អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉ា​ឡេ​ស្ទី​ន​ប្តឹង​អ៊ីស្រាអែល​ពីបទ​ឧក្រិដ្ឋ​សង្គ្រាម​ទៅ​ICCក្នុង​ខែមេសា
08, Mar 2015 , 11:00 am        
រូបភាព

ប៉ា​ឡេ​ស្ទី​ន​ប្រកាសថា​ខ្លួន​មិន​បង្អែរ​បង្អង់​យូរ​ឡើយ​ក្នុង​ការរៀបចំ​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​អ៊ីស្រាអែល​ក្នុង​សំណុំរឿង​កា​ហ្សា។ ប៉ា​ឡេ​ស្ទី​ន​នឹងដាក់​ពាក្យបណ្តឹង​នោះ​នៅ​ថ្ងៃ ១មេសា​ខាងមុខនេះ ដើម្បីអោយ​តុលាការ​ពិចារណា​លើ​បញ្ហា​បទឧក្រិដ្ឋ​សង្គ្រាម​នៅក្នុង​តំបន់​កា​ហ្សា ប៉ុន្តែ​លទ្ធភាព​នៃ​ការបើក​ដំណើរការ​សំណុំរឿង​នៅតែ​ស្រពិចស្រពិល​នៅឡើយ។


កញ្ញា ខន ចំប៉ា លម្អិតព័ត៌មាននេះ



មន្ត្រីជាន់ខ្ពស់​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​បានប្រកាសថា រដ្ឋាភិបាល​ប៉ា​ឡេ​ស្ទី​ន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​រៀបចំ​ពាក្យបណ្តឹង​ប្រឆាំង​អ៊ីស្រាអែល​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ បណ្តឹង​ប៉ា​ឡេ​ស្ទី​ន​ដែល​នឹងត្រូវ​រៀបចំឡើង​នា​ខាងមុខនេះ​ទាក់ទង​នឹង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ដែល​បង្កឡើង​ដោយ​អ៊ីស្រាអែល​នៅក្នុង​ទឹកដី​កា​ហ្សា​កាលពី​ឆ្នាំ ២០១។
បើតាម​ការ​អោយដឹងពី​មន្ត្រីជាន់ខ្ពស់​ខាងលើ អ៊ីស្រាអែល​នឹង​បញ្ចប់​ការរៀបចំ​បណ្តឹង​នេះ​នៅត្រឹម​ថ្ងៃទី១ខែមេសា​ខាងមុខ ដើម្បី​ជំរុញ​អោយ​តុលាការ​ត្រួតពិនិត្យ​សំណុំ​រឿងនេះ និង​ចាប់ផ្តើម​នីតិវិធី​ដើម្បី​ឈានទៅ​នាំយក​ឧក្រិដ្ឋជន​មក​កាត់ទោស​តាមផ្លូវ​ច្បាប់។ អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​ហាក់​មិន​ចង់​បង្អែរ​បង្អង់​យូរ​ឡើយ ដោយ​អាជ្ញាធរ​នេះ​សង្ឃឹមថា តុលាការ​អាច​នឹង​នាំយក​មេដឹកនាំ និង​កងទ័ព​អ៊ីស្រាអែល​យក​កាត់ទោស។

ការដាក់​ពាក្យបណ្តឹង​ប្រឆាំង​អ៊ីស្រាអែល​ពិតជា​ធ្វើអោយ​អ៊ីស្រាអែល​ខឹងសម្បារ​ជាខ្លាំង ហើយ​អ៊ីស្រាអែល​អះអាងថា​ទង្វើ​ប៉ា​ឡេ​ស្ទី​ន​នឹង​ធ្វើអោយមាន​ការប្រឈមមុខ​ដាក់​កាន់តែខ្លាំង ព្រមទាំង​ធ្វើអោយ​ភាគី​ទាំងពីរ​បរាជ័យ​ក្នុងការ​ស្វែងរក​សន្តិភាព។

កាលពី​ឆ្នាំមុន​ក្រោយ​ប៉ា​ឡេ​ស្ទី​ន​ចុះហត្ថលេខា​ចូលរួម​ជា​សមាជិក​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ប្រកាសថា លោក​មិន​អនុញ្ញាតអោយ​តុលាការ យក​កងទ័ព​អ៊ីស្រាអែល​ទៅ​កាត់ទោស​នោះឡើយ។ អ៊ីស្រាអែល​នឹងធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​រាំង​រាំង​ដំណើរការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​នឹង​អាច​បើក​ការ​ស៊ើប​អ​ង្កើ​ត និង​ដំណើរការ​នីតិវិធី​ក្នុង​សំណុំរឿង​សង្គ្រាម​កា​ហ្សា។

តាមពិតទៅ​ប៉ា​ឡេ​ស្ទី​នស​ម្រេច​ដាក់​បណ្តឹង​ប្រឆាំង​អ៊ីស្រាអែល ក្រោយពេល​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​ចុះហត្ថលេខា​លើ​សំណុំ​ឯកសារ​ចូល​ជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ប៉ា​ឡេ​ស្ទី​នស​ម្រេច​ចូលរួម​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្រោយ​ពេលដែល​ប៉ា​ឡេ​ស្ទី​ន​ខកចិត្ត​ចំពោះ​ចំណាត់ការ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក្នុង​ការអនុម័ត​ដំណោះស្រាយ​ស្តីពី​ការទទួលស្គាល់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ជា​ផ្លូវការ។

ក្រុមប្រឹក្សាសន្តិសុខ​បាន​ប្រជុំ​អនុម័ត​ដំណោះស្រាយ​ស្នើឡើង​ដោយ​ប៉ា​ឡេ​ស្ទី​ន និង​ប្រទេស​តំបន់​អារ៉ាប់ ដោយ​ដំណោះស្រាយ​ផ្តោត​ការទទួលស្គាល់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន និង​ទាមទារ​អោយ​អ៊ីស្រាអែល​ដក​កងទ័ព​ចេញពី​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​ដើម្បី​កសាង​សន្តិភាព។ ប៉ុន្តែ​គួរអោយ​សោកស្តាយ​ក្រុមប្រឹក្សាសន្តិសុខ បរាជ័យ​កាល​ដោយ​យ​សារ​តែ​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​នេះ គឺ​សហរដ្ឋអាមេរិក​បាន​ប្រើប្រាស់​សិទ្ធិ​ជំទាស់​របស់ខ្លួន​ប្រឆាំង​ដំណោះស្រាយ។

គួរ​បញ្ជាក់ថា​កាលពី​ខែមិថុនា កងកម្លាំង​អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​តាមផ្លូវ​អាកាស​រយៈពេល​ប្រហែល ៧សប្តាហ៍​ប្រឆាំងនឹង​ក្រុម​ហា​ម៉ាស ប៉ុន្តែ​ជន​ស៊ីវិល​ប្រហែល២ពាន់​នាក់​ត្រូវបាន​សម្លាប់​ដោយសារ​សង្គ្រាម​ផ្លូវអាកាស​របស់​អ៊ីស្រាអែល​នេះ។




© រក្សាសិទ្ធិដោយ thmeythmey.com