ក្រុមហ៊ុនរថយន្តជប៉ុនហុងដាប្រកាសបិទរោងចក្ររបស់ខ្លួននៅចក្រភពអង់គ្លេសឆ្នាំ ២០២១ ខាងមុខ ហើយមនុស្ស ៣៥០០នាក់ស្ថិតក្រោមគ្រោះថ្នាក់ដោយសារបាត់បង់ការងារ។ ក្រុមហ៊ុនរថយន្តធំៗផ្សេងទៀតបានព្រមានពីផលប៉ះពាល់ជាពិសេសហានិភ័យនៃការបាត់បង់ការងារដោយសារអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបនោះ។ តំណាងចក្រភពអង់គ្លេសអះអាងថាការសម្រេចបិទរោងចក្រនេះមិនពាក់ព័ន្ធនឹងការចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេសឡើយ។
ការប្រកាសពីការបិទរោងចក្រផលិតរថយន្តរបស់ខ្លួននៅក្រុង Swindon ត្រូវប្រកាសឡើងដោយក្រុមហ៊ុនផលិតរថយន្តហុងដានៅថ្ងៃអង្គារទី ១៩ខែកុម្ភៈនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sky News។
ការបិទរោងចក្ររថយន្តហុងដានេះនឹងត្រូវចាប់ផ្តើមជាផ្លូវការនៅឆ្នាំ ២០២១ ហើយអ្នករងផលប៉ះពាល់ដោយបាត់បង់ការងារមានប្រហែល ៣៥០០នាក់ឯណោះ។ ក្រុមហ៊ុនរថយន្តផ្សេងទៀតដូចជា នីសាន់, Land Rover និង Ford បានព្រមានជាមុនថា ការបាត់បង់ការងារនេះនឹងមានកាន់តែច្រើន ស្របពេលដែលអង់គ្លេសត្រៀមដើរចេញពីសហភាពអឺរ៉ុប (Brexit) នៅត្រឹមខែមីនាខាងមុខនេះ។
ក្រុមហ៊ុននីសាន់ ក៏បានសម្រេចលុបចោលគម្រោងក្នុងការសាងសង់រោងចក្រផលិតរថយន្តប្រភេទ X-Trail SUV នៅអង់គ្លេសដែរ ដោយលើកហេតុផលភាពមិនច្បាស់លាស់នៃការចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេសជាសម្អាងជាពិសេសការចាកចេញដោយគ្មានកិច្ចព្រមព្រៀងត្រឹមថ្ងៃ ២៩ ខែមីនា។
តាមពិតទៅរោងចក្រផលិតរថយន្តហុងដានៅ Swindon ជារោងចក្រតែមួយគត់របស់ក្រុមហ៊ុនយក្សរបស់ជប៉ុននេះប្រចាំតំបន់អឺរ៉ុប ហើយរោងចក្រនេះបានបើកទ្វារអស់រយៈពេលលើស ២៤ឆ្នាំទៅហើយ និងបានផលិតរថយន្តប្រហែល ១៥ម៉ឺនគ្រឿងរៀងរាល់ឆ្នាំ។
យ៉ាងណាក៏ដោយ តំណាងរាស្ត្រអង់គ្លេសប្រចាំតំបន់ Justin Tomlinson បានអះអាងថា ការសម្រេចរបស់ហុងដា មិនពាក់ព័ន្ធសោះជាមួយការចាកចេញពីសហភាពអឺរ៉ុប ហើយហុងដានឹងរក្សាទុកទីស្នាក់ការរបស់ខ្លួនប្រចាំអឺរ៉ុបនៅ Bracknell ដដែល។
«ខ្ញុំបាននិយាយជាមួយតំណាងក្រុមហ៊ុនហុងដាហើយ។ គេបញ្ជាក់ច្បាស់ថា ការសម្រេចចិត្តនេះមិនមែនដោយសារការចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេសទេ តែវាជាផ្អែកចរន្តសកលតែម្តង។ ហុងដាចង់ប្រមូលផ្តុំការផលិតរថយន្តសម្រាប់ផ្គត់ផ្គង់ទីផ្សារអឺរ៉ុបនៅជប៉ុនវិញ។
យ៉ាងណាក៏ដោយចុះក្រុមហ៊ុនហុងដានឹងមិនប្រកាសពីការបាត់បង់ការងាររបស់បុគ្គលិខបម្រើការងារនៅរោងចក្ររបស់ខ្លួនរហូតដល់ ឆ្នាំ ២០២១ បើតាមការបញ្ជាក់របស់តំណាងរាស្ត្រខាងលើ។ ចំណែកខាងក្រុមហ៊ុនហុងដាមិនបានផ្តល់មតិយោបល់អ្វីឡើយជុំវិញការសម្រេចចិត្ត ប៉ុន្តែបញ្ជាក់ថា ខ្លួននឹងទទួលខុសត្រូវចំពោះអ្នកធ្វើការងារយ៉ាងប្រុងប្រយ័ត្នបំផុតដែរ។
ទីភ្នាក់ងារព័ត៌មាន AFP បានសាកសួរបុគ្គលិកបម្រើការងារនៅរោងចក្រផលិតរថយន្តហុងដាជុំវិញព័ត៌មាននេះ ហើយបុគ្គលិកទាំងនោះបង្ហាញអារម្មណ៍សោកស្តាយនិងក្រៀមក្រំដែលរោងចក្រត្រូវបិទទ្វារ។
បុគ្គលិកផ្នែកហិរញ្ញវត្ថុ Sue Davis វ័យ ៤៩ឆ្នាំបានប្រាប់ AFP ថា ការឈានទៅបិទរោងចក្រនេះជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុតសម្រាប់លោកស្រី។ «ខ្ញុំគិតថា ក្រុង Swindon គឺចប់តែម្តងដោយគ្មានរោងចក្រក្រុមហ៊ុនហុងដា។ អតីតស្វាមីតខ្ញុំធ្វើការងារនៅទីនេះ ២០ឆ្នាំហើយ។ គាត់នឹងគ្មានការងារធ្វើឡើយនៅពេលខាងមុខ។ដូច្នេះហើយខ្ញុំគិតថា វាជារឿងអាក្រក់បំផុតមួយ»។