ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
រវាង «​លស់​» «​លួស​» និង «​លោះ​» មាន​អត្ថន័យ​ខុសគ្នា​ដូចម្តេច​?
21, Mar 2024 , 7:29 am        
រូបភាព
​ជាការ​ពិតណាស់​ដោយសា​រ​ពាក្យពេចន៍ អក្សរ​ខ្មែរ​មាន​ពាក្យ​ច្រើន ដែល​បញ្ចេញ​សំឡេង​ដូចគ្នា ដូចជា​ពាក្យ «​លស់​»,«​លួស​» និង «​លោះ​»​។ ពាក្យ​ទាំង​៣​នេះ ដែល​សាធារណជន​ភាគច្រើន​យល់​ខុស មិនដឹងថា ពាក្យ​ណា ប្រើ​ក្នុងន័យ​ណាមួយ​នោះឡើយ​។ តាម​វចនានុក្រម សម្តេចព្រះ​ស​ង្ឍ​រាជ ជួន ណាត ពាក្យ «​លស់​» «​លួស​» និង «​លោះ​»​មាន​អត្ថន័យ​ខុសគ្នា ហើយ​ការប្រើប្រាស់​ក៏​ខុសគ្នា​ដែរ​។


 
​ពាក្យ «​លស់​» ជា​(​កិ​) មានន័យថា ធ្វើ​ឲ្យ​រលស់ គឺ​បន្ថយ​ចំនួន ឬ​ធ្វើ​ឲ្យ​តិច​ចុះ មិន​ឲ្យ​នៅតាម​ចំនួន​ដើម : ក្នុង​ចំនួន ១០ លស់​៣​ចេញ នៅសល់​៧ ។ រំលង​៖​គ្រុន​លស់ គ្រុន​រំលង​ថ្ងៃ គឺ​គ្រុន​មួយថ្ងៃ​ខាន​មួយថ្ងៃ ។ លស់ចោល រំលង​ចោល​ខ្លះ​។ ដើរ​លស់​ជំហាន ដើរ​រំលង​លំដាប់​ជំហាន គឺ​ឈាន​វែង​ខ្លះ​ខ្លី​ខ្លះ ចម្រុះ​គ្នា ។​ល​។ 

​ចំណែកឯ​ពាក្យ «​លួស​» ជា​(​កិ​) មានន័យថា កាត់​, ច្រាស់ ទ្រួសៗ ឲ្យ​ដាច់​មែក​តូចៗ​ឬ​សំបក​រាក់ៗ​ជាដើម : លួសមែកឈើ​, លួសរនាប​, លួសអំពៅ​។ ឧទាហរណ៍​៖ ក្នុងចំណោម​ដើមឈើ​ដប់​ដើម លួស​ចេញ​មួយ​ដើម នៅសល់តែ​៩ ដើម (​ដើមឈើ​មាន​ដប់​ដើម កាប់​មួយ​ដើម នៅសល់តែ​៩ ដើម​)​។  «​លួស​» ជា​(​នាម​) មានន័យថា ខ្សែ​ធ្វើ​ដោយ​លោហធាតុ​ផ្សេងៗ ឬ​ធ្វើ​ដោយ​ប្រាក់​, មាស : លួសស្ពាន់​, លួសទង់ដែង​, លួសសំណ​, លួសប្រាក់​, លួសមាស ។ 

​ទី​៣ ពាក្យ «​លោះ​» មានន័យថា ចេញថ្លៃ​យក​របស់​ដែល​បញ្ចាំ​ឬ​យក​មនុស្ស​មក​ធ្វើជា​ទាសៈ ឬ​ទាសី​។  ឧទាហរណ៍​៖ ការ​លោះ​យក​ខ្សែដៃ​មកវិញ ដោយបាន​បញ្ចាំ​ក្នុងតម្លៃ ហុកសិប​ម៉ឺន​រៀល​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com