ពីនេះ ពីនោះ
«​សួស្ដី និង ជម្រាបសួរ​» ពិបាក​និយាយ​ជាង​« Hello or Hi»​ឬ​យ៉ាងណា​?
29, Jun 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅពេល​បាន​ជួបគ្នា និយាយថា « Hello or Hi», ពេល​លើក​ទូរ​សព្ទ​និយាយថា «Hello or Hi» នោះ​គឺជា​ពាក្យ​ដែល​ពេញនិយម​នៅក្នុង​ការប្រើប្រាស់​សម្រាប់​ស្រទាប់​យុវវ័យ​ខ្មែរ​សម័យថ្មី​នេះ ជាជាង​និយាយថា «​សួស្ដី និង ជម្រាបសួរ​»​ពេលដែល​ជួបគ្នា ឬ​លើក​ទូរ​សព្ទ​ជាដើម​។​



​តើ​ពាក្យ​ខ្មែរ ពិតជា​ពិបាក​និយាយ​មែន​ទេ​? ឬមួយ​ពាក្យ​«​សួស្ដី និង ជម្រាបសួរ​» មាន​អត្ថន័យ​មិនល្អ ដូច​ពាក្យ​ថា​« Hello or Hi»? នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​អត្ថន័យ​នៃ​ពាក្យ «​សួស្ដី​» ថា​សេចក្ដីសុខ​ស្រួល​, សេចក្ដីចម្រើន​ដោយ​សុខ​។ នៅក្នុង​ការប្រើប្រាស់​ពាក្យ​នេះ គេ​ប្រើ​សម្រាប់​និយាយ​ទៅកាន់​ដៃគូ ឬ​មនុស្ស​អ្នកដទៃ​ដែល​បាន​ជួបគ្នា​។ ចំណែក​ពេលខ្លះ​គេ​និយម​ប្រើពាក្យ​ថា​«​ជម្រាបសួរ​» ក៏បាន ដោយ​បូករួម​ជាមួយ​កាយវិការ​ប្រណម​ចូលគ្នា ហើយ​បង្ហាញ​ការគោរព​ទៅតាម​ឋានៈ​នៃ​បុគ្គល​។​

​ប៉ុន្តែ​ទោះជា​យ៉ាងណា ក្នុង​ភាសា​និយាយ​ប្រចាំថ្ងៃ យុវជន​ភាគច្រើន គឺ​និយម​និយាយ​ខ្លាំងណាស់​ថា​« Hello or Hi» ហើយ​ចាប់ដៃ ឬ​លើកដៃ​ឡើងលើ​បង្ហាញ​សញ្ញា​ថា​បាន​ជួប​។ ជាពិសេស​ទៅទៀត ពេល​លើក​ទូរ​សព្ទ​ភ្លាម​គឺ​ពាក្យ​ដំបូង​ដែល​គេ​និយាយ​គឺ​« Hello or Hi» បាន​បន្ទាប់មក​ទើប​និយាយថា​«​ជម្រាបសួរ​»​តាម​ក្រោយ​។​

​ជារួម​មក នេះ​ជាការ​ពញ្ញាក់​អារម្មណ៍​ថា ការចេះ​ប្រើប្រាស់​ភាសាបរទេស​គឺ​ល្អ ប៉ុន្តែ​ពេលខ្លះ​បើ​មិនចាំបាច់​គួរ​នាំគ្នា​លើកស្ទួយ​វប្បធម៌​ខ្លួនឯង​តាមរយៈ​ការប្រើប្រាស់​ភាសា​ផង​។ ហេតុនេះ​ភាសា​ត្រូវ​ស្គាល់​កាលៈទេសៈ​និង​បរិបទ​នៃ​ការប្រើប្រាស់​ឲ្យ​បានច្បាស់លាស់​។​

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com