ជាតិ
ខេត្តកំពត មាន​តំបន់​ទេសចរណ៍​២៥​កន្លែង សម្រាប់​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​
17, Dec 2019 , 9:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្ត​កំពត
រូបភាពពីហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្ត​កំពត
​ភ្នំពេញ​៖ ខេត្តកំពត មាន​តំបន់​ទេសចរណ៍​ទាក់ទាញ​ដល់​ទៅ ២៥​កន្លែង ក្នុងនោះ​មាន​តំបន់​សមុទ្រ​, ទឹកធ្លាក់​, ព្រៃកោងកាង និង​តំបន់​ព្រៃភ្នំ​ជាដើម​។ នេះ​បើតាម​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​១៧ ធ្នូ​នេះ​។ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ក្នុង​ពិធីបុណ្យ​សមុទ្រ អាជ្ញាធរខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ បានរៀបចំ​តំបន់​គោលដៅ​ទេសចរណ៍​ចំនួន ៤ សម្រាប់អ្នកទេសចរ​។​


 
​ខេត្តកំពត​មាន​តំបន់​ទេសចរណ៍​ទាក់ទាញ​ដល់​ទៅ ២៥​កន្លែង ក្នុងនោះ​រមណីយដ្ឋាន​ចំនួន ១៧ , សហគមន៍​ទេសចរណ៍​ចំនួន ៤ និង​តំបន់​ទេសចរណ៍​គោលដៅ​ចំនួន ៤​កន្លែង​។  នេះ​បើតាម​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​។ 
 
​លោក សយ ស៊ី​ណុល បញ្ជាក់ថា​គោលដៅ​ទេសចរណ៍​ទាំងនោះ មាន​រមណីយដ្ឋាន​ភ្នំ​បូកគោ​, ទឹកឈូ​, កំពង់ត្រាច់​, ភ្នំ​ឈ្ងោក​, ដូង​ទេរ​, ព្រែក​ត្នោត​, ព្រែក​កំពត​, ឧទ្យាន​ដងព្រែក​, ទឹកធ្លាក់​តា​ដា​, ទំនប់​ម្លិ​ច​, សហគមន៍​ត្រពាំង​សង្កែ​, ក​សិ​-​ទេសចរណ៍​ចម្ការ​ម្រេច និង​កន្លែង​ជាច្រើន​ទៀត សុទ្ធសឹង​ជា​តំបន់​ទេសចរណ៍​ដែល​ស្ថិតនៅ​ខេត្តកំពត​។ ភ្នំ​បូកគោ និង​ទឹកឈូ ជា​គោលដៅ​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើនជាងគេ​។ នេះ​បើតាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​។​


រូបភាពពីហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្ត​កំពត
 
​ក្នុងអំឡុង​ពិធីបុណ្យ​សមុទ្រ ដែល​នឹង​រៀបចំ​នៅ​ថ្ងៃទី​២០-២២ ធ្នូ​នេះ នៅ​ខេត្តកំពត​នោះ អាជ្ញាធរខេត្ត ក៏បាន​រៀបចំ​តំបន់​គោលដៅ​ទេសចរណ៍​ចំនួន ៤ ដើម្បី​ស្វាគមន៍​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​។ លោក សយ ស៊ី​ណុល រៀបរាប់​ដូច្នេះ​៖ «​នៅ​ថ្ងៃបុណ្យ​សមុទ្រ​ខាងមុខនេះ មន្ទីរ​ទេសចរណ៍​ខេត្តកំពត បានរៀបចំ​គោលដៅ​ទេសចរណ៍​ចំនួន ៤ សម្រាប់​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត គឺ​តំបន់​ខាងកើត​ក្រុង​កំពត​,​តំបន់​ក្រុង​កំពត​, តំបន់​តាម​ដងព្រែក​កំពង់បាយ ភ្ជាប់​ទៅ​ទឹកឈូ រួមទាំង​តំបន់​បូកគោ និង​ខាងលិច​បូកគោ​»​។ 
 
​បើតាម​លោក សយ ស៊ី​ណុល ខេត្តកំពត​មាន​សណ្ឋាគារ បឹង​កា​ឡូ និង​ផ្ទះសំណាក់​ជាង​២០០​កន្លែង និង​មាន​បន្ទប់​ស្នាក់នៅ​ប្រមាណ ៣,៥០០​បន្ទប់​។ មន្ទីរ​ទេសចរណ៍​ខេត្តកំពត ក៏បាន​ចុះពង្រឹងគុណភាព​សេវាកម្ម និង​ការគ្រប់គ្រង​អនាម័យ​ម្ហូបអាហារ​ នៅក្នុង​អំឡុង​បុណ្យ​សមុទ្រ​ផងដែរ។ នេះ​បើតាម​លោក សយ ស៊ី​ណុល ដែល​បន្ត​រំពឹងថា បុណ្យ​សមុទ្រ​ឆ្នាំនេះ នឹងមាន​ភ្ញៀវទេសចរ​ទៅលេង​កម្សាន្ត​ច្រើន​កុះករ​៕

រូបភាពពីហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្ត​កំពត











Tag:
 ទេសចរណ៍​
  កំពត​
© រក្សាសិទ្ធិដោយ thmeythmey.com