អន្តរជាតិ
កសិករ​កេ​ន​យ៉ា​បាន​ប្រយោជន៍​ពី​កម្ចី​មានការ​ធានា​
16, Sep 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ស្រុក MACHAKOS ប្រទេស​កេ​ន​យ៉ា ៖ សម្រាប់ ៤ រដូវ​កន្លងមកនេះ គេ​ឃើញ​មាន​ភ្លៀង​ធ្លាក់​តិចតួច​ប៉ុណ្ណោះ​នៅក្នុង​ស្រុក Machakos ប្រទេស​កេ​ន​យ៉ា ហើយ​កសិករ​បាន​សម្លឹង​មើល​ទាំងអស់​សង្ឃឹម​នៅពេលដែល​កសិផល​រប​ស់​ពួកគេ​ក្រៀម​ស្វិត​ស្រពោន​អស់​។ ការប្រែប្រួល​អាកាសធាតុ​បានធ្វើ​ឲ្យ​ពួកគេ​ស្ទើរតែ​ធ្លាក់​ទៅក្នុង​ភាពក្រីក្រ នៅពេលដែល​ពួកគេ​ត្រូវ​ទិញ​ស្បៀងអាហារ​នៅតាម​ទីផ្សារ ដោយសារតែ​មិនអាច​ពឹង​លើ​ទិន្នផល​កសិកម្ម​របស់​ពួកគេ​បាន​។ អ្នកស្រី Beatrice Ndavi គឺជា​កសិករ​ម្នាក់​ក្នុងចំណោម​នោះ​។​



​អ្នកស្រី Ndavi និយាយ​ដូច្នេះ​ថា​៖ «​កសិករ​ស្រុក Machakos ប្រឈម​នឹង​គ្រោះរាំងស្ងួត ដោយសារតែ​នៅពេល​ដែលមាន​គ្រោះរាំងស្ងួត យើង​គ្មាន​ស្បៀងអាហារ​គ្រប់គ្រាន់​សម្រាប់​ក្រុមគ្រួសារ​របស់​ពួកយើង​នោះទេ​»​។​

​គម្រោង​ជួយ​ដល់​កសិករ​ទាំងនេះ​បានធ្វើ​ឡើង​នៅ​ឆ្នាំ ២០១៧ គឺ​មុននឹង​គ្រោះរាំងស្ងួត​មួយទៀត​ចូលមក​ដល់​។ គម្រោង​ជួយ​នេះ​ធ្វើឡើង​ក្នុង​ទម្រង់​ជា​កម្មវិធី​កម្ចី​ដែល​ហៅថា «​គម្រោង​ឥណទាន​ដែល​អាច​ប្រែប្រួល​តាម​ហានិភ័យ​»​។ គម្រោង​នេះ​គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ​ស្បៀងអាហារ​អន្តរជាតិ IFPRI​។ អ្នកវិទ្យាសាស្ត្រ​ជាន់ខ្ពស់​លោក Linzhou You គឺជា​អ្នកដឹកនាំ​គម្រោង​នេះ​។​

​លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​នៅពេលដែល​គ្មាន​ភ្លៀង គឺ​គ្មាន​ទិន្នផល​ទេ ដូច្នេះ​កសិករ​មិនចាំបាច់​សងបំណុល​ឡើយ​។ ប៉ុន្តែ នៅពេល​ដែលមាន​ភ្លៀង ហើយ​កសិករ​ប្រមូល​ផល​បានល្អ នោះ​កសិករ​ត្រូវតែ​សងបំណុល​នេះ រួមទាំង​ការធានារ៉ាប់រង​ទៀតផង​។​

​នេះ​គឺជា​គំនិត​ថ្មី​ខុសពី​ការអនុវត្ត​កន្លងមក ដែល​ការអនុវត្ត​កាលពីមុនៗ​គឺថា ធនាគារពាណិជ្ជ​កម្ម​មិន​ព្រម​ផ្ដល់​កម្ចី​ដល់​កសិករ​តូចតាច​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Esther Muiruri ប្រធាន​ធនាគារ​សមធម៌ (Equity Bank) នៃ​ប្រទេស​កេ​ន​យ៉ា​។​

​លោក​និយាយថា​៖ «​សម្រាប់​ដី​មួយ​អា យើង​ផ្ដល់​កម្ចី​ប្រហែល ៩៧ ដុល្លារ​អាមេរិក ដូច្នេះ​កសិករ​អាច​ទិញ​ជី គ្រាប់ពូជ និង​ជីគីមី​ដទៃទៀត​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ដាំ​ដុះ​ដំណាំ​របស់​ពួកគេ​បាន​»​។​

​កសិករ​ទទួលបាន​ក​ម្ចី​នេះ បន្ទាប់ពី​ទទួលបាន​ការបណ្ដុះបណ្ដាល​ផ្នែក​កសិកម្ម និង​ផ្នែក​ហិរញ្ញវត្ថុ​។ អ្នកស្រី Ndavi ទទួលបាន​កម្ចី​ដំបូង​កាលពីមុន និង​ជា​កសិករ​ម្នាក់​ក្នុងចំណោម​កសិករ ២៦៥ នាក់ ដែល​ទទួលបាន​កម្ចី​ជា​លើក​ទី​ពីរ​កាលពីពេល​ថ្មីៗ​នេះ​។​

​អ្នកស្រី Ndavi លើកឡើង​ដូច្នេះ​ថា​៖ «​មុនពេល​ធនាគារ​ផ្ដល់​កម្ចី​ដល់​យើង ទិន្នផល​ដំណាំ​គឺ​ទាប​ខ្លាំងណាស់ គឺ​យើង​ប្រើតែ​ជី​អាចម៍សត្វ​តែប៉ុណ្ណោះ​។ ប៉ុន្តែ នៅពេលដែល​យើង​ចាប់ផ្ដើម​ប្រើ​ជីគីមី​ទាំងនេះ​មក យើង​ឃើញថា ទិន្នផល​មានការ​កើនឡើង​»​។​

​គម្រោង​នេះ​ស្ថិតនៅក្នុង​ដំណាក់កាល​សាកល្បង​នៅឡើយ ប៉ុន្តែ​គេ​ឃើញ​មាន​គម្រោង​ផ្សេងទៀត​ស្រដៀង​នឹង​គម្រោង​នេះដែរ​សម្រាប់​ជួយ​តំបន់​រាំងស្ងួត​ដទៃទៀត​នៅតាម​បណ្ដា​ប្រទេស​នានា​នៅ​ទ្វីបអាហ្វ្រិក​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com