ជាតិ
ក្រសួងមុខងារសាធារណៈ ផ្ដើមទទួលពាក្យប្រឡងគ្រូបឋមសិក្សាចំនួន ១ ៣៤៧នាក់ 23, Apr 2024 , 1:57 pm
សកម្មភាពបេក្ខជនចូលរួមប្រជែងជ្រើសរើសមន្រ្តីរាជការ។
× ក្រសួងមុខងារសាធារណៈ នឹងទទួលពាក្យប្រឡងប្រជែងជ្រើសរើសគ្រូបឋមសិក្សាចំនួន ១៣៤៧ ចាប់ពីថ្ងៃទី២២ ខែមេសា រហូតដល់ថ្ងៃទី២២ ខែឧសភា។ ក្នុងការប្រឡងប្រជែងនេះ ក្រសួងមុខងារសាធារណៈ នឹងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា ១២+៤ ចំនួន ៣០០នាក់ និងគ្រូបង្រៀនបឋមសិក្សា ១២+២ ចំនួន ១០៤៧នាក់។
គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌគ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា តាមផែនការក្របខណ្ឌឆ្នាំ២០២៣ ចំនួន ១ ៣៤៧នាក់។ ការប្រឡងនេះ នឹងរៀបចំនៅពេលឆាប់ៗ ក្រោយបើកទទួលពាក្យរយៈពេល១ខែ។
ការប្រឡងនេះ នឹងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាតាមប្រព័ន្ធបណ្ដុះបណ្ដាល ១២+៤ ចំនួន ៣០០នាក់ និងគ្រូបង្រៀនបឋមសិក្សាតាមប្រព័ន្ធបណ្ដុះបណ្ដាល ១២+២ ចំនួន ១០៤៧នាក់។ ជាមួយគ្នានេះ ការបណ្ដុះបណ្ដាលមានរយៈពេល៤ឆ្នាំ និង២ឆ្នាំ ដោយចាប់ផ្ដើមនៅក្នុងឆ្នាំ២០២៤ នៅតាមវិទ្យាស្ថានគរុកោសល្យ និងសាលាគរុកោសល្យ និងវិក្រឹតការខេត្ត។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ បេក្ខជនដែលដាក់ពាក្យប្រឡង ត្រូវមានសញ្ជាតិខ្មែរ វមានអាយុយ៉ាងតិច ១៦ឆ្នាំ និងមានកម្រិតវប្បធម៌ចាប់ពីសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូលសម្រាប់ប្រព័ន្ធបណ្ដុះបណ្ដាល ១២+៤ និង១២+២។
បេក្ខជនត្រូវជ្រើសរើសប៉ុស្តិ៍នៅតាមសាលាបឋមសិក្សាក្នុងរាជធានី និងខេត្ត ដែលមានតម្រូវការ។ សិស្សនិទ្ទេស A និង B បេក្ខជនមានពិការភាព និងគ្រូបង្រៀនជាប់កិច្ចសន្យា ត្រូវបានលើកទឹកចិត្ត និងផ្តល់អាទិភាពសម្រាប់ការប្រឡងនេះ។ បើតាមក្រសួងមុខងារសាធារណៈ វិញ្ញាសាប្រឡង រួមមានសំណួរពហុចម្លើយពាក់ព័ន្ធនឹងវប្បធម៌ទូទៅ និងគណិតវិទ្យា តាមកម្មវិធីថ្នាក់ទី១២។
បេក្ខជនត្រូវដាក់ពាក្យតាមប្រព័ន្ធអនឡាញ ដោយស្កេន QR Code ឬចូលទៅបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារ នៅក្នុងគេហទំព័រ
https://go.gov.kh/era/mcsregnew។
បេក្ខជនដែលប្រឡងជាប់ជាស្ថាពរ នឹងទទួលការបណ្ដុះបណ្ដាលគរុកោសល្យ និងធ្វើកម្មសិក្សា ដោយទទួលបានប្រាក់អាហារូបករណ៍ស្មើនឹង ៧០ភាគរយ នៃបៀវត្សសរុបរបស់ក្របខណ្ឌគ្រូបង្រៀន ទៅតាមប្រភេទក្របខណ្ឌ៕
Tag:
អប់រំ
មុខងារសាធារណៈ
គ្រូបឋម
© រក្សាសិទ្ធិដោយ thmeythmey.com