ជាតិ
ក្រសួង​មុខងារសាធារណៈ ផ្ដើម​ទទួល​ពាក្យ​ប្រឡ​​ង​គ្រូ​​បឋម​សិក្សាចំនួន ១ ៣៤៧នាក់​
23, Apr 2024 , 1:57 pm        
រូបភាព
 សកម្មភាពបេក្ខជនចូលរួម​ប្រជែងជ្រើសរើសមន្រ្តីរាជការ។
សកម្មភាពបេក្ខជនចូលរួម​ប្រជែងជ្រើសរើសមន្រ្តីរាជការ។
ក្រសួង​មុខងារសាធារណៈ នឹង​ទទួល​ពាក្យ​ប្រឡង​ប្រជែង​ជ្រើសរើស​គ្រូ​​បឋម​សិក្សាចំនួន ១៣៤៧ ចាប់ពីថ្ងៃទី​២២ ខែ​មេសា រហូតដល់​ថ្ងៃទី​២២ ខែ​ឧសភា។ ក្នុងការ​​ប្រឡង​ប្រជែង​នេះ ​ក្រសួង​មុខងារសាធារណៈ នឹង​ជ្រើសរើស​គ្រូបង្រៀន​​​​បឋម​សិក្សា ១២+៤ ចំនួន ៣០០នាក់ និង​​គ្រូបង្រៀន​​​​បឋម​សិក្សា ១២+២ ចំនួន ១០៤៧នាក់។ ​
 
គណៈ​កម្មការ​រៀបចំ​ការ​ប្រឡង​​ប្រជែង​ជ្រើសរើស​មន្រ្តី​រាជការ​​ ឱ្យ​ចូល​បម្រើ​ការ​ងារ​ក្នុង​​ក្រប​ខណ្ឌគ្រូបង្រៀន នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ការ​ប្រឡង​ប្រជែង​ជ្រើសរើស​គ្រូបង្រៀន​​​បឋម​សិក្សា តាមផែន​ការ​ក្រប​ខណ្ឌ​ឆ្នាំ​២០២៣ ចំនួន ១ ៣៤៧នាក់។ ការ​ប្រឡងនេះ​ នឹង​រៀបចំ​នៅ​ពេល​ឆាប់​ៗ​ ក្រោយ​បើក​ទទួល​ពាក្យ​រយៈពេល​១ខែ​។ 
 
ការ​ប្រឡង​នេះ នឹង​ជ្រើសរើស​​គ្រូបង្រៀន​​​​បឋម​សិក្សាតាម​ប្រ​ព័ន្ធ​បណ្ដុះ​បណ្ដាល​ ១២+៤ ចំនួន ៣០០នាក់ និង​​គ្រូបង្រៀន​​​​បឋម​សិក្សាតាម​ប្រ​ព័ន្ធ​បណ្ដុះ​បណ្ដាល​ ១២+២ ចំនួន ១០៤៧នាក់។ ជាមួយ​គ្នានេះ ការ​បណ្ដុះ​បណ្ដាល​​​មាន​រយៈ​ពេល​​​៤​ឆ្នាំ និង​២ឆ្នាំ ដោយ​ចាប់​ផ្ដើម​​​នៅ​ក្នុង​ឆ្នាំ​២០២៤ នៅតាម​វិទ្យាស្ថាន​គរុកោសល្យ​ និង​សាលា​គរុ​កោសល្យ​ និង​វិក្រឹតការ​ខេត្ត។
  


បើតាមសេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​មុខងារ​សាធារណៈ ​បេក្ខជន​ដែល​ដាក់​ពាក្យ​ប្រឡង ត្រូវ​មាន​សញ្ជាតិខ្មែរ​ វ​មាន​អាយុ​យ៉ាង​តិច ១៦​ឆ្នាំ​ និង​មាន​កម្រិតវប្បធម៌​​ចាប់​ពី​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​សមមូល​សម្រាប់​​​ប្រ​ព័ន្ធ​បណ្ដុះ​បណ្ដាល​ ១២+៤ និង​១២+២។​
 
​បេក្ខជន​​ត្រូវ​ជ្រើសរើស​ប៉ុស្តិ៍​នៅតាម​សាលា​បឋមសិក្សា​ក្នុង​រាជធានី និង​ខេត្ត​ ដែល​មាន​តម្រូវការ។ ​សិស្ស​និទ្ទេស A និង ​B បេក្ខជន​មាន​ពិការ​ភាព និង​គ្រូ​បង្រៀន​ជាប់​កិច្ច​សន្យា ត្រូវបានលើកទឹកចិត្ត និងផ្តល់អាទិភាពសម្រាប់ការប្រឡងនេះ។ បើតាមក្រសួងមុខងារសាធារណៈ វិញ្ញាសា​ប្រឡង រួមមានសំណួរ​ពហុ​ចម្លើយ​ពាក់​ព័ន្ធ​នឹង​វប្បធម៌​ទូទៅ និង​គណិត​វិទ្យា​ តាម​កម្មវិធី​ថ្នាក់ទី​១២។
 


បេក្ខជន​​ត្រូវ​ដាក់​ពាក្យ​តាម​ប្រព័ន្ធ​អនឡាញ​ ដោយ​ស្កេន QR Code ឬ​ចូលទៅបំពេញ​ព័ត៌មាន​សុំ​សិទ្ធិ​ប្រឡង​ប្រជែង និង​ស្កេន​បញ្ចូល​​ឯកសារ នៅក្នុង​គេហទំព័រ https://go.gov.kh/era/mcsregnew​។ ​ 
 
​បេក្ខជន​ដែល​​ប្រឡង​ជាប់​ជា​ស្ថាពរ នឹង​ទទួល​ការ​បណ្ដុះ​បណ្ដាល​គរុកោសល្យ​ និង​ធ្វើ​កម្ម​សិក្សា​ ដោយ​ទទួល​បាន​​ប្រាក់​អាហារូបករណ៍​ស្មើ​នឹង ៧០​ភាគរយ នៃបៀវត្សសរុប​របស់​ក្របខណ្ឌ​គ្រូ​បង្រៀន​ ទៅ​តាម​ប្រភេទ​ក្រប​ខណ្ឌ​៕

Tag:
 អប់រំ
  មុខងារសាធារណៈ
  គ្រូ​បឋម
© រក្សាសិទ្ធិដោយ thmeythmey.com