ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ប្រាប់​បរទេស​កុំ​យក​ជំនួយ​មក​គាបសង្កត់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​
29, Jun 2016 , 8:39 pm        
រូបភាព
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា កម្ពុជា​នឹង​បន្តដំណើរ​ការបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាង ឆ្នាំ​២០១៨ ជាធម្មតា ដោយ​គ្មាន​ការរាំងស្ទះ​អ្វី​ឡើយ​។  បើទោះជា​មិន​និយាយ​ចំឈ្មោះ​ឯកឧត្តម កឹម សុខា ក្តី តែ​ប្រមុខ​រដ្ឋាភិបាល បាន​អះអាងថា ករណី​រឿងអាស្រូវ​ផ្លូវភេទ​របស់​អ្នកនយោបាយ គឺជា​រឿង​បុគ្គល មិនមែនជា​រឿង​នយោបាយ​ទេ ហើយ​បរទេស​កុំ​យក​ជំនួយ​មក​គាបសង្កត់​និង​គំរាមកំហែង ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ដោយសារ​ករណី​បុគ្គល​នយោបាយ​នេះ​។​



​ថ្លែង​ចំពោះមុខ​បណ្ដា​អង្គទូត​នៅ​ព្រឹក​នេះ សម្ដេច ហ៊ុន សែន បញ្ជាក់ថា បើសិនជា​ម្ចាស់ជំនួយ​បរទេស មិន​ផ្ដល់ជំនួយ​ដល់​ការចុះឈ្មោះ​បោះឆ្នោត​នៅ​កម្ពុជា ដោយសារតែ​រឿង​មេដឹកនាំ​បក្សប្រឆាំង​នេះ រដ្ឋាភិបាល​លោក​នឹង​ចំណាយ​ថវិកា​បោះឆ្នោត​ខ្លួនឯង ដោយ​មិន​រង់ចាំ​ពឹង​ជំនួយ​នេះឡើយ​។ «​កុំ​ឲ្យ​ថា​កម្ពុជា​ស្អី​ពឹង​គេ ស្អី​ក៏​ពឹង បើ​ជួយ​ក៏​ជួ​យមក បើ​មិន​ជួយ​ក៏​អត់​ទៅ កុំ​ចាំបាច់​និយាយ​ច្រើនពេក​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​។​

​សូម​ស្ដាប់​ប្រសាសន៍​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ខួប​លើក​ទី​៦៥​ឆ្នាំ នៃ​ការបង្កើត​ស្ថាប័នគយ និង​រដ្ឋាករ​កម្ពុជា​នៅថ្ងៃនេះ​៖



​ទាក់ទិន​នឹង​ដំណើរការ​បោះឆ្នោត​នេះ អ្នកនាំពាក្យ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​លោក ហង្ស ពុទ្ធា អះអាងថា ទោះបីជា​គ្មាន​ជំនួយ​ពី​បរទេស ជួយ​ដល់​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​នៅពេល​ខាងមុខ​ក្ដី ក៏​កម្ពុជា​អាច​រៀបចំ​ចុះឈ្មោះ​បោះឆ្នោត​ដោយ​ខ្លួន​បានដែរ ព្រោះ គ​.​ជ​.​ប បាន​ត្រៀម​ថវិកា​ចំនួន​២៣​លាន​ដុល្លារ​រួចរាល់​ហើយ សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត ដោយ​ក្នុងនោះ​មាន​ជំនួយ​ពី​ខាង​សហភាព​អឺរ៉ុប (EU) ចំនួន​៦,៧​លាន​ដុល្លារ និង​ជប៉ុន ចំនួន ១,១ លាន​ដុល្លារ​។ បើតាម​លោក ហង្ស ពុទ្ធា ក្រៅពី​ថវិកា​២៣​លាន​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​នេះ គ​.​ជ​.​ប ក៏បាន​ត្រៀម​ថវិកា​សម្រាប់​ដំណើរការ​បោះឆ្នោត​ទាំងមូល​ក្រោម​២០​លាន​ដុល្លារ​ផងដែរ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​គ​.​ជ​.​ប រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​បើ​មិនមាន​ជំនួយ​បរទេស ក៏​មិនមាន​អ្វី​ប៉ះពាល់​ដល់​ដំណើការ​ចុះឈ្មោះ​បោះឆ្នោត និង​ការបោះឆ្នោត​កម្ពុជា​ដែរ ព្រោះ គជប បានស្នើ​កញ្ចប់​ថវិកា​ទៅ​រដ្ឋាភិបាល​ហើយ ហើយ​ជំនួយ​ថវិកា​ពី​បរទេស​នោះ​គ្រាន់តែ​ជា​ចំណែក​មួយ​ក្នុងការ​កាត់បន្ថយ​ចំណាយ​រដ្ឋាភិបាល​ប៉ុណ្ណោះ បានន័យថា​បើសិនជា​ពួកគេ​ផ្ដល់ជំនួយ គឺ​វា​ជួយ​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋាភិបាល​លើ​ការបោះឆ្នោត​ប៉ុណ្ណឹង​»​។ បើតាម​លោក ហង្ស ពុទ្ធា ដំណើរការ​ចុះឈ្មោះ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១ ខែកញ្ញា​ខាងមុខនេះ ។

​ជុំវិញ​ដំណើរការ​បោះឆ្នោត​នេះដែរ ប្រធាន​ស្តី​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា បាន​ពិភាក្សា​ជាមួយ​បណ្ដា​អង្គទូត​អឺរ៉ុប​ប្រចាំ​កម្ពុជា ដោយ​ស្នើ​ឲ្យ​សហគមន៍​អឺរ៉ុប​បន្ត​ជួយ​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​នាពេល​ខាងមុខនេះ ដើម្បី​ធានា​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ សម្រាប់​គ្រប់ភាគី​ទទួលយកបាន​។​

​កន្លងមក​នាយក​ប្រតិបត្តិ​មូលនិធិ​កូហ្វី​អាណាន់ លោក អា​ឡាំង ដូ​ស បាន​ជួបពិភាក្សា​ជាមួយ​គណកម្មាធិការ​រៀប​ចំការ​បោះឆ្នោត (​គជប​) និង​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​មូលនិធិ​កូហ្វី​អាណាន់ សន្យាថា​នឹង​ជួយ​ជ្រោមជ្រែង និង​សម្របសម្រួល​ការបោះឆ្នោត​នៅ​កម្ពុជា ឲ្យ​មាន​ប្រសិទ្ធភាព ខណៈដែល​ជប៉ុន និង​សហភាព​អឺរ៉ុប កំពុង​ជួយ​ជំនួយ​បច្ចេកទេស និង​ថវិកា​ដល់​ការបោះឆ្នោត​នេះ​៕


Tag:
 ហ៊ុន សែន​
  ​បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com