ជាតិ
សង្គមជាតិ
ឆ្នាំ​២០២០ កម្ពុជា ទទួលបាន​ជំនួយ​២៣៨​លាន​ដុល្លារ​ពី​ជប៉ុន
28, Jan 2021 , 8:59 am        
រូបភាព
ជំនួបរវាងលោក អូន ព័ន្ធមុនីរ័ត្ន និង អ្នកស្រី Kamei Haruko (រូបពីក្រសួងសេដ្ឋកិច្ច)
ជំនួបរវាងលោក អូន ព័ន្ធមុនីរ័ត្ន និង អ្នកស្រី Kamei Haruko (រូបពីក្រសួងសេដ្ឋកិច្ច)
ដោយ:
​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០២០ កម្ពុជា ទទួលបាន​ជំនួយ​២៣៨​លាន​ដុល្លារ ពី​រដ្ឋាភិបាល​ជប៉ុន​ស​ម្រា​ប់​ស្តារ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ដែល​ផ្តោតលើ​វិស័យ​សំខាន់ៗ ដូចជា វិស័យ​សុខាភិបាល អប់រំ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពាន កំពង់ផែ ថាមពល​អគ្គិសនី និង ការផ្គត់ផ្គង់​ទឹកស្អាត ជាដើម​។ នេះ​បើតាម​ការអះអាង​របស់​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ក្នុងជំនួប​ជាមួយ​អ្នកស្រី Kamei Haruko ប្រធាន​ថ្មី​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (Jica) កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១​។

 
​ខ្លឹម​នៃ​ជំនួប​រវាង​លោក អូន ព័ន្ធមុនីរ័ត្ន និង​អ្នកស្រី Kamei Haruko ត្រូវបាន​ចុះផ្សាយ​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច​។ បើតាម​សេចក្តីជូនដំណឹង លោក អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់ថា ជំនួយ​ជា​ថវិកា​របស់​រដ្ឋាភិបាល​ជប៉ុន គឺជា​ចំណែក​មួយ​ក្នុង​ការស្តារ​សេដ្ឋកិច្ច ជំរុញ​ឲ្យ​សេដ្ឋកិច្ច​មាន​កំណើន​ឡើងវិញ និង​ស្តារ​សង្គម​កម្ពុជា ក្រោយពី​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ 
 
​លោក មានប្រសាសន៍​ទៅកាន់​ប្រធាន​ថ្មី​របស់​អង្គការ Jica ថា​៖«​ទឹកប្រាក់​២៣៨​លាន​ដុល្លារ​អាមេរិក ចូលរួមចំណែក​ជាមួយនឹង​ដៃគូ​អភិវឌ្ឍន៍​នានា​ជួយ​គាំទ្រ​សកម្មភាព​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ឆ្លើយតប​ទៅនឹង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ លើ​បញ្ហា​សុខភាព សង្គម និង​សេដ្ឋកិច្ចកម្ពុជា សំដៅ​រក្សា​លំនឹង​សេដ្ឋកិច្ច សង្គម​»​។ 
 
​លោក​រដ្ឋមន្ត្រី បាន​និយាយថា រដ្ឋាភិបាល​ជប៉ុន​តែងតែ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ផ្លូវការ (ODA) ដើម្បី​ជួយ​អភិវឌ្ឍ​សង្គម​កម្ពុជា​។ លោក សង្ឃឹមថា​រដ្ឋាភិបាល​ជ​ប៉ុន​នឹង​បន្ត​ជួយ​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យសេដ្ឋកិច្ច និង​សង្គម​កម្ពុជា និង​ប្រទេស​ជប៉ុន​ឲ្យ​កាន់តែ​ល្អ​ប្រសើរឡើង​បន្ថែមទៀត​។ 
 
​ជាមួយគ្នានេះ លោកស្រី KAMEI Haruko ថ្លែង​នៅមុខ​លោក អូន ព័ន្ធមុនីរ័ត្ន​ថា ជប៉ុន​នឹង​បន្ត​ផ្តល់​ហរិ​ញ្ញ​ប្ប​ទាន​ឥត​សំណង និង​ជំនួយ​បច្ចេកទេស​ដល់​កម្ពុជា​៕ 
 
 

Tag:
 ថវិកា​
 ​ជំនួយ​
 ​កម្ពុជា​
 ​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com