COVID-19
អន្តរជាតិ
មេដឹកនាំសាសនាជាន់ខ្ពស់ និងអតីតមេបញ្ជាការឆ្មាំបដិវត្តអ៊ីរ៉ង់ស្លាប់ដោយសារ COVID-19
× លោក Ayatollah Hashem Bathaie Golpayegani មេដឹកនាំសាសនាជាន់ខ្ពស់ម្នាក់នៅអ៊ីរ៉ង់ បានស្លាប់ដោយសារ COVID-19។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន IRNA នៅថ្ងៃចន្ទ ពោលគឺបីថ្ងៃក្រោយមរណភាពរបស់លោក Nasser Shabani អតីតមេបញ្ជាការឆ្នាំបដិវត្តឥស្លាមអ៊ីរ៉ង់។
លោក Golpayegani ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្រុង Qom កាលពីថ្ងៃសៅរ៍ ក្រោយតេស្តវិជ្ជមាន COVID-19។ លោកជាមេដឹកនាំសាសនាកំពូលម្នាក់ក្នុងចំណោម៨៨នាក់នៅសភា Assembly of Experts ដែលជាស្ថាប័នកំពូលមួយនៅអ៊ីរ៉ង់។
កាលពីថ្ងៃសុក្រ លោក Nasser Shabani អតីតមេបញ្ជាការឆ្នាំបដិវត្តឥស្លាមអ៊ីរ៉ង់ ក៏បានស្លាប់ដោយសារមេរោគរាតត្បាតនេះផងដែរ។ លោក Shabani បានចាប់ផ្តើមចូលក្នុងកងកម្លាំងយោធាអ៊ីរ៉ង់ពីឆ្នាំ១៩៨២ នាអំឡុងសង្គ្រាមអ៊ីរ៉ង់-អ៊ីរ៉ាក់។
កន្លងមកឥស្សរជនកំពូលនៅអ៊ីរ៉ង់ដែលបានស្លាប់ដោយសារ COVID-19 មានដូចជា លោក Hadi Khosroshahi អតីតទូតប្រចាំវ៉ាទីកង់ និងអ្នកនយោបាយផ្សេងទៀតរួមមាន Mohammad Mirmohammadi, Hossein Sheikholeslam, Fatemeh Rahbar, Mohammad-Reza Rahchamani។
មកដល់ពេលនេះ អ៊ីរ៉ង់ មានអ្នកឆ្លងជិត១៥០០០ករណី ក្នុងនោះ៨៥៣នាក់ស្លាប់ និងជិត៤៦០០នាក់ត្រូវបានព្យាបាលសះស្បើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com