ជាតិ
ជប៉ុន ផ្តល់គ្រឿងឥស្សរិយយសនិទាឃរដូវឆ្នាំ២០២៤ ដល់លោក អ៊ុម រម្យណី អតីតនាយកសាលាតិចណូ
29, Apr 2024 , 5:19 pm        
រូបភាព
លោក អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ​ក្នុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីអប់រំអាស៊ានលើកទី១២ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសរៀតណាម។ (រូបភាព៖ហ្វេសប៊ុកក្រសួងអប់រំ)
លោក អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ​ក្នុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីអប់រំអាស៊ានលើកទី១២ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសរៀតណាម។ (រូបភាព៖ហ្វេសប៊ុកក្រសួងអប់រំ)
រាជរដ្ឋាភិបាលជប៉ុន ផ្តល់គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២៤ ដល់លោក អ៊ុម រម្យណី ​ជារដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា និងជាអតីតនាយកវិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន ចុះផ្សាយ​នៅ​ថ្ងៃទី២៩ ខែមេសានេះ។

 
បើតាមស្ថានទូតជប៉ុន គ្រឿងឥស្សរិយយស The Order of the Rising Sun, Gold Rays with Neck Ribbon ជាការទទួលស្គាល់ការរួមចំណែក របស់លោក អ៊ុម រម្យណី  ក្នុង​ការ​លើក​កម្ពស់ការផ្លាស់ប្តូរការសិក្សា និងការយល់ដឹងពីគ្នាទៅវិញទៅមករវាង ប្រទេសជប៉ុន និងព្រះ​កម្ពុជា។ ពិធីប្រគល់គ្រឿងឥស្សរិយយស នឹងរៀបចំឡើងនាពេលខាងមុខ។
 
ស្ថានទូតជប៉ុន បញ្ជាក់ថា ទីស្តីការគណៈរដ្ឋមន្ត្រីរដ្ឋាភិបាលជប៉ុន ​ប្រកាសឈ្មោះ​បុគ្គល​ឆ្នើម ដែលត្រូវទទួលគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២៤ នៅថ្ងៃទី២៩ មេសា​នេះ។   
«គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២៤ (ត្រូវ)ផ្តល់ជូនដល់បុគ្គលឆ្នើមដើម្បី ទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលទាំងនេះ ក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោរបស់របស់បុគ្គលទាំងនេះ ក្នុងវិស័យនានាក្នុងសង្គម។»។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន បញ្ជាក់ដូច្នេះ។  
 
 
 

Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com