ជាតិ
កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីថ្ងៃទី៤-៦ឧសភា
04, May 2024 , 3:19 pm        
រូបភាព
ទិដ្ឋភាពក្រោយភ្លៀងធ្លាក់ ចំណុចប្រឡាយបឹងត្របែក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤។
ទិដ្ឋភាពក្រោយភ្លៀងធ្លាក់ ចំណុចប្រឡាយបឹងត្របែក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤។
កម្ពុជា នឹងមានភ្លៀងធ្លាក់គ្រប់តំបន់ លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៤ឧសភានេះ។

 
ក្រសួងធនធានទឹក បញ្ជាក់ទៀតថា នៅក្នុងរយៈពេល៣ថ្ងៃដដែលនេះ នៅតំបន់វាលទំនាប ក៏មានខ្យល់បក់មកពីទិសអាគ្នេយ៍ និងនិរតី មានល្បឿនមធ្យម ២,៥ម៉ែត្រ ក្នុងមួយវិនាទី និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៤ភាគរយ នៃផ្ទៃដីសរុបក្នុងតំបន់នេះ។ ចំពោះសីតុណ្ហភាពអប្បបរមា២៦អង្សា និងអតិបរមា៣៨អង្សា។
 
ចំណែកតំបន់ខ្ពស់រាបវិញ ខ្យល់បក់មកពីទិសបស្ចិម និងនិរតី មានល្បឿនមធ្យម ២,៥ម៉ែត្រក្នុងមួយវិនាទី និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០ភាគរយ។សីតុណ្ហភាព អប្បបរមានៅតំបន់នេះគឺ២៦អង្សា និងអតិបរមា៣៩អង្សា។ នេះបើតាមក្រសួងធនធានទឹក ដែលបានឱ្យដឹងទៀតថា នៅតំបន់មាត់សមុទ្រ គឺខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម២.៥ម៉ែត្រ ក្នុងមួយវិនាទី និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០ភាគរយ។
 
រលកសមុទ្រវិញ មានកម្ពស់មធ្យមអប្បបរមា ០,៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥ម៉ែត្រ។ ឯសីតុណ្ភភាពអប្បបរមា២៦អង្សា និងអតិបរមា៣៩អង្សា។ 
គួររំលឹកដែរថា នៅក្នុងរដូវប្រាំងឆ្នាំ២០២៤នេះ កម្ពុជាបានជួបប្រឈមនឹងអាកាសធាតុក្តៅខ្លាំងក្នុងរង្វង់ ៤០-៤២អង្សា ដែលបានអូសបន្លាយរយៈពេលយូរ ពុំធ្លាប់មាន។ ទូទាំងប្រទេស ស្ទើរតែគ្មានភ្លៀងកក់ខែទាល់តែសោះ។ រហូតដល់ដើមរដូវវស្សានេះ ពោលគីនៅថ្ងៃទី៣ និងទី៤ ខែឧសភានេះប៉ុណ្ណោះ ទើបរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន មានភ្លៀងធ្លាក់ ខណៈ ខេត្ត និងតំបន់មួយចំនួន ពុំទាន់មានភ្លៀងធ្លាក់នៅឡើយ៕
 

Tag:
 អាកាសធាតុ
  ភ្លៀងធ្លាក់
© រក្សាសិទ្ធិដោយ thmeythmey.com