English-Français
សិល្បះ
សិល្បៈអន្តរជាតិ
តារាភាពយន្តល្បីល្បាញ ហុងកុង ត្រៀមខ្លួនថតរឿងរួមគ្នាជាមួយតារាខ្មែរ
× ភ្នំពេញ៖ កំពូលតារាភាពយន្តនៃស្ថានីយទូរទស្សន៍ហុងកុង TVB កញ្ញា Nancy Wu និងលោក Vincent Wong បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី ១៨ មិថុនាម្សិលមិញសម្រាប់កម្មវិធីអ្នកដែលមានមុខមាត់ដូច ឬស្រដៀងតារាទាំងពីរនៅលើកញ្ចក់ទូរទស្សន៍ PNN នៅថ្ងៃអាទិត្យនេះ។ ក្រោយពេលមកដល់ប្រទេសកម្ពុជាភ្លាម កញ្ញា Nancy Wu ផ្តល់បទសម្ភាសន៍ខ្លីជូនសារព័ត៌មានថ្មីៗ។
ខាងក្រោមនេះជាបទសម្ភាសន៍ខ្លីជាភាសាអង់គ្លេសរវាងលោក គី សុខលីម អគ្គនាយកសារព័ត៌មានថ្មីៗ និងកញ្ញា Nancy Wu តារាភាពយន្តល្បីល្បាញរបស់ ហុងកុង ដូចតទៅ៖
កញ្ញា Nancy Wu ត្រូវបានអញ្ជើញដោយទូរទស្សន៍ PPN ក្នុងកម្មវិធីអ្នកដែលមានមុខមាត់ដូច ឬស្រដៀងអ្នកនាងនៅលើកញ្ចក់ទូរទស្សន៍ PNN នៅថ្ងៃអាទិត្យនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ កញ្ញា បាននិយាយថា៖«អ្នកនាងសប្បាយចិត្ត និងចង់ជួបមនុស្សដែលមានមុខស្រដៀងអ្នកនាង ហើយអ្នកនាងនឹងអញ្ជើញពួកគេទៅទីក្រុង ហុងកុង ប្រទេសចិន»។
តាមពិត នៅក្នុងកម្មវិធីមុខស្រដៀងនឹងតារាភាពយន្ត ហុងកុង នេះ, ទូរទស្សន៍ PNN បានជ្រើសរើសមនុស្សពីរនាក់, នារីម្នាក់ និងបុរសម្នាក់ ដែលគេសន្មត់ថា មានមុខដូចតារាភាពយន្ត ហុងកុង កញ្ញា Nancy Wu និងលោក Vincent Wong។
ក្រៅពីកម្មវិធីមុខស្រដៀងគ្នានេះ កញ្ញា Nancy Wu បាននិយាយថា អ្នកនាងរំភើបណាស់នៅពេលដែលអ្នកនាងបានជាន់ជើងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជាលើកទីមួយនេះ។ អ្នកនាងនិយាយថា៖«អ្នកគាំទ្រខ្មែរស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏រំភើបនៅពេលដែលបានជួបពួកគេ»។ នៅពេលដែលអ្នកសារព័ត៌មានសួរថា តើបុរស និងនារី ខ្មែរស្អាត និងសង្ហាឬទេនោះ? អ្នកនាងតារាភាពយន្ត ហុងកុង ឆ្លើយមកវិញថា៖«ពួកគេសង្ហា និងស្អាត ហើយជាពិសេស ពួកគេញញឹមរហូត»។
ទាក់ទងទៅនឹងសំណួរដែលសួរថា តើអ្នកនាងយល់ព្រមទេ ប្រសិនបើមានគេអញ្ជើញអ្នកនាងឲ្យចូលរួមថតនៅក្នុងខ្សែភាពយន្តខ្មែរនោះ ត្រង់ចំណុចនេះ អ្នកនាងឆ្លើយមកវិញដោយឥតបង្អង់ថា«Welcome»ដោយអ្នកនាងបញ្ជាក់បន្ថែមថា ប្រទេសទាំងពីរគួរមានឱកាសសហការគ្នាឲ្យបានច្រើនលើវិស័យភាពយន្ត។
ជារួម កញ្ញា Nancy Wu បង្ហាញអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងក្នុងរយៈពេលស្នាក់នៅកម្ពុជា។ តែអ្វីដែលរំខានអ្នកនាងបន្តិចនោះ គឺអាកាសធាតុរាងក្តៅបន្តិច។ អាកាសធាតុក្តៅមែន តែតារាភាពយន្តរូបនេះនិយាយថា៖«មេឃមានពណ៌ខៀវបៃតងស្រស់ល្អ និងស្រឡះល្អណាស់»៕
© រក្សាសិទ្ធិដោយ thmeythmey.com