នៅថ្ងៃពុធនេះ លោក ឃុត សុខឿន នឹងជម្រាបជូនប្រិយមិត្តអ្នកស្តាប់ នូវព័ត៌មានទាក់ទងនឹងបទចម្រៀងជាភាសាអង់គ្លេសមួយបទ ដែលមានចំណងជើងថា "A Whiter Shade of Pale" និងបទចម្រៀងខ្មែរដែលមានចំណងជើងថា"ព្រាត់ស្នេហ៍សំណប់ចិត្ត" របស់លោក ស៊ីន ស៊ីសាមុត។
បទចម្រៀងដែលប្រិយមិត្តកំពុងស្តាប់នៅពេលនេះ មានចំណងជើងថា"A Whiter Shade of Pale"។ បទចម្រៀងនេះ ច្រៀងដោយក្រុមតន្ត្រីរ៉ក់ របស់អង់គ្លេសឈ្មោះ Procol Harum ហើយបានចេញលក់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៦៧។
ទំនុកច្រៀងនិងបទភ្លេង នៃបទចម្រៀងនេះ ត្រូវបាននិពន្ធឡើងដោយអ្នកនិពន្ធ៣នាក់ គឺលោក Gary Brooker លោក Keith Reid, និងអ្នកលេង organe Matthew Fisher។ ទំនុក
ច្រៀងនៃបទចម្រៀងនេះ មានភាពមិនប្រក្រតីច្រើនអន្លើ។ ប៉ុន្តែគេអាចសង្ខេបបានថា បទចម្រៀងនេះ ច្រៀងរៀបរាប់អំពីទំនាក់ទំនងផ្លូវភេទរវាងបុរសនិងស្ត្រី ដោយប្រើន័យប្រៀប
ធៀប។
បន្ទាប់ពីចេញលក់បានមួយខែ បទចម្រៀង A Whiter Shade of Pale បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតារាង UK Single Chart ហើយចំណាត់ថ្នាក់នេះ បានបន្តរហូតដល់៦សប្តាហ៍។ ក្រៅពីនេះ បទចម្រៀង A Whiter Shade of Pale បានជាប់ចំណាត់ថ្នាក់លេខ១ នៅតាមបណ្តាប្រទេសមួយចំនួនទៀត ដែលបទចម្រៀងនេះបានដាក់លក់ផងដែរ។ ជាលទ្ធផល បទចម្រៀងនេះ បានលក់ដាច់ជាង ១០លានថាស នៅទូទាំងពិភពលោក។
រហូតមកទល់បច្ចុប្បន្នេះ សិល្បករនៅទូទាំងពិភពលោក ប្រមាណជាង១ពាន់នាក់ បានច្រៀង និងផលិតបទចម្រៀង A Whiter Shade of Paleឡើងវិញ។ បទចម្រៀងនេះ ក៏ត្រូវបានផលិត ដើម្បីដាក់បញ្ចូលក្នុងខ្សែភាពយន្តផងដែរ។