ជាតិ
វីដេអូ
ទឹកដូងត្រជាក់ៗ ពេញនិយមខ្លាំងពេលអាកាសធាតុក្ដៅ
29, Apr 2024 , 4:39 pm        
រូបភាព
ភ្នំពេញ៖ អាកាសធាតុកាន់តែក្តៅ អ្នកលក់ផ្លែដូងកាន់តែលក់ដាច់។ លោក ជួប សារី អ្នកលក់ដូងនៅរាជធានីភ្នំពេញ លើកឡើងថា មិនថាមេឃក្ដៅ ឬត្រជាក់ ទឹកដូងនៅតែពេញនិយម ប៉ុន្តែមេឃកាន់តែក្ដៅ ធ្វើឱ្យអ្នកលក់ដូង លក់កាន់តែដាច់។  អាជីវករលក់ដូង សប្បាយចិត្ត  ព្រោះលក់ដាច់ជាងខែវស្សា។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាង ទស្សនាបទសម្ភាសដែលរៀបចំជូនដោយ កញ្ញា សែម ប្រាក់ដាវ នៃសារព័ត៌មានថ្មីៗ២៥ ដូចតទៅ៖ 



មុខរបរលក់ដូងរបស់លោក ជួប សារី  មើលទៅមិនធំនោះទេ ប៉ុន្តែរបរមួយនេះ អាចផ្ដល់ចំណូលជាប្រចាំ ដោយមិនសូវប្រើកម្លាំងនោះឡើយ។ បុរសវ័យ៥២ឆ្នាំរូបនេះ  លក់ដូងបានប្រមាណ ១០០ផ្លែក្នុងមួយថ្ងៃនារដូវក្ដៅ។ កំពុងឈរកាប់ដូងជូនអតិជន លោក សារី  បានបញ្ជាក់ថា គិតត្រឹមម៉ោង៤រសៀលនេះ លោកលក់ដូងដាច់ប្រមាណ៩០ផ្លែ ដោយ ​មួយផ្លែៗ លោកអាចលក់បានតម្លៃ ​បពី ៣ ០០០រៀល ទៅ៣ ៥០០រៀល។
 
ជាធម្មតា លោក សារី អាចរកចំណេញពី៦ទៅ៧ម៉ឺនក្នុងមួយថ្ងៃ។ អ្នកលក់ដូងរូបនេះ បន្តថា៖ «រដូវក្ដៅជាឱកាសមួយ ដែល លោក​អាចលក់ផ្លែដូងដាច់ខ្លាំង និងបានឆាប់ត្រឡប់ទៅផ្ទះវិញ។ ជាធម្មតាលក់ផ្លែដូងអស់៥០ផ្លែតែប៉ុណ្ណោះ ប៉ុន្តែនារដូវក្ដៅមកដល់លក់ដូងបានប្រមាណ១០០ផ្លែ»។ ទន្ទឹមនឹងនោះ លោក សារី បានត្រៀមដូងទុកប្រមាណ១៥០ផ្លែ ទៅ២០០ផ្លែ សម្រាប់លក់នាដូវក្ដៅនេះ។  
 
ជាមួយគ្នានេះ លោក សារី ក៏បានណែនាំថា ដូងដែលផ្អែមគឺដូងក្រអូបរបស់អ្នកខេត្តកំពត។  លោក សារី ស្គាល់ពីដូងយ៉ាងច្បាស់ ដោយសារលោកប្រកបមុខរបរលក់ដូងជាង១០ឆ្នាំទៅហើយ។ បុរសវ័យ ៥២ឆ្នាំរូបនេះ លក់ដូងពីម៉ោង ៦ព្រឹក ដល់ម៉ោង ៨យប់។ លោក ជួប សារី មិនចង់ដូររបរឡើយ ដោយការលក់ដូរតាមដងផ្លូវចល័ត បានផ្តល់ប្រាក់ចំណូលគួរសមដល់លោក និង បានធ្វើឱ្យជីវភាពគ្រួសាររបស់លោកប្រសើរជាងមុន៕

Tag:
 អ្នកលក់ដូង
© រក្សាសិទ្ធិដោយ thmeythmey.com