បទយកការណ៍ / បទសម្ភាសន៍
ស៊ន ពិសិដ្ឋ បង្កើត​«​រ៉ូ​បូត​ឈ្លបយកការណ៍​» ដែល​អាចជួយ​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​មនុស្ស​
28, Feb 2016 , 8:59 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ក្នុង​វ័យ​២២​ឆ្នាំ ស៊ន ពិសិដ្ឋ ជា​និស្សិត​ឆ្នាំ​ទី​៥​ផ្នែក​អេឡិចត្រូនិក​នៃ​សាកលវិទ្យាល័យ​ន័​រ​តុ​ន បាន​បង្កើត​រ៉ូ​បូត​ឈ្លបយកការណ៍​មួយគ្រឿង ដែល​អាច​ចាប់យក​រូបភាព​ពី​កន្លែង​ផ្សេងៗ ពិសេស​កន្លែង​តូចចង្អៀត និង​គ្រោះថ្នាក់​។ តាមរយៈ​សមត្ថភាពរ​បស់​រ៉ូ​បូត​មួយ​នេះ ពិសិដ្ឋ ចង់​ឲ្យ​វា​មាន​វត្តមាន​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​មនុស្ស ក្នុង​ឧបទ្ទវហេតុ​ផ្សេងៗ​។

 
​ក្នុង​បន្ទប់​ស្រាវជ្រាវ​ធំ​ល្មម​មួយ​ដែល​រួមមាន​ទៅដោយ​ទូរ​ដាក់តាំង​សម្ភារ​ច្នៃប្រឌិត​ថ្មីៗ  កុំព្យូទ័រ និង ឧបករណ៍​ពិសោធន៍​ផ្សេងៗ ស្ថិតក្នុង​បរិវេណ​សាកលវិទ្យាល័យ​ន័​រ​តុ​ន ក្រុមនិស្សិត​ដែលមាន​គ្នា​ប្រមាណ​១០​នាក់ ខ្លះ​កំពុងតែ​ចុច​កុំព្យូទ័រ ឯ​ខ្លះទៀត​កំពុង​ជជែក​ពិភាក្សាគ្នា​។ ដោយឡែក និស្សិត ស៊ន ពិសិដ្ឋ ដៃ​ម្ខាង​កាន់​តេ​ឡេ​បញ្ជា ឯ​ម្ខាង​ទៀត​កាន់​អាយ​ផេ​ត ភ្នែក​សំឡឹងមើល​អេក្រង់​អាយ​ផេ​ត ហាក់​កំពុង​ធ្វើ​អ្វី​ម្យ៉ាង​។ 
  
​លើ​អេក្រង់​អាយ​ផេ​ត ដែល ពិសិដ្ឋ កំពុងតែ​មើល​នេះ មាន​រូបភាព​វីដេអូ ដែល​អាច​ឲ្យ​គេ​មើលឃើញ​ទិដ្ឋភាព​អគារ មនុស្ស​ដើរ ម៉ូតូ រថយន្ត ហាក់ដូច​គេ​បាន​មើលឃើញ​ទិដ្ឋភាព​ទាំងនោះ​នឹង​ភ្នែក​ជាក់ស្តែង​អ៊ីចឹង​ដែរ​។ មួយសន្ទុះ​ក្រោយមក កូន​រថក្រោះ​តូច​មួយគ្រឿង ដោយមាន​បំពាក់​កា​ម៉េ​រា​ពីលើ​ផង​នោះ បាន​បរ​ចូលក្នុង​បន្ទប់​នោះ ទំនងជា​វា​ត្រូវបាន​គេ​បញ្ជា​ឲ្យ​ទៅ​បំពេញបេសកកម្ម​អ្វីមួយ​។ តាមពិតទៅ​រូបភាព​វីដេអូ ដែល ពិសិដ្ឋ កំពុងតែ​មើល​នេះ គឺជា​ព័ត៌មាន​បាន​ពី​កូន​រថក្រោះ​មួយ​នេះ​។ ពិសិដ្ឋ ហៅ​វា​ថា Spy Robot ដែលជា​រ៉ូ​បូត​ឈ្លបយកការណ៍​មួយ​ប្រភេទ​។​
 
​ជា​ភ្នាក់ងារ​ឈ្លបយកការណ៍ Spy Robot មាន​សម្ថ​ភាព​យ៉ាង​ពិសេស​។ វា​អាច​ចាប់យក​រូប​ភាពជា​វីដេអូ ពី​កន្លែង​ផ្សេងៗ តាម​ការចង់បាន​រប​ស់​អ្នកបញ្ជា​វា​។ ចំពោះ ពិសិដ្ឋ ការបង្កើត​វា​ឡើង គឺ​ចង់​ឲ្យ​វា​យក​ព័ត៌មាន​ជា​វីដេអូ នៅតាម​កន្លែង​ដែល​មនុស្ស​ពិបាក​នឹង​ចូល​បាន​។ អ្នក​ច្នៃប្រឌិត​រូបនេះ បាន​រៀបរាប់​ពី​គំនិត​របស់ខ្លួន​ថា​៖«​ខ្ញុំ​ចង់​ឲ្យ​វា​ទៅដល់​កន្លែង​ចង្អៀត ដែល​មនុស្ស​ពិបាក​ចូលដល់​។ ក្នុង​អគារ​បាក់បែក បើ​មនុស្ស​ចូលទៅ​អាច​គ្រោះថ្នាក់​»​។ ពិសិដ្ឋ បន្តទៀតថា​៖« តាមរយៈ​រ៉ូ​បូត​មួយ​នេះ យើង​អាច​ប្រមូល​ព័ត៌មាន​ពី​ទីតាំង​នោះបាន​។ មិន​ថា​មាន​មនុស្ស​គ្រោះថ្នាក់ ឬអ្វី​ទេ​»​។ Spy Robot អាច​ចាប់យក​រូបភាព​ក្នុង​ចម្ងាយ ៣០​ម៉ែត្រ ហើយ​ពេលយប់​ក៏​វា​អាច​ធ្វើការ​បានដែរ​។​
 
​ដើម្បី​អាច​បង្កើតជា​រ៉ូ​បូត​នេះ​ឡើង​បាន ពិសិដ្ឋ ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​មានកូន​ឡាន​១ ដែលមាន​ភ្ជាប់​ប្រព័ន្ធ​ទៅ​តេ​ឡេ​បញ្ជា​។ យើង​បំពាក់​កាំ​ម៉េ​រា​លើ​វា​(​កូន​ឡាន​) ដើម្បី​ឲ្យ​វា​បញ្ជូន​ព័ត៌មាន​ទៅ​អាយ​ផេ​ត ឬ​ស្មា​ត​ហ្វូ​ន​ក៏បាន​។ កា​ម៉េ​រ៉ា​ប្រើ​កម្មវិធី Wi-Fi ដែល​អាច​ឲ្យ​វា​បញ្ជូន​ព័ត៌មាន​ផ្សេងៗ​មក​ស្មា​ត​ហ្វូ​ន​។ គ្រាន់តែ​ចុច Password របស់​វា យើង​អាច​មើលរូប​ភាព​បាន​»​។ ពិសិដ្ឋ បន្តទៀតថា​៖« តួ​ឡាន ខ្ញុំ​ទិញ​គេ​។ តែ​ខ្ញុំ​បង្កើត​កម្មវិធី​ដោយ​ខ្លួនឯង​។ ប្រើ​កូន​ឡាន ឬអ្វី​ផ្សេង​ក៏បាន​»​។​
 
​ចំណាយពេល​មិន​ដល់​១​ខែ​ផង ពិសិដ្ឋ អាច​សម្រេច​ស្នាដៃ​នេះ​ឡើងមក​បាន​។ តែ​ទម្រាំ​បង្កើត​វា​បាន និស្សិត​រូបនេះ ត្រូវ​ឆ្លៀតពេល​ក្រៅ​ម៉ោង​សិក្សា ចូល​បន្ទាប់​ស្រាវជ្រាវ​ជា​រៀងរាល់ថ្ងៃ​។ ថ្ងៃ​ខ្លះ ពិសិដ្ឋ ត្រូវ​បន្ត​កិច្ចការ​ស្រា​ជ្រាវ​របស់ខ្លួន​ពេញ​មួយ​យប់​ទៀតផង​។ តែ​សម្រាប់ អ្នក​ច្នៃប្រឌិត​វ័យក្មេង​រូបនេះ មិន​ចាត់ទុកថា​វា​ជា​រឿង​ពិបាក និង​ត្រូវ​រាថយ​នោះទេ ព្រោះ​រូបគេ ចូលចិត្ត​ការងារ​នេះ​យ៉ាងខ្លាំង​។ ចំពោះ​ការចំណាយ​លើ​ឧបករណ៍​ផ្សេងៗ ពិសិដ្ឋ ទទួល​ការ​ឧបត្ថម​ថវិកា​ពីសា​លា ដោយ​រ៉ូ​បូត​១​គ្រឿង​នេះ ត្រូវ​ចំណាយ​ជាង ៣០០​ដុល្លារ​អាមេរិក​។​
 
«​កូន​ខ្មែរ ក៏​អាចធ្វើ​បានដែរ​»​។ នេះ​ជា​សំដី​ដ៏​ស្វាហាប់​ចេញពី​មាត់​ម្ចាស់​ស្នាដៃ Spy Robot ។ ពិសិដ្ឋ ថែមទាំង​ចង់ឃើញ​និស្សិត​ខ្មែរ អាចបង្កើត​ស្នាដៃ​ថ្មីៗ មិន​ចាញ់​បរទេស​ទៀតផង​។ ដោយមាន​ការតាំង​ចិត្ត និង​ចេះ​យក​ទ្រឹស្តី មក​អនុវត្ត​ជាក់ស្តែង ពិសិដ្ឋ​បានសម្រេច​បាន​ស្នាដៃ​ចំនួន​៥ រួចមកហើយ​។ Spy Robot ជា​ស្នាដៃ​ទី​៦ របស់​រូបគេ ដែល​ធ្លាប់​ត្រូវបាន​ដាក់តាំង​ក្នុង​ពិព័រណ៍​ស្នាដៃ​ក្នុង​សាលា​កន្លងមក​។ 
 
​ចម្ងាយ​៣០​ម៉ែត្រ វា​មិនទាន់​ធ្វើ​ឲ្យ អ្នក​ច្នៃប្រឌិត​រូបនេះ ស្ងប់ចិត្ត​ឡើយ​។ ពិសិដ្ឋ ចង់​ពង្រីក​សមត្ថភាព​របស់​វា​បន្ថែមទៀត​។ និស្សិត​រូបនេះ អះអាងថា ខ្លួន​អាចធ្វើ​ឲ្យ​វា​អាច​ចាប់យក​រូបភាព​ក្នុង​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ​ឯណោះ ក្នុងពេល​ខាងមុខ​។  ជាមួយគ្នានេះដែរ ពិសិដ្ឋ ចង់ឃើញ​រ៉ូ​បូត​របស់ខ្លួន អាច​បម្រើ​ដល់​មនុ​ស្សបាន តាមរយៈ​ប្រតិបត្តិការ ដែល​វា​ជា​អ្នកផ្តល់​ព័ត៌មាន​រូបភាព​ពី​កន្លែងកើតហេតុ​ផ្សេងៗ​។​
 
 
 

Tag:
 បទ​យកការណ៍​
  រ៉ូ​បូត​
© រក្សាសិទ្ធិដោយ thmeythmey.com