ជាតិ
ប្រើពេលជាង៣ខែ សមត្ថកិច្ចក្របួចមនុស្ស៦នាក់ និង​រឹបអូសគ្រឿងញៀនជិត២០០គីឡូក្រាម
29, Apr 2024 , 10:59 am        
រូបភាព
សមត្ថកិច្ច ឃាត់ខ្លួនមនុស្ស ៦ នាក់ និង​រឹបអូសគ្រឿងញៀន ជិត ២០០ គីឡូក្រាម។ សមត្ថកិច្ចប្រើពេលស៊ើបអង្កេតជាង៣ខែ លើករណីនេះ។ រូបពីហ្វេសប៊ុកមន្ទីរប្រឆាំងគ្រឿងញៀន។
សមត្ថកិច្ច ឃាត់ខ្លួនមនុស្ស ៦ នាក់ និង​រឹបអូសគ្រឿងញៀន ជិត ២០០ គីឡូក្រាម។ សមត្ថកិច្ចប្រើពេលស៊ើបអង្កេតជាង៣ខែ លើករណីនេះ។ រូបពីហ្វេសប៊ុកមន្ទីរប្រឆាំងគ្រឿងញៀន។
ដោយ៖ ញ៉ សុខហឿន 

ភ្នំពេញ៖ មនុស្ស៦នាក់ ត្រូវបានឃាត់ខ្លួន ជាមួយគ្រឿងញៀនជិត២០០គីឡូក្រាម ព្រមទាំងទ្រព្យសម្បត្តិ និងទឹកប្រាក់ប្រមាណ៣០ម៉ឺនដុល្លារ។ នេះបើតាមមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ។



សម្រាប់ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន និងនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះស្រាវ​ជ្រាវស៊ើបអង្កេតជាង៣ខែ រហូតឈានទៅបង្ក្រាបករណីជាក់ស្តែង ដែលកំពុងធ្វើសកម្មភាពជួញដូរ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅ៥ទីតាំងផ្សេងៗគ្នា។
 
ការចុះបង្ក្រាបនេះ ​ចាប់បានគ្រឿងញៀនមេតំហ្វេតាមីនទម្ងន់ ១៥៨គីឡូក្រាម និង២៤ក្រាម, កេតាមីន ទម្ងន់ ២២គីឡូក្រាម និង៦៨៤ក្រាម , ហេរ៉ូអ៊ីន ទម្ងន់៧គីឡូក្រាម និង៤៣៤ក្រាម ។ សរុបគ្រឿងញៀនទាំងនេះ មានទម្ងន់ ១៨៨គីឡូក្រាម ១៤២ក្រាម។
  
គ្រឿងញៀនជិត២០០គីឡូក្រាម ដែលសមត្ថកិច្ចរឹបអូសបាន។ រូបភាព៖ ហ្វេសប៊ុកមន្ទីរប្រឆាំងគ្រឿងញៀន។

កងកម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យ៦នាក់ រួមមាន លី ប៊ុនមីន ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៧១ ជាមេខ្លោង ហើយក៏មានដីកាបង្គាប់ឲ្យចាប់ខ្លួន ឈ្មោះ ប៊ុន ណាវី ភេទស្រី ជនជាតិខ្មែរ , លី មីង ភេទប្រុស ជនជាតិខ្មែរ , ប៊ុន ម៉ាលីស ភេទស្រី ជនជាតិខ្មែរ , ស៊ុយ ឆេងឡាង ភេទស្រី ជនជាតិខ្មែរ , កេះ ស្រីពេញ ភេទស្រី ជនជាតិខ្មែរ។ ទីតាំងដែលចុះបង្រ្កាបនោះ នៅក្នុងបន្ទប់ខុន និងគេហដ្ឋានជនល្មើស ក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ។
 
ជាមួយគ្នានេះ សមត្ថកិច្ចក៏ចាប់យកទ្រព្យសម្បត្តិ ដែលសង្ស័យជាផលកើតចេញពីបទល្មើសគ្រឿងញៀន មានទឹកប្រាក់ចំនួន ៣០ម៉ឺនដុល្លារអាម៉េរិក, អចលនទ្រព្យ, រថយន្ត ,គណនីធនាគារ តម្លៃរាប់លានដុល្លារអាម៉េរិក។​

គ្រឿងញឿនជិត២០០គីឡូក្រាម ដែលសមត្ថកិច្ចរឹបអូសបាន។ រូបភាព៖ ហ្វេសប៊ុកមន្ទីរប្រឆាំងគ្រឿងញៀន។

មន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូន​ជនសង្ស័យ ​សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
 
សូមរំលឹកថា ៣ខែដើមឆ្នាំ២០២៤ មន្ត្រីប្រឆាំងគ្រឿងញៀនកម្ពុជា បង្ក្រាបបានបទល្មើសគ្រឿងញៀនជិត ១៨១ករណី ឃាត់ខ្លួនជនសង្ស័យបានជាង ៥៤៨នាក់ និងរឹបអូសគ្រឿងញៀនបានជិត២តោន។ នេះជាការលើកឡើងរបស់ មន្ត្រីប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ និងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំត្រីមាសទី១ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤៕
 

© រក្សាសិទ្ធិដោយ thmeythmey.com