អន្តរជាតិ
ហូ​ឡង់ និង​អ៊ីតាលី ដាក់​វេន​គ្នា​អង្គុយ​កៅអី​ក្រុមប្រឹក្សាសន្តិសុខ មួយឆ្នាំ​ម្តង
29, Jun 2016 , 4:46 pm        
រូបភាព
​កៅអី​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ចំនួន​៤ ត្រូវបាន​បំពេញ​ហើយ បន្ទាប់ពី​សមាជិក​ចាស់​ចប់​អាណត្តិ​។ ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ កៅអី​សមាជិក​ទី​៥ ត្រូវបាន​ហូ​ឡង់ និង​អ៊ីតាលី ដាក់​វេន​គ្នា​អង្គុយ បន្ទាប់​ប្រទេស​ទាំងពីរ​ទទួល​បានកា​រ​គាំទ្រ​ប្រកៀក​ប្រកិត​គ្នា​ពេក​។​



​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២៨ ខែមិថុនា បាន​បោះឆ្នោត​ជ្រើស​សមាជិក​ប្រាំ​ប្រទេស​សម្រាប់​កៅអី​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​ប្រជាជាតិ​។ ស៊ុយ​អ៊ែត កា​ហ្សា​ក់​ស្ថាន អេ​ត្យូ​ពី និង បូ​លី​វី ត្រូវបាន​ជ្រើសរើស​ដើម្បី​ជំនួស​កៅអី អង់​ហ្គោ​ឡា ម៉ាឡេស៊ី ណូ​វែ​ល​ហ្សេ​ឡង់ អេ​ស្ប៉ា​ញ និង​វ៉េ​ណេ​ស៊ុយ​អេ​ឡា ។ តែ​សម្រាប់​កៅអី​មួយទៀត ត្រូវបាន​បែងចែក​ការ​កាន់តំណែង​រយៈពេល​មួយឆ្នាំ​ម្នាក់ ដ្បិត​គូប្រជែង​ហូ​ឡង់ និង​អ៊ីតាលី មាន​សំឡេង​ប្រហាក់ប្រហែលគ្នា​។​

​បន្ទាប់ពី​ការបោះឆ្នោត​៥​ជុំ​រួចមក ហូ​ឡង់ និង​អ៊ីតាលី ដែល​មកពី​តំបន់​អឺរ៉ុប ទទួលបាន​សំឡេងគាំទ្រ​៩៥​ដូចគ្នា ខណៈដែល​សំឡេង​ចាំ​ចាច់​សម្រាប់​ជ័យជម្នះ គឺ​១២៧​សំឡេង​។ ស្ថានភាព​បាន​ធូរស្រាល បន្ទាប់​ការ​សម្រាក​ពីរដង ដែល​ប្រកាស​ដោយ​ប្រធាន​មហាសន្និបាត លោក Mogens Lykketoft​។ រដ្ឋមន្ត្រីការបរទេស​ហូ​ឡង់ និង​អ៊ីតាលី បាន​ឯកភាព​ដាក់​វេន​គ្នា​សម្រាប់​កៅអី​សមាជិក​នេះ ដោយ​អ៊ីតាលី នឹង​កាន់តំណែង​ក្នុង​ឆ្នាំ​២០១៧ ហើយ​សម្រាប់​ហូ​ឡង់ គឺ​ឆ្នាំ​២០១៨​។​

​សារព័ត៌មាន China Daily ផ្សាយ​ថា កិច្ចព្រមព្រៀង​នេះ ត្រូវការ​ការយល់ព្រម​ពី​ក្រុម​ប្រទេស​លោកខាងលិច ដែល​នឹង​ជួបគ្នា​នៅ​ថ្ងៃទី​២៩ ខែមិថុនា ហើយ​ពិតណាស់ ពួកគេ នឹង​យល់ព្រម​លើ​កិច្ចព្រមព្រៀង​នេះ​។ បន្ទាប់ពីនោះ លោក Lykketoft នឹង​កោះប្រជុំ​មហាសន្និបាត​ឡើងវិញ ដើម្បី​សម្រេច​ជា​ចុងក្រោយ​លើ​កិច្ចព្រមព្រៀង​ខាងលើនេះ​។ 

​ការបែងចែក​អាណត្តិ ជា​សមាជិក​នៅ​ក្រុមប្រឹក្សា​សន្តិសុខសម្រាប់រ​យៈ​ពេល​ពីរ​ឆ្នាំ មិនមែនជា​រឿង​ថ្មី​នោះ​។ បញ្ហា​របៀប​ប​នេះ ធ្លាប់​កើតឡើង​យ៉ាងតិច​ប្រាំ​ដង នៅក្នុង​ពាក់កណ្ដាល​ទសវត្សរ៍​ឆ្នាំ​១៩៥០ និង​ឆ្នាំ​១៩៦០ ជាដើម​។ ជាក់ស្ដែង​នោះ គឺ​ក្នុង​អាណត្តិ​ឆ្នាំ​១៩៦៤-១៩៦៥ ពេលនោះ​ឆេ​កូ​ស្លូ​វ៉ា​គី ធ្វើជា​សមាជិក​ក្នុង​ឆ្នាំ​១៩៦៤ ចំណែក​ម៉ាឡេស៊ី ជា​សមាជិក​ឆ្នាំ​១៩៦៥​។ 

​ប្រទេស​ដែលជា​ប់​ជ័យលាភី​ក្នុង​តំណែង​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ នឹងត្រូវ​ចាប់​បម្រើការ​ផ្លូវការ​ពីថ្ងៃ​ទី​០១​ខែមករា ឆ្នាំ​២០១៧​ដល់​ចុងឆ្នាំ​២០១៨​។ តាមពិតទៅ ជា​ទម្លាប់​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ តែង​ធ្វើ​នៅ ខែតុលា ឬ​ចុងឆ្នាំ​។ យ៉ាងណាក៏ដោយ ដោយសារ​ពេលវេលា​សម្រាប់​សមាជិក​ដែល​ជាប់ឆ្នោត​មាន​រយៈពេល​ខ្លី​ពេល​សម្រាប់​ការរៀបចំ​ខ្លួន ទើប​មហាសន្និបាត​អង្គការសហប្រជាជាតិ​សម្រេច បោះឆ្នោត មុនពេល​ពេល​នៃ​ការ​កាន់តំណែង​រយៈពេល​៦​ខែ​វិញ​៕ 


Tag:
 ហូ​ឡង់​
 ​ អ៊ីតាលី​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com