ជាតិ
នយោបាយជាតិ
អ្នកស្រី ពុង ឈីវកេក៖ លោក ហ៊ុន សែន-សម រង្ស៊ី ពេញចិត្តលោក ហង្ស ពុទ្ធា ជាការត្រឹមត្រូវ លោក ហង្ស ពុទ្ធា និង លោក ស្រី ពុង ឈីវកេក
×
លោកស្រី ពុង ឈីងកេក បានសាទរចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី ដែលបានឯកភាពគ្នាស្នើលោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត (Nicfec) ជាសមាសភាពទី៩ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ជំនួសអ្នកស្រី។ ការសាទររបស់អ្នកស្រី ពុង ឈីងកេក បានធ្វើឡើងក្រោយពីអ្នកស្រី បដិសេធមិនទទួលតំណែងជាសមាជិកទី ៩ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមសំណើរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
និយាយហាក់ដូចមិនជាប់ចិត្តនឹងតំណែងជាសមាជិកទី ៩ នៃគ.ជ.ប ផងនោះ អ្នកស្រី ពុង ឈីវកេក បានគាំទ្រចំពោះការសម្រេចចិត្តរបស់លោក ហ៊ុន សែន និងលោក សម រង្ស៊ី ដែលស្នើបេក្ខភាពលោក ហង្ស ពុទ្ធា ជំនួសខ្លួន។ អ្នកស្រីនាយិការអង្គការលីកាដូរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗយ៉ាងនេះថា៖«ខ្ញុំយល់ថា ជាការត្រឹមត្រូវ ដែលលោកនាយករដ្ឋមន្ត្រី និងលោក សម រង្ស៊ី ពេញចិត្តលោក ហង្ស ពុទ្ធា ព្រោះលោក ហង្ស ពុទ្ធា មានបទពិសោធ និងសមត្ថភាពគ្រប់គ្រាន់ដោយសារគាត់ធ្វើការងារផ្នែកបោះឆ្នោតនេះតាំងពីឆ្នាំ ១៩៩៨ មក» ។
អ្នកស្រី ពុង ឈីវកេក ដែលឆ្លៀតនិយាយថា ខ្លួនមានបទពិសោធការងារបោះឆ្នោតតាំងពីឆ្នាំ ១៩៩៣ នោះ មិនអត្ថាធិប្បាយចំពោះផលអវិជ្ជមាននៃការបង្កើតគ.ជ.ប ថ្មីនាពេលខាងមុខឡើយ។ « ហើយរឿងល្អឬមិនល្អនៅពេលលោក ហង្ស ពុទ្ធា យល់ព្រមធ្វើនោះ ខ្ញុំមិននិយាយទេ។ ខ្ញុំគិតថា រឿងបុគ្គលទុកឲ្យគាត់ពិចារណាខ្លួនឯងទៅថា ត្រឹមត្រូវឬអត់? ហើយខ្ញុំក៏មិននិយាយថា គ.ជ.ប ថ្មី ល្អជាងមុន ឬអាក្រក់ជាងមុខដែរ» ។
កាលពីម្សិលមិញ លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា លោកត្រូវការពេលវេលាពិចារណាលើសំណើរ និងលក្ខខណ្ឌដែលបក្សទាំង២ ស្នើមករូបលោកជាមុនសិន។ នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតរូបនេះបានបញ្ជាក់ទៀតថា លោកស្នើសុំឲ្យគ.ជ.ប មានឯករាជ្យជាមុនសិន និងធានាឲ្យពលរដ្ឋខ្មែរទទួលបានផលប្រយោជន៍ពីច្បាប់ គ.ជ.ប ថ្មីនេះ។
ដោយឡែកព័ត៌មានថ្មីនៅថ្ងៃនេះពីក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន នៅខេត្តស្ទឹងត្រែង លោក ហ៊ុន សែន បាននិយាយថា លោក សម រង្ស៊ី ចង់ប្តូរចិត្តលែងត្រូវការលោក ហង្ស ពុទ្ធា ដោយសារលោកទទួលដំណឹងថា លោក ពុទ្ធា មានជំងឺទឹកនោមផ្អែម តែបំណងលោក សម រង្ស៊ី ត្រូវលោក ហ៊ុន សែន បដិសេធ។ សម្រាប់លោក ហ៊ុន សែន បើទោះបីលោក ហង្ស ពុទ្ធា មានជំងឺអេដស៍ ក៏លោកនៅតែត្រូវការលោក ពុទ្ធា ដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com