RFI
អន្តរជាតិ
អឺរ៉ុបនៅទន់ខ្សោយមិនទាន់ត្រៀមខ្លួន នៅចំពោះមុខ​ការវាយលុក​របស់ក្រុមចារកម្មចិន
28, Apr 2024 , 7:39 pm        
រូបភាព
 ទង់ជាតិចិន និងទង់ជាតិសហភាពអឺរ៉ុប​នៅទីស្នាក់ការរបស់​សហភាពអឺរ៉ុបនៅទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក AP - John Thys
ទង់ជាតិចិន និងទង់ជាតិសហភាពអឺរ៉ុប​នៅទីស្នាក់ការរបស់​សហភាពអឺរ៉ុបនៅទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក AP - John Thys
ដោយ៖ឈាង បុប្ផា /RFI ខេមរភាសា
នៅសប្តាហ៍នេះ ប្រទេស​នៅអឺរ៉ុប​ចំនួន ២ គឺ​អាល្លឺម៉ង់ និងអង់គ្លេស​បាន​ចាប់ឃាត់ខ្លួន​ជាបន្តបន្ទាប់ ចារបុរស​ចិន និងជនជាតិ​របស់ខ្លួន​ដែល​លួចយកការណ៍ ទៅប្រគល់​ឲ្យ​ទីភ្នាក់ងារស៊ើបការសម្ងាត់ចិន។ នៅថ្ងៃ​ទី ២៦ មេសា តុលាការ​អង់គ្លេស​ទើបចោទប្រកាន់​ជនជាតិអង់គ្លេស​២នាក់ នៅក្នុងបទលួចលក់​ព័ត៌មានទៅ​​ឱ្យរដ្ឋបរទេស។ ករណី​ចាប់ខ្លួន​អ្នកលួចយកការណ៍​ទៅឲ្យចិន នៅក្នុង​ទឹកដីអាល្លឺ​ម៉ង់ ឬ​អង់គ្លេស ឆ្លុះបញ្ចាំង​​ពីការលូកដៃចូលកាន់តែជ្រៅ​របស់​បណ្តាញចារកម្មចិននៅទឹកដីអឺរ៉ុប ខណៈពេល​អឺរ៉ុប​ខ្លួនឯងនៅទន់ខ្សោយ មិនទាន់ត្រៀមលក្ខណៈការពារ​ខ្លួន នៅចំពោះមុខ​បណ្តាញស៊ើបការណ៍សម្ងាត់ចិន។

នៅតុលាការទីក្រុង​ឡុងដ៍ ជនជាតិអង់គ្លេស​២នាក់ ដែល១នាក់ធ្វើការជាអ្នកស្រាវជ្រាវ​នៅក្នុង​សភាអង់គ្លេស បានចូលទៅ​បង្ហាញខ្លួន នៅ​បន្ទាប់ពី​​រងបទចោទប្រកាន់ថា​ បាន​​លក់​អត្ថបទ កំណត់​ត្រា ឯកសារ​​ទៅ​ឱ្យរដ្ឋបរទេស។ បុរស​ទាំងពីរនាក់​ត្រូវ​ប៉ូលិស​អង់គ្លេស​ចាប់ខ្លួន កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ពោលគឺថ្ងៃតែមួយ​ដែល​អាជ្ញាធរអាល្លឺម៉ង់​បានចាប់ឃុំ​ជនជាតិ​អាល្លឺម៉ង់៣នាក់ ដែលគេសង្ស័យថា បាន​លួចបញ្ជូន​ព័ត៌មានស្តីពី​បច្ចេកវិទ្យាជើងទឹក​ទៅ​ឲ្យ​ទីក្រុង​ប៉េកាំង។ នៅថ្ងៃចន្ទដដែល​ ប៉ូលិស​អាល្លឺម៉ង់​ក៏បានចាប់ខ្លួន​ចារបុរស​ចិនម្នាក់ដែរ​បន្លំខ្លួនធ្វើការ​ជំនួយ​ការ​របស់អ្នកតំណាងរាស្រ្តអាល្លឺម៉ង់ នៅសភាអឺរ៉ុប។
 
ករណី​ចាប់ខ្លួនជាបន្តបន្ទាប់ ចារបុរសចិន និងអ្នកដែលលួចយកការណ៍សម្ងាត់​នៅទឹកដីអឺរ៉ុប ទៅលក់​ឲ្យចិន ជាការបញ្ជាក់ក្តីបារម្ភរបស់ប្រទេស​​លោកខាងលិច​ ពីសកម្មភាពធ្វើចារកម្មដ៏កម្រោល​របស់​ចិន។ តាម​អ្នកវិភាគមួយចំនួន ជាមួយ​ការរីកចម្រើនរហូត​ក្លាយជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ចពិភពលោកទី២ និងមាន​សក្តានុពល​​យោធា ចិនក៏​បានអភិវឌ្ឍ ក្លាយខ្លួន​យ៉ាងឆាប់រហ័ស ជាប្រទេសដែលមាន​ភ្នាក់ងារស៊ើបការណ៍សម្ងាត់​ដ៏មានកម្លាំងខ្លាំងក្លា​នៅក្នុង​ពិភពលោក។ នៅទឹកដីអឺរ៉ុប ​ភ្នាក់ងារស៊ើបការណ៍​សម្ងាត់​របស់​ចិន​​បានប្រើគ្រប់មធ្យោបាយដើម្បីមាន​បណ្តាញ​អ្នកលួចយកការណ៍ឲ្យខ្លួន មិនថា អ្នកទាំងនោះជាជនជាតិអឺរ៉ុប ឬអ្នកមានដើមកំណើតចិន។
លោក​Alexandre Papaemmanuelអ្នកជំនាញខាងចារកម្ម​នៅ​ទីក្រុង​ប៉ារីស​បាន​ពន្យល់ថា តាំងពីដើមរៀងមក ចិនបាន​​ជាប់ឈ្មោះថា​ បានជួលមនុស្ស​ឲ្យលួចយក​ព័ត៌មាន​សម្ងាត់ទាក់ទង​នឹង​ធនធាន អាជ្ញាប័ណ្ណ ឬ​យុទ្ធសាស្រ្តរបស់​ក្រុមហ៊ុន​អឺរ៉ុប។ ប៉ុន្តែ អឺរ៉ុប​បានបិទភ្នែក មិនយកចិត្តទុកដាក់។ បើតាមអ្នកជំនាញខាងលើ ម្យ៉ាងអឺរ៉ុប​អាចនៅ​​ឆោតល្ងង់ ដោយ​គិត ជឿទុកចិត្ត​ខ្លាំងពេក​ទៅលើ​សកលភាវូបនីយកម្ម​។
 
ជាក់ស្តែង នៅពេល​សហរដ្ឋអាមេរិក​ចាប់ប្រើ​យុទ្ធសាស្រ្ត​សន្តិសុខសេដ្ឋកិច្ច​ជា​ឧបករណ៍​ដើម្បី​ស្ថិតនៅ​នាំមុខគេ​ក្នុងពិភពលោក សហភាពអឺរ៉ុប​ឯណេះវិញ គ្មាន​បានគិត​គូរ​ដល់យុទ្ធសាស្រ្តអ្វីទាំងអស់។ អឺរ៉ុបនៅតែបន្ត​គោលការណ៍របស់ខ្លួនក្នុងការធ្វើពាណិជ្ជកម្មសេរី និង​ពហុភាគី ដូចជា​នៅបន្ត​​​ចាប់ដៃ​ជាមួយចិន ដោយ​គ្មានបារម្ភពី​ការចូលលួចបង្កប់ខ្លួន​របស់ក្រុមចារកិច្ចចិន។
 
បើតាម​លោក​Paul Charon អ្នកជំនាញប្រទេស​ចិន នៅ​វិទ្យាស្ថានសម្រាប់ស្រាវជ្រាវយុទ្ធសាស្រ្ត​ក្នុង​ទីក្រុង​ប៉ារីស បណ្តាញស៊ើបការណ៍សម្ងាត់ចិន​អាច​បង្កគ្រោះថ្នាក់ដ៏ធំដល់អឺរ៉ុប ដោយ​មើលទៅលើទំហំ និង​តួនាទីដ៏សំខាន់​របស់វា​នៅក្នុងបក្សកុម្មុយនិស្តចិន។ តាមការប៉ាន់ស្មាន​របស់​លោក​Charon ក្រសួងសន្តិសុខ​សាធារណៈ និង​ក្រសួង​សន្តិសុខរដ្ឋ​ចិន​ដែលជា​អ្នកដឹកនាំសកម្មភាពស៊ើបការណ៍សម្ងាត់​​ មានបុគ្គលិកធ្វើការ​ពី ៨ម៉ឺន ទៅ ១សែននាក់។ ប្រភពផ្សេងទៀតវាយតម្លៃថា ក្រសួងសន្តិសុខ​រដ្ឋចិន​តែមួយ មាន​ចារបុរស​ដល់ទៅ​១សែននាក់ ប៉ុន្តែ តួលេខ​ពិតប្រាកដ​នៃ​សមាជិក​ ភ្នាក់ងារ​ស៊ើបការណ៍របស់ចិន អាច​ច្រើនជាងនេះ។
 
គណៈក​ម្មការសភាអង់គ្លេស​ទទួលបន្ទុកផ្នែកស៊ើបការណ៍សម្ងាត់ធ្លាប់​អះអាងថា ចិន​ជាប្រទេស​ដែលមានបណ្តាញស៊ើបការណ៍សម្ងាត់ធំ សំខាន់ជាងគេ​នៅក្នុងពិភពលោក ពោលគឺ​មានប្រៀប មានកម្លាំងខ្លាំង ដែលនឹងធ្វើ​ឲ្យ​ទីភ្នាក់ងារចារកម្ម​អង់គ្លេស​ពិបាក​នឹង​វាយទម្លុះ ចូលទៅយកការណ៍ពីចិន។​
 
​បណ្តាញ​ចារកម្ម​ចិន​នៅតែអាថ៌កំបាំង ពិបាក​ឲ្យគេ​ប៉ាន់ស្មានពីទំហំពិតប្រាកដជារឿងមួយ។ ប៉ុន្តែ បរិបទសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន សង្រ្គាមហ្កាហ្សា និងការប្រយុទ្ធប្រឆាំង​នឹង​អំពើភេរវកម្ម​ដែលជា​លទ្ធផល​នៃចំហាយ​អស្ថិរភាព​នៅ​ដើមបូព៌ា បាន​ធ្វើ​ឲ្យអឺរ៉ុប​ចុះខ្សោយ ខ្វះធនធាន​ដើម្បី​ពង្រឹង​បណ្តាញចារកម្មរបស់ខ្លួន ក៏ដូចជា​កំផែងទប់ស្កាត់​ការវាយប្រហារ​របស់​ក្រុមចោរអ៊ីនធ័រណិត និងក្រុមចារកិច្ច​ចិន ដែល​ចូលលួចយកការណ៍គ្រប់រឿង មិនថារឿងសន្តិសុខ យុទ្ធសាស្រ្ត​យោធា ឬ​បច្ចេកវិទ្យាសេដ្ឋកិច្ច៕
 

© រក្សាសិទ្ធិដោយ thmeythmey.com