ជាតិ
ឃាត់ខ្លួនជនសង្ស័យ១នាក់ និងសារធាតុញៀន ជាង១២០គីឡូក្រាម នៅខេត្តសៀមរាប​
23, Apr 2024 , 12:19 pm        
រូបភាព
ដោយ៖ ញ៉ សុខហឿន​

សៀមរាប៖ ជនសង្ស័យ១នាក់ និងគ្រឿងញៀនមេតំហ្វេតាមីនប្រមាណ១២១ដុំស្មើ ១២០,៦៨៥ គីឡូក្រាម ត្រូវបានសមត្ថកិច្ចបង្ក្រាប និងរឹបអូសបាន នៅចំណុច​ភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។​ នេះបើតាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី២២ មេសា។

 
អាជ្ញាធរខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យ ១ នាក់ និងដកហូតវត្ថុតាងរួមមានសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ១២១ដុំ ទម្ងន់សរុប ១២០,៦៨៥ គីឡូក្រាម កាំភ្លើងខ្លី ០១ដើម ម៉ាកGLOCK និងទូរស័ព្ទដៃចំនួន ២គ្រឿង។​ 
  


បន្ទាប់ពីបានពិនិត្យភស្តុតាង និងឯកសារពាក់ព័ន្ធនានានៅក្នុងសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនសង្ស័យចំនួន ១០នាក់ ដែលមានជនជាតិខ្មែរ ៩នាក់ និងជនជាតិឡាវ ១ នាក់ (ឃាត់ខ្លួនបាន ១ នាក់ គេចខ្លួន៩នាក់) ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ,ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និង បទល្មើសសម្អាត ប្រាក់ខុសច្បាប់។​ ជនសង្ស័យរួមទាំងវត្ថុតាងនេះ ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ​។ 
 
សូមរំលឹកថា ៣​ខែ​ដើម​ឆ្នាំ​២០២៤ មន្ត្រី​ប្រឆាំង​គ្រឿងញៀន​កម្ពុជា បង្ក្រាប​បាន​បទល្មើស​គ្រឿងញៀន​ជិត ១៨១ ​ករណី ឃាត់​ខ្លួន​ជនសង្ស័យ​​ជាង ៥៤៨​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត ២​តោន។ នេះរបាយការណ៍របស់ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា ៕​

© រក្សាសិទ្ធិដោយ thmeythmey.com