ជាតិ
ជួប សម្លាប់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត ក្នុងរឿងឃាតកម្មលោក កែម ឡី
× ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយឲ្យលោក អឿត អាង ហៅជួប សម្លាប់ ជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងអំពើឃាតកម្មលើលោក កែម ឡី។ លោក ជួប សម្លាប់ ត្រូវបានចោទពីបទ «ឃាតកម្មគិតទុកជាមុន និងការកាន់កាប់អាវុធខុសច្បាប់»។ នេះជាការបញ្ជាក់របស់លោក យុង ផានិត មេធាវីរបស់លោក ជួប សម្លាប់ ដែលបានប្រាប់សារព័ត៌មានថ្មីៗ។
លោក យុង ផានិត ក្នុងនាមជាមេធាវី មានការសោកស្តាយ ដែលចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យលោក ជួប សម្លាប់ ជាប់ពន្ធនាគារអស់មួយជីវិតបែបនេះ។ លោក សង្កត់ធ្ងន់ថា ចៅក្រម គួរតែសម្រាលទោសកំហុសដល់លោក ជួប សម្លាប់ខ្លះ។
លោកមេធាវីរូបនេះ និយាយដូច្នេះថា៖«កន្លងមក ខ្ញុំ ក៏ធ្លាប់ស្នើសុំដែរ ព្រោះបើយើង មើលទៅ គាត់ (ជួប សម្លាប់) គួរតែទទួលបានការសម្រាលទោស»។
លោក យុង ផានិត ប្រាប់ថា លោក នឹងទៅជួបកូនក្តីរបស់ខ្លួន ដើម្បីសួរថា ប្តឹងឧទ្ធរណ៍ ឬយ៉ាងណា។ លោក យុង ផានិត បន្ថែមទៀតថា លោក នឹង
ប្តឹងទៅកាន់សាលាឧទ្ធរណ៍ ដើម្បីប្រឆាំងនឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ប្រសិនបើលោក ជួប សម្លាប់ យល់ព្រម។
សូមបញ្ជាក់ថា លោក កែម ឡី ត្រូវបានបាញ់សម្លាប់នៅក្នុងស្តាម៉ាតមួយកន្លែង ស្ថិតនៅម្តុំស្តុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយឃាតកម្មនេះកើតឡើង សមត្ថកិច្ចក៏បានឃាត់ខ្លួន លោក ជួប សម្លាប់ ក្នុងថ្ងៃនោះតែម្តង៕
© រក្សាសិទ្ធិដោយ thmeythmey.com