សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ហុងកុងសង់ផ្ទះបណ្តោះអាសន្ន និងអគារស្នាក់នៅរួមសម្រាប់អ្នករង់ចាំទិញផ្ទះល្វែង
29, Apr 2024 , 11:29 am        
រូបភាព
អគារស្នាក់នៅទីក្រុងហុងកុង។ រូបភាព ៖ Xinhua
អគារស្នាក់នៅទីក្រុងហុងកុង។ រូបភាព ៖ Xinhua
ហុងកុងបានសាងសង់អគារស្នាក់នៅរួម និងផ្ទះបណ្ដោះអាសន្នបន្ថែមទៀត ដើម្បីផ្តល់កន្លែងស្នាក់នៅសម្រាប់យុវជនដែលត្រូវការពេលវេលាសន្សំប្រាក់ ឬគ្រួសាររង់ចាំទិញលំនៅដ្ឋានសង្គម។

 
ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៤ ហុងកុងបានសង់អាផាតមិនបណ្តោះអាសន្នចំនួន ១៧ ០០០យូនីត ដោយរំពឹងនឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០២៥។ នេះជាបណ្តុំអគារលំនៅដ្ឋានបណ្តោះអាសន្នដំបូងក្រោមកម្មវិធី Light Public Housing (LPH) ដែលប្រកាសដោយរដ្ឋាភិបាលហុងកុងតាំងពីឆ្នាំ២០២២។
 
គម្រោង Light Public Housing ជាគម្រោងផ្ទះល្វែងសង្គមខ្នាតធំមួយ សម្រាប់បម្រើដល់អតិថិជនដែលមានឈ្មោះក្នុងបញ្ជីរង់ចាំទិញលំនៅដ្ឋានសង្គម សម្រាប់រយៈពេល៣ឆ្នាំ ឬលើស ពីនេះ ដោយផ្តល់អាទិភាពដល់អ្នកដែលមានគ្រួសារ។ បច្ចុប្បន្ននេះ ការផ្គត់ផ្គង់ផ្ទះមិនគ្រប់គ្រាន់ទេ ដោយជាមធ្យមអ្នកចុះឈ្មោះទិញលំនៅដ្ឋានសង្គម ត្រូវរង់ចាំជិត៦ឆ្នាំ។
 
គោលដៅរបស់ហុងកុង គឺសាងសង់ផ្ទះ LPH ប្រហែល ៣០ ០០០យូនីត នៅឆ្នាំ២០២៨។ ចំណែកលំនៅដ្ឋានបណ្តោះអាសន្ននេះ ត្រូវបានសាងសង់ឡើង ក្នុងទម្រង់ជាអាផាតមិនដែលមានកម្ពស់ទាបៗ។ 
 
អ្នកដែលរង់ចាំទិញផ្ទះប្រភេទ LPH អាចរស់នៅក្នុងអាផាតមិនបណ្តោះអាសន្នទាំងនេះ បានរយៈពេល២ឆ្នាំ ដោយជួលក្រោមតម្លៃទីផ្សារ។ រដ្ឋាភិបាលហុងកុង ប៉ាន់ប្រមាណថា តម្លៃនៃការថែទាំ ការសម្អាត និងគ្រឿងបរិក្ខារផ្សេងទៀតសម្រាប់អាផាតមិនបណ្តោះអាសន្ននីមួយៗ មានតម្លៃរួមប្រហែល ១២៨ដុល្លារក្នុងមួយខែ។ ការចំណាយប៉ាន់ស្មានសរុប នៃការគ្រប់គ្រងអាផាតមិន ៣០ ០០០យូនីត គឺមានតម្លៃជិត ៥៦២លានដុល្លារ។
 
ក្រៅពីផ្ទះសង្គម LPH កាលពីឆ្នាំមុន តំបន់រដ្ឋបាលពិសេសហុងកុង ក៏បានអនុវត្តកម្មវិធីសង់ផ្ទះគុណភាពល្អ និងតម្លៃសមរម្យសម្រាប់យុវជន ក្នុងទម្រង់ជាអគារស្នាក់នៅរួម។
 
លោក Morgan Chan អាយុ ២៦ឆ្នាំ សុបិនចង់មានផ្ទះផ្ទាល់ខ្លួន ប៉ុន្តែតម្លៃអចលនទ្រព្យខ្ពស់កប់ពពក បង្ខំឱ្យលោកជ្រើសរើសរស់នៅក្នុងផ្ទះប្រភេទអគារស្នាក់នៅរួមនេះ។ លោកចំណាយប្រហែល ៤៤៧ដុល្លារក្នុងមួយខែ សម្រាប់បន្ទប់អគារស្នាក់នៅរួម ដែលប្រើប្រាស់សម្ភាររួមជាមួយអ្នករស់ជាប់បន្ទប់ ។
 
លោក Chan អាចរស់នៅក្នុងអគារស្នាក់នៅរួមនេះរហូតដល់ ៥ឆ្នាំ ដើម្បីសន្សំលុយទិញផ្ទះ។ យ៉ាងណាមិញ​ លោក Chan នៅតែបារម្ភពី​លទ្ធភាព​នៃការទិញផ្ទះ។ លោកបាននិយាយថា ៖« តើការសន្សំរយៈពេល ៥ឆ្នាំ គ្រប់គ្រាន់ដើម្បីទិញផ្ទះដែលមានស្ថិរភាពនៅក្នុងទីក្រុងហុងកុងដែរឬទេ?»។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។ 
 
ក្នុងពេលបច្ចុប្បន្ន ការដែលចង់​មាន​ផ្ទះ​នៅ​ហុងកុង ​គឺជារឿង​ពិបាក​ណាស់​សម្រាប់​យុវវ័យ។ អ្នកស្រី Zerlina Zeng ទទួលបន្ទុកទីផ្សារអាស៊ីបូព៌ា នៅក្រុមហ៊ុនស្រាវជ្រាវហិរញ្ញវត្ថុ CreditSights បានបញ្ជាក់ថា ទោះបីជាមានការអន្តរាគមន៍ពីរដ្ឋាភិបាលក៏ដោយ តម្លៃលំនៅដ្ឋាន នៅតែមិនអាចទទួលយកបានសម្រាប់ប្រជាជនហុងកុងវ័យក្មេង។
 
តម្លៃអចលនទ្រព្យខ្ពស់ ជាឧបសគ្គធំសម្រាប់មនុស្សជាច្រើន។ បើតាមផលធៀបតម្លៃផ្ទះទៅនឹងប្រាក់ចំណូល (HPR)ប្រចាំឆ្នាំ ២០២៤ របស់វេបសាយទិន្នន័យ Numbeo តម្លៃផ្ទះជាមធ្យមនៅហុងកុងគឺ ៣២,១ដង នៃប្រាក់ចំណូលប្រចាំឆ្នាំ។
 
កាលពីខែកុម្ភៈ រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង បានលុបចោលពន្ធលើប្រតិបត្តិការអចលនទ្រព្យទាំងអស់ ដើម្បីជំរុញទីផ្សារលំនៅដ្ឋាន។ ការផ្លាស់ប្តូរនេះ បានធ្វើឱ្យតម្លៃផ្ទះធ្លាក់ចុះ ប៉ុន្តែអ្នកទិញមានការស្ទាក់ស្ទើរ ដោយសារតែអត្រាការប្រាក់ខ្ពស់។
 
ដូច្នេះ ប្រជាជនហុងកុងជាង ២១៤ ០០០នាក់ នៅតែរស់នៅក្នុងផ្ទះចង្អៀត ដែលមានទំហំ ២ម៉ែត្រការ៉េ។ អ្នកស្រី Sophie Li អាយុ ៣២ឆ្នាំ រកចំណូលបាន ២ ៥៥៥ដុល្លារ ហើយរស់នៅក្នុងអាផាតមិនតូចចង្អៀតមួយកន្លែង ដោយជួល ៦៧៧ដុល្លារក្នុងមួយខែ។ 
 
លោកស្រី Li បាននិយាយថា ៖«ខ្ញុំប្រហែលជាមិនអាចទិញអាផាតមិននៅហុងកុងបានទេ ក្នុងជីវិតនេះ»។ លោកស្រីបន្តថា នឹងត្រូវចំណាយអស់ ៥១ម៉ឺនដុល្លារ សម្រាប់អាផាតមិនទំហំ ២៨ម៉ែត្រការ៉េ៕ 

Tag:
 ផ្ទះល្វែង
  ហុងកុង​
  អគារស្នាក់នៅរួម
© រក្សាសិទ្ធិដោយ thmeythmey.com