អន្តរជាតិ
UN ត្រូវការ​ជំនួយ​ជាង ៩០០ លាន​ដុល្លារ ដើម្បី​សង្គ្រោះ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​
19, Feb 2019 , 9:39 pm        
រូបភាព
ដោយ:
​ភាព​រាំងស្ទះ នៃ​ការផ្តល់​ដំណោះស្រាយ​សមស្រប​សម្រាប់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​រាប់សិប​ម៉ឺន​នាក់​របស់​ភាគី​ពាក់ព័ន្ធ ជាពិសេស​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ផ្ទាល់ កំពុងតែ​បង្ក​ជា​ផល​លំបាក​សម្រាប់​ការរស់នៅ​របស់​ជនភៀសខ្លួន​។ តាម​ការវាយតម្លៃ​រប​ស់​ភ្នាក់ងារ​ជំនាញ​អង្គការសហប្រជាជាតិ ក្នុង​ឆ្នាំ​២០១៩​នេះ ជនភៀសខ្លួន ត្រូវការ​ជំនួយ​ជិត​មួយ​ពាន់​លាន​ដុល្លារ ដើម្បី​ស្រោចស្រង់​ការរស់នៅ​របស់​ពួកគេ​។​

 
​តាមរយៈ​សេចក្តីថ្លែងការណ៍ ស្តីពី​ផែនការ​ឆ្លើយតប​រួម​សម្រាប់​វិបត្តិ​មនុស្សជាតិ​រ៉ូ​ហ៊ីង​យ៉ា​ឆ្នាំ​២០១៩ អង្គការសហប្រជាជាតិ និង​ដៃគូ​ពាក់ព័ន្ធ បាន​អំពាវនាវ​រក​ជំនួយ ៩២០ លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​ជនភៀសខ្លួន​ជាង ៩០ ម៉ឺន​នាក់ មកពី​មី​យ៉ាន់​ម៉ា និង ៣៣ ម៉ឺន​នាក់​ផ្សេងទៀត ដែល​អ្នក​ជួយ​ផ្គត់ផ្គង់​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ UN News Center នៅ​ថ្ងៃ​១៥ កុម្ភៈ​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ប្រធាន​នៃ​ឧ​ត្ត​ម​ស្នងការ​ជាន់ខ្ពស់​អង្គការសហប្រជាជាតិ​សម្រាប់​ជនភៀសខ្លួន​លោក Filippo Grandi បាន​ពន្យល់ថា ជំនួយ​មនុស្សធម៌​ដែល​កំពុង​ត្រូវការ​បច្ចុបន្ន គឺ​ដើម្បី​សង្គ្រោះ​ស្ថានភាព​រស់នៅ​របស់​ជន​ភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា និង​ប្រជាជន​បង់​ក្លា​ដែ​ស ដែល​អ្នកផ្តល់​កន្លែង​ស្នាក់នៅ​បណ្តោះ​អាណត្តិ​។ 
 
​លោក Filippo Grandi ក៏បាន​រំពឹងថា មេដឹកនាំ​ពិភពលោក និង​អង្គភាព​ពាក់ព័ន្ធ​នឹង​ចូល​រូ​ម​ចំណែក​ក្នុងការ​ផ្តល់ជំនួយ​នេះ ដើម្បី​ឲ្យ​គោលដៅ​សម្រាប់​ការងារ​នេះ​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ជនភៀសខ្លួន​។ តាម លោក Filippo Grandi ជំនួយ​នេះ នឹង​ផ្តល់​លទ្ធភាព​ឲ្យ​ភ្នាក់ងារ​ជំនាញ​អង្គការសហប្រជាជាតិ រួមទាំង​ដៃគូ​ទាំង​១៣២ អាចអនុវត្ត​ការងារ​ក្នុងការ​ការពារ​ជនភៀសខ្លួន ទាំង​ស្ត្រី បុរស កុមារា កុមារី និង​ផ្តល់ជំនួយ​ដើម្បី​សង្គ្រោះ​ជីវិត​ពួកគេ​បាន​ទាន់ពេល​ទៀតផង​។ 
 
​ទន្ទឹមនឹង​ការអំពាវនាវ​រក​ជំនួយ​បន្ទាន់​នេះ ប្រមុខ​នៃ​ភ្នាក់ងារ​ជំនាញ​សម្រាប់​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ​រូបនេះ ក៏បាន​ទទូច​ជាថ្មី​ដល់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ក្នុងការ​ចាត់វិធានកា​រ​ជាបន្ទាន់​ក្នុងការ​ដោះស្រាយ​ឬ​សគល់​នៃ​វិបត្តិ​នេះ ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន អាច​ធានាបាន​ថា ពួកគេ នឹងមិន​ត្រូវបាន​បង្ខំ​ឲ្យ​ចាក​ចេញពី​ប្រទេស និង​អាច​ទទួលបាន​ទាំង​សុវត្ថិភាព និង​តម្លៃ​នៅពេល​ត្រលប់​ទៅផ្ទះ​វិញ​។​
 
​គួរ​ជម្រាប​ផងដែរ​ថា វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ដែល​បាន​ផ្ទុះឡើង​ជាថ្មី​នៅ​ចុងឆ្នាំ​២០១៧​កន្លងទៅ បាន​ក្លាយជា​ក្តីបារម្ភ​រួមមួយ​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​។ ខណៈ​ច្រានចោល​ការចោទប្រកាន់​ពី​សហគមន៍​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ការ​នៅ​ពីក្រោយ​របស់​អាជ្ញាធរ​លើ​បញ្ហា​នេះ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​អះអាងថា បញ្ហា​នេះ ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​ដោះស្រាយ​៕ 

Tag:
 UN
  រ៉ុង​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com