ជាតិ
ឃាត់ខ្លួនជនសង្ស័យ១នាក់ និងសារធាតុញៀន ជាង១២០គីឡូក្រាម នៅខេត្តសៀមរាប 23, Apr 2024 , 12:19 pm
×
ដោយ៖ ញ៉ សុខហឿន
សៀមរាប៖ ជនសង្ស័យ១នាក់ និងគ្រឿងញៀនមេតំហ្វេតាមីនប្រមាណ១២១ដុំស្មើ ១២០,៦៨៥ គីឡូក្រាម ត្រូវបានសមត្ថកិច្ចបង្ក្រាប និងរឹបអូសបាន នៅចំណុចភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ នេះបើតាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី២២ មេសា។
អាជ្ញាធរខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យ ១ នាក់ និងដកហូតវត្ថុតាងរួមមានសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ១២១ដុំ ទម្ងន់សរុប ១២០,៦៨៥ គីឡូក្រាម កាំភ្លើងខ្លី ០១ដើម ម៉ាកGLOCK និងទូរស័ព្ទដៃចំនួន ២គ្រឿង។
បន្ទាប់ពីបានពិនិត្យភស្តុតាង និងឯកសារពាក់ព័ន្ធនានានៅក្នុងសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនសង្ស័យចំនួន ១០នាក់ ដែលមានជនជាតិខ្មែរ ៩នាក់ និងជនជាតិឡាវ ១ នាក់ (ឃាត់ខ្លួនបាន ១ នាក់ គេចខ្លួន៩នាក់) ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ,ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និង បទល្មើសសម្អាត ប្រាក់ខុសច្បាប់។ ជនសង្ស័យរួមទាំងវត្ថុតាងនេះ ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
សូមរំលឹកថា ៣ខែដើមឆ្នាំ២០២៤ មន្ត្រីប្រឆាំងគ្រឿងញៀនកម្ពុជា បង្ក្រាបបានបទល្មើសគ្រឿងញៀនជិត ១៨១ ករណី ឃាត់ខ្លួនជនសង្ស័យជាង ៥៤៨នាក់ និងរឹបអូសគ្រឿងញៀនជិត ២តោន។ នេះរបាយការណ៍របស់ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ៕
© រក្សាសិទ្ធិដោយ thmeythmey.com