិកម្ម និងកែច្នៃ។ បេីធ្វើបាន ព្រែកជីកនេះ វាគឺជាកត្តាជំរុញផលិតកម្មកសិកម្ម និងវិនិយោគឧស្សាហ៍កម្ម ជាច្រើនថែមទៀត៕

Tag:
 ហ៊ុន ម៉ាណែត
  សម រង្ស៊ី
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com