ជាតិ
​​​ន​យោ​បាយ​ជាតិ​
​​CPP និង CNRP ថា សេចក្ដីព្រាងច្បាប់​ថ្មី នឹង​ធានា​អព្យាក្រឹតភាព​ក្នុងការ​បោះឆ្នោត
09, Mar 2015 , 5:10 pm        
រូបភាព

ក្រុមការងារ​វិសោធន​កម្ម​ច្បាប់​ទាំង​ពីរបាន​អះអាងថា សេចក្ដីព្រាង សេចក្ដីស្នើច្បាប់ ស្ដីពី​ការរៀបចំ​ការបោះឆ្នោត និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត សេចក្ដីព្រាង​សេចក្ដីស្នើ​ច្បាប់ ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​បាន​កំណែទម្រង់​ថ្មី​នៅពេលនេះ គឺមាន​ភាពល្អប្រសើរ​ច្រើនជាង​ច្បាប់​ចាស់ ។ ហើយ​ច្បាប់​នេះ​គឺអាច​ធានា​ឲ្យ​គជប មាន​ឯករាជ្យ និង​អព្យាក្រឹតភាព ស្របតាម​លទ្ធិប្រជាធិបតេយ្យ ។



ថ្លែង​នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ លោក កើត រិ​ទ្ធ ក្រុមការងារ​កំណែទម្រង់​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់ថា កំណែទម្រង់​ច្បាប់ គ.ជ.ប ថ្មី​នេះ គឺ​ធានាបាន​ថា គជប មាន​ឯករាជ្យ និង​អព្យាក្រឹតភាព ធានា​ឲ្យ​មានដំណើរ​ការប្រព្រឹត្តទៅ​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ព្រមទាំង​អាច​ធានា​ឲ្យ គជប នេះ គ្មាន​ភាពជាប់គាំង« សមាជិក​គជប ដើម្បី​ឲ្យ​មាន​ភាព​អព្យាក្រឹត​ត្រូវ​លាលែង​ពី​នយោបាយ ។គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​របស់​គជប គឺ​ត្រូវគោរព​យក​សំឡេង​ភាគច្រើន​ដាច់ខាត ឬ​សំឡេង២ភាគ៣ ចៀសវាង​ការជាប់គាំង​គជប ។ ហើយ​ដើម្បី​ដោះស្រាយ​ភាពជាប់គាំង​គជប​សម្រេច​យក​រូបមន្ត៤ + ៤ +។ បើសិនជា​ខ្វះកូរ៉ុម​ដំណើរការ​គជប មិនបាន ខ្វះ​សំឡេង​មិនអាច​អនុម័ត​ក្នុង​បញ្ហា​ណាមួយ​បាន ក្នុង​ច្បាប់​នេះ យើង​ចែងថា រដ្ឋសភា​មាន​សិទ្ធិ​រំសាយ គជប ជាប់គាំង និង​បង្កើត​គជប​ថ្មី​មួយ​មិន​ជាប់គាំង» ។ នេះ​ជាការ​បញ្ជាក់​របស់លោក កើត រិ​ទ្ធិ។

ក្នុង​មាត្រា ១៣ សេចក្ដីព្រាង សេចក្ដីស្នើច្បាប់ ស្ដីពី​ការរៀបចំ​ការបោះឆ្នោត និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មាន​បញ្ជាក់ថា ប្រធាន អនុប្រធាន និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវអនុវត្ត​តួនាទី​របស់ខ្លួន​ដោយ​មិន​លំអៀង ឈរលើ​គោលការណ៍​គោរព​ច្បាប់ ។ ហើយ​មិន​ទទួល​ការគាបសង្កត់ ការគំរាមកំហែង ការបំភិតបំភ័យ ការបង្គាប់បញ្ជា​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ពី​បុគ្គល និង​ស្ថាប័ន​ណាមួយ​ឡើយ។

ទន្ទឹមនឹងនេះ​លោក អេង ឆៃ​អៀង ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ យល់ថា សេចក្ដីព្រាងច្បាប់​ថ្មី​នេះ គឺមាន​ភាពល្អប្រសើរ​ច្រើនជាង​ច្បាប់​ចាស់ ។ ហើយ​លោក​ថា បើសិនជា​សេចក្ដីព្រាងច្បាប់​ទាំងពីរ​នេះ មានការ​អនុវត្ត​ប្រកបដោយ​សេរី និង​យុត្តិធម៌​នោះ គឺ​ប្រាកដជា​មិនមាន​ភាពជាប់គាំង​នយោបាយ​នោះទេ។ លោក​បន្ថែមថា ៖ «បើ​យើង​បាន​ព្រមព្រៀងគ្នា​លើ​ច្បាប់​នេះហើយ ហើយ​ការអនុវត្ត​ច្បាប់​នេះ​ពេញលក្ខណៈ​ទាំង​ធម្មនុញ្ញ ទាំង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​នោះ ដូច្នេះ​គ្មាន​ហេតុផល​អ្វីដែល​គណបក្សនយោបាយ​ធ្វើពហិការ​មិន​ទទួលយក​អ​សនៈ​នោះទេ»។

ជាមួយគ្នា​លោក គួ​យ ប៊ុន​រឿន ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា លោក​នឹង​បូកសរុប​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ ដើម្បី​ពិនិត្យ​ពិចារណា​បន្ថែមទៀត នៅក្នុង​ក្របខណ្ឌ​បរិបទ​ច្បាប់ នៃ​ប្រទេស​កម្ពុជា។

នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​នេះ មាន​បណ្ដាល​ស្ថានទូត អង្គការ សកម្មជន​គណបក្ស និង​អ្នកនយោបាយ​ចំនួន៤៩៥នាក់ ដោយ​មានការ​ចោទសួរ​ប្រមាណ​ជា៩០សំនួរ​និង​មានការ​បង្ហាញ​ពី​កង្វល់​របស់​ពួកគេ​ទាក់ទង​នឹង​សេចក្ដីព្រាងច្បាប់​ទាំងនេះ នៅក្នុង​សិក្ខាសាលា​ផងដែរ។ តែ​យ៉ាងណាក៏ដោយ​ក្រុមការងារ​គណបក្ស​ទាំងពីរ អះអាងថា​សេចក្ដីព្រាងច្បាប់​ទាំងនេះ នឹង​អាចធ្វើ​ឲ្យ​ដំណើរការ​នៃ​ការបោះឆ្នោត​នៅ​អណ​ត្តិ​ក្រោយ​មាន​ភាពរលូន​និង​មិន​ជាប់គាំង។

គួរ​បញ្ជាក់ថា ក្រុមការងារ​នៃ​គណបក្ស​ទាំងពីរ បាន​ជួប​ពិភាក្សាគ្នា​ចំនួន១៥លើក ចាប់ពី​ថ្ងៃទី១១ សីហា ២០១៤ ហើយ​បានរៀបចំ​សេចក្ដីព្រាង​សេចក្ដីស្នើច្បាប់​ស្ដីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នេះ បាន​ចប់​រួចរាល់​ហើយ​កាលពី​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ ។ ដោយ​ច្បាប់​នេះ​ចែកចេញជា៧ជំពូក និង​រួមមាន៦៦មាត្រា ។
ចំណែក​សេចក្ដីព្រាង​សេចក្ដីស្នើច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ក្រុមការងារ​នៃ​គណបក្ស​ទាំង​បាន​ជួបប្រជុំ​ពិភាក្សាគ្នា​ចំនួន ២៧លើក ចាប់តាំងពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ បានបញ្ចប់​កាលពី​ថ្ងៃទី០៦ មីនា ឆ្នាំ២០១៥នេះ ។ សេចក្ដីព្រាងច្បាប់​នេះ​ចែកចេញជា ១២ជំពូក និង​រួមមាន១៧១មាត្រា ៕


© រក្សាសិទ្ធិដោយ thmeythmey.com