អត្ថបទពាណិជ្ជកម្ម
​យុវ​តារា ឌី​ជេ​ណា​ណា កាន់​កម្មវិធី​ទូរទស្សន៍​ថ្មី​មួយ​និយាយ​ពី​បញ្ហា​បរិស្ថាន​
29, Jun 2016 , 2:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្មីៗ​នេះ​អ្នកដឹកនាំ​យុវវ័យ​លេចធ្លោ​មួយរូប​កំពុងកាន់​កម្មវិធី​ថ្មី​មួយ​និយាយ​ពី​បញ្ហា​បរិស្ថាន​ដែល​មា​ឈ្មោះ “​វៃឆ្លាត បរិស្ថាន​ស្អាត​”​។​

​កញ្ញា នាង សុ​វ៉ា​ត់​ណា ឬ​ឌី​ជេ​ណា​ណា ជា​ប្រធាន​ក្រុម​ដឹកនាំ​ពិធីករ​ក្មេងៗ​មួយក្រុម​ដែលមាន សមាជិក​បួនរូប​។ កម្មវិធី​នេះ​មាន​ចំនួន ១៣​ភាគ ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន រៀងរាល់ថ្ងៃ​អាទិត្យ វេលា​ម៉ោង ១​រសៀល​។​

​នៅ​រៀងរាល់​សប្តាហ៍ ឌី​ជេ​ណា​ណា បញ្ជូន​ពិធីករ​របស់ខ្លួន​ទៅ​ស្វែងរក​ព័ត៌មាន​ទាក់ទង​នឹង​ការផ្តួចផ្តើម ច្នៃប្រឌិត​បៃតង​នៅ​គ្រប់​ទីកន្លែង​ពាសពេញ​ផ្ទៃ​ប្រទេស​និង​ទៅ​ជួប​ជាមួយ​ឯក​ត្ត​បុគ្គល​ឬ​ក្រុមហ៊ុន ដែលមាន​គោលដៅ​ក្នុងការ​ថែរក្សា​បរិស្ថាន​។​គោលដៅ​នៃ​កម្មវិធី​គឺ​សំដៅ​ទៅលើ​ក្រុម​យុវវ័យ​និង លើកទឹកចិត្ត​ទូរទស្សនិកជន​ឲ្យ​ចូលរួម​ទទួលស្គាល់​កែលម្អ​លើកតម្កើង​ពិភពលោក​ដែល​យើង​កំពុង​រស់នៅ​។

​រៀងរាល់​សប្តាហ៍​កម្មវិធី​លើក​ប្រធានបទ​បី​មក​បង្ហាញ​មានដូចជា​៖ ជម្រើស​ក្នុងការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ការថែរក្សា​ការពារ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ដូចជា​សត្វ​ខ្លាធំ ឬ​ដំរី សក្តានុពល​នៃ​ថាមពលព្រះអាទិត្យ
​សារៈសំខាន់​នៃ​ជីវចម្រុះ គុណសម្បត្តិ​នៃ​កសិកម្មសរីរាង្គ ជាដើម​។​

​ខ្លឹមសារ​នៃ​កម្មវិធី​មាន​លក្ខណៈ​វិជ្ជមាន​។ ឌី​ជេ​ណា​ណា និង​ពិធីករ តែងតែ​លើកយក​គំនិត​ថ្មីៗ និង​ដំណោះស្រាយ​សាមញ្ញ​បង្ហាញ​ទូរទស្សនិកជន​ដែល​អាច​អនុវត្តតាម ហើយ​នាំមក​នូវ​ការកែប្រែ​ធំ​មួយ​។​កម្មវិធី​“​វៃឆ្លាត​បរិស្ថាន​ស្អាត​” លើកឡើង​នូវ​បញ្ហា​ធំៗ​ដោយ​បង្កប់ នូវ​ការកម្សាន្ត​និង​ព័ត៌មាន​ក្នុងពេល​តែមួយ​។​



​កម្មវិធី “​វៃឆ្លាត បរិស្ថាន​ស្អាត​” ថត និង​ផលិត​ដោយ​ផលិត​ខ្មែរ​មេគង្គ​ក្រោម​កិច្ច​សហ​ប្រតប​ត្តិ​ការ ជាមួយ​ក្រសួងបរិស្ថាន និង​គាំទ្រ​ឧបត្ថម្ភ​ដោយ Winrock និង USAID​។​

​សំដី​របស់​ឌី​ជី​ណា​ណា​
​ពេល​យើង​រៀន​នៅ​សាលា​ពាក្យ​ថា​បរិស្ថាន​មានន័យថា​អ្វីៗ​គ្រប់យ៉ាង​នៅ​ជុំវិញខ្លួន​យើង និង​មាន​សារៈ សំខាន់​ខ្លាំងណាស់​។ ប៉ុន្តែ​យើង​មិន​យល់ថា​ហេតុអ្វី​វា​សំខាន់​ទេ​។​
​កម្មវិធី​នេះ​ប្រៀបដូចជា​នាឡិការោទិ៍​ដាស់តឿន​ក្មេងៗ​ជំនាន់​ក្រោយ និង​ធ្វើ​ឲ្យ​ពួកគេ​ដឹងថា គ្រប់គ្នា​មាន តួនាទី​យ៉ាងសំខាន់​ក្នុងការ​ការពារ​បរិស្ថាន ហើយ​វា​ជា​អ្វីដែល​យើង​ត្រូវជា​ចាំបាច់​។​

​ការថែរក្សា​ការពារ​បរិស្ថាន លែង​ជា​ផ្នែក​មួយ​នៃ​កិច្ចអភិវឌ្ឍន៍​ទៀតហើយ តែ​វា​ជាការ​ធានា​នូវ​ភាព​រស់រានមានជីវិត​របស់​ពួកយើង​និង​កូនចៅ​ជំនាន់​ក្រោយ​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com