ជាតិ
កម្ពុជា​បង្កើត​ច្បាប់​ការពារ​សាក្សី​និង​បុគ្គល​រាយការណ៍​
29, Jun 2016 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ សេចក្តីព្រាងច្បាប់​ចំនួន​២ កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការ​ចងក្រង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។ កាតព្វកិច្ច​នៃ​ការតាក់តែង​សេចក្តីព្រាង​ច្បាប់​ទាំងនេះ ត្រូវបាន​រាជរដ្ឋាភិបាល​ប្រគល់​ទៅ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។



​សេចក្តីព្រាងច្បាប់​ការពារ​សាក្សី និង​សេចក្តីព្រាងច្បាប់​ការពារ​បុគ្គល​រាយការណ៍ បានកើត​ឡើង​ពី​ឆន្ទៈ​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ សេចក្តីសម្រេច​ក្នុងការ​បង្កើត​ច្បាប់​ទាំង​២​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២២ ខែឧសភា​ឆ្នាំ​២០១៥ កន្លងទៅ​។

​ច្បាប់​ការពារ​សាក្សី មាន​គោលបំណង​លើកកម្ពស់​ប្រសិទ្ធភាព យុត្តិធម៌ និង​ការបង្ក្រាប​បទល្មើស តាមរយៈ​ការបង្កើត ការពង្រឹង​យន្តការ​នានា និង​ការការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​សាក្សី រួមទាំង​បុគ្គល​ពាក់ព័ន្ធ​ទាំងឡាយ​។

​ចំណែកឯ គោលបំណង​នៃ​ច្បាប់​ការពារ​បុគ្គល​រាយការណ៍ គឺ​ដើម្បី​ធានា​សុវត្ថិភាព ទប់​ស្តា​ត់ និង​លុបបំបាត់​នូវ​ផលវិបាក ដែល​អាច​កើតមាន​ដល់​អ្នក ដែល​រាយការណ៍​ពីបទ​ល្មើស​នានា​ទៅដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​។ ដូច្នេះ​ច្បាប់​មួយ​នេះ នឹង​ជំរុញ​ឲ្យ​មាន​តម្លាភាព ប្រសិទ្ធភាព ការបំពេញ​តួនាទី​នៅតាម​អង្គភាព​និង​ស្ថាប័ន​នានា តាមរយៈ​ការធានា ការបង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់​ព័ត៌មាន​ពីបទ​ល្មើស ដែល​ជន​ទុច្ចរិត​បាន​ប្រព្រឹត្ត​។

​បន្ទាប់ពី​ចំណាយពេល​អស់​ជាច្រើន​ខែ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​លើ​ឯកសារ​ច្បាប់ និង​អត្ថបទ​ពាក់ព័ន្ធ​ផ្សេងៗ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានចាប់ផ្តើម​រៀបចំ​សិក្ខាសាលា​លើកដំបូង ដើម្បី​ពិភាក្សា​និង​ផ្តល់យោបល់​គ្នា ជុំវិញ​សេចក្តីព្រាងច្បាប់​ទាំង​២ នៅ​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦​។ សិក្ខាសាលា​នេះ មានការ​ចូលរួម​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ប្រមាណ​ជាង​១០០​ក់ ដូចជា​រដ្ឋសភា ក្រសួង តុលាការ វិស័យ​ឯកជន និង​អង្គការក្រៅរដ្ឋាភិបាល​។

​សិក្ខាសាលា​នេះ គឺជា​ជំហាន​ដំបូង​ក្នុង​រៀបចំ​គ្រោងឆ្អឹង​នៃ​សេចក្តីព្រាងច្បាប់​ទាំង​២​ខាងលើ​។ ក្រោយពី​បញ្ចប់​សិក្ខាសាលា​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​ចាប់ផ្តើម​តាក់តែង​ខ្លឹមសារ​នៃ​ច្បាប់​ទាំង​២ តែម្តង​។ យ៉ាងណាក៏ដោយ ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​មួយ​នេះ សង្ឃឹមថា ការរៀបចំ​សេចក្តីព្រាង​ច្បាប់​ទាំង​២​នេះ នឹងត្រូវ​បញ្ចប់ មុន​ឆ្នាំ​២០១៦​។​

​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ថ្លែងថា មុននឹង​បង្កើត​សិក្ខាសាលា​នៅថ្ងៃនេះ កម្ពុជា​បាន​សិក្ខា​ពី​បណ្តា​ប្រទេស​ជាច្រើន ទាក់ទង​នឹង​ច្បាប់​ការពារ​សាក្សី​។ លោក បាន​រៀបរាប់​ពី​កត្តា​សំខាន់ៗ​មួយចំនួន អំពី​ច្បាប់​ការពារ​សាក្សី ដូចជា ការកំណត់​ថវិកា​ដំណើការ និង​ការកំណត់​ពេលវេលា​ឲ្យ​បានច្បាស់លាស់ រួមទាំង​វិសាលភាព​ក្នុងការ​ការពារ​សាក្សី​។

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រូបនេះ​បានបញ្ជាក់​បែបនេះ​ថា​៖«​សម្រាប់​ច្បាប់​ការពារ​សាក្សី យើង​បាន​មើល​១៤​ប្រទេស​ឯណោះ​។ យើង​មើល​ច្រើន​ប្រទេស​។ ចំណុច​សំខាន់​ទី​១ គឺ​កញ្ចប់​ថវិកាជាតិ ហើ​ទី​២ គឺ​រយៈពេល​ការពារ​សាក្សី ព្រោះ​យើង​មិនមែន​ការពារ​មួយជីវិត​ឯណា​។ [………..] វិសាលភាព​និង​វិធានការ​ការពារ​ក៏​ជា​ចំណុច​១​សំខាន់ ជំនួយ​និង​ការលើកទឹកចិត្ត ក៏មាន​សារសំខាន់​ដែរ​»៕


Tag:
 ច្បាប់​
  សាក្សី​
  អ្នករាយការណ៍​
  ACU
  ឱម យ៉ិនទៀង
© រក្សាសិទ្ធិដោយ thmeythmey.com