ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ច្បាប់ថ្មី៖ រដ្ឋ អាចហាមឃាត់ការធ្វើដំណើរ និង បិទតំបន់ណាមួយ ដើម្បីទប់ស្កាត់ជំងឺរាតត្បាត
04, Mar 2021 , 5:59 pm        
រូបភាព
សកម្មភាពសមត្ថកិច្ចបិទការចេញចូលកោះពេជ្រ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ រូបពី AFP
សកម្មភាពសមត្ថកិច្ចបិទការចេញចូលកោះពេជ្រ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ រូបពី AFP
ដោយ: ថ្មីៗ
ឧបករណ៍ច្បាប់ ដែលតាក់តែងកន្លងមក ទំនងជាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ក្នុងការទប់ស្តាត់ជំងឺកូវីដ-១៩។ ហេតុនេះ ជំរុញឲ្យរដ្ឋាភិបាល តាក់តែងសេចក្តីព្រាងច្បាប់ថ្មីមួយបន្ថែមទៀត គឺ «សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ដើម្បីឲ្យការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ ដែលកំពុងរាលដាលនៅកម្ពុជា កាន់តែមានប្រសិទ្ធភាពនិងគ្រប់ជ្រុងជ្រោយ។

 

សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានផ្តល់សិទ្ធិអំណាចមួយចំនួនដល់រដ្ឋាភិបាល ដើម្បីប្រើប្រាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ឬជំងឺរាតត្បាតនានា។   
 
មាត្រា៤នៃសេចក្តីព្រាងច្បាប់នេះ ចែងថា ដើម្បីឆ្លើយតបទាន់ពេលវេលា ក្នុងការប្រយុទ្ធនិងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋាភិបាលកម្ពុជា អាចដាក់ចេញវិធានការមួយចំនួនជាបណ្តោះ រួមមាន ហាមឃាត់ការធ្វើដំណើរ ហាមឃាត់ការជួបជុំ ហាមឃាត់ការធ្វើពាណិជ្ជកម្ម និង ហាមឃាត់សកម្មភាពការងារនៅកន្លែងណាមួយ ជាដើម។ មាត្រា៤នេះ ក៏បានផ្តល់អំណាចឲ្យរដ្ឋាភិបាល អាចបិទតំបន់ណាមួយ ដែលមានជំងឺកូវីដ-១៩ ឆ្លងរាលដាលដែរ។ 
 
ក្រៅពីនេះ សេចក្តីព្រាងច្បាប់ថ្មីខាងលើ បានចែងពីការដាក់ពិន័យរដ្ឋបាលនិងការដាក់ទោសព្រហ្មទណ្ឌ លើអ្នកបំពានវិធានការរបស់រដ្ឋាភិបាល។ ចំពោះការដាក់ពិន័យរដ្ឋបាល មាត្រា៥នៃសេចក្តីព្រាងច្បាប់នេះ កំណត់ថា ទីតាំងអាជីវកម្ម នឹងត្រូវបិទចោល ព្យួរ ឬដកហូតអាជ្ញាបណ្ណ បើទីតាំងអាជីវកម្មនោះ មិនអនុវត្តតាមវិធានការរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ 
 
ចំណែក ការពិន័យប្រាក់និងការដាក់ទោសពន្ធនាគារ មានចែងក្នុងមាត្រាមួយចំនួននៃសេចក្តីព្រាងច្បាប់នេះ។ មាត្រា៦ ចែងថា អ្នកគេចវេះពីការធ្វើចត្តាឡីស័ក និងអ្នក ដែលលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ក្នុងអំឡុងកំពុងធ្វើចត្តាឡីស័ក ត្រូវពិន័យតាមអនុក្រឹត្យលេខ២៧ អនក្រ.បក ដែលកំណត់ឲ្យពិន័យប្រាក់ពី១លានរៀល ដល់៥លានរៀល។ ប៉ុន្តែ ពេលជនល្មើសទាំង២ប្រភេទ មិនចូលធ្វើចត្តាឡីស័ក ឬលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ហើយចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ មាត្រា៦នៃសេចក្តីព្រាងច្បាប់នេះ តម្រូវឲ្យពិន័យប្រាក់ច្រើនជាងអនុក្រឹត្យ គឺពិន័យពីពី២លានរៀល ដល់១០លានរៀល ព្រមទាំងត្រូវជាប់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ។ 
 
ចំពោះអ្នកគេចវេះពីការព្យាបាល [ជំងឺកូវីដ-១៩] ឬលួចរត់ចេញពីកន្លែងព្យាបាល ត្រូវពិន័យពី៥លានរៀល ដល់២០លានរៀល ព្រមទាំងអាចជាប់ពន្ធនាគារពី១ឆ្នាំ ដល់៥ឆ្នាំ ហើយបើឆ្លងដល់អ្នកដទៃ អ្នកនោះ នឹងត្រូវមានទោសកាន់តែធ្ងន់ គឺត្រូវដាក់ពន្ធនាគារពី៥ឆ្នាំ ដល់១០ឆ្នាំ។ នេះបើតាមមាត្រា៨នៃសេចក្តីព្រាងច្បាប់ខាងលើដដែល។ 
 
មាត្រា៩នៃសេចក្តីព្រាងច្បាប់នេះ ចែងថា អ្នក ដែលមានចេតនាចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ត្រូវដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ ហើយបើចេតនាក្នុងការចម្លងដល់អ្នកដទៃនេះ ត្រូវបានរកឃើញថា ធ្វើឡើងដោយមានការរៀបចំជាក្រុមឬមានអង្គការចាត់តាំង អ្នកនោះ នឹងត្រូវជាប់ពន្ធនាគារកាន់តែយូរ គឺពី១០ឆ្នាំ ទៅ២០ឆ្នាំ។ 
 
សេចក្តីព្រាងច្បាប់នេះ មាន៥ជំពូក និង១៨មាត្រា។ មាត្រា១៨ ដែលជាមាត្រាចុងក្រោយ តម្រូវឲ្យប្រកាសដាក់ឲ្យប្រើប្រាស់ច្បាប់នេះជាប្រញាប់។ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ រដ្ឋសភា នឹងបើកកិច្ចប្រជុំ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់នេះ។ 
 
បច្ចុប្បន្ន វិធានការចាំបាច់មួយ ដែលរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ គឺអនុក្រឹត្យលេខ២៧ អនក្រ.បក។ អនុក្រឹត្យនេះ កំណត់ពីការផាកពិន័យជាប្រាក់ពីអ្នកបំពានវិធានការសុខាភិបាល ដូចជា អ្នក គេចវេះពីការធ្វើចត្តាឡីស័ក ត្រូវពិន័យពី១លានរៀល ដល់៥លានរៀល អ្នក លួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ត្រូវពិន័យពី១លានរៀលដល់៥លានរៀលដូចគ្នា និង អ្នក ដែលនាំអ្នកដទៃ គេចវេះពីការធ្វើចត្តាឡីស័ក ត្រូវពិន័យពី១០លានរៀល ដល់៥០លានរៀល ជាដើម។ 
 
ក្រៅពីការពិន័យប្រាក់ អនុក្រឹត្យនេះ ពុំបានចែងជាក់លាក់ពីការដាក់ទោសពន្ធនាគារនោះទេ។ តែអនុក្រឹត្យនេះ ចែងថា អ្នកល្មើសនឹងវិធានការចត្តាឡីស័ក អាចប្រឈមនឹងទោសព្រហ្មទណ្ឌថែមទៀត។ 

ដោយឡែក ជនបរទេស ដែលមិនអនុវត្តតាមវិធានការសុខាភិបាល ដូចជា មិនធ្វើចត្តាឡីស័ក គេចវេះមិនព្រមចូលព្យាបាលជំងឺកូវីដ-១៩ និង មិនសហការផ្តល់ព័ត៌មានអំពីការស្រាវជ្រាវ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ជាដើម នឹងត្រូវបណ្តេញចេញពីកម្ពុជា ហើយអាចមិនត្រូវបានអនុញ្ញាតឲ្យចូលកម្ពុជាវិញ។ នេះបើយោងតាមគោលការណ៍ថ្មី ដែលរដ្ឋាភិបាលកម្ពុជា ទើបនឹងដាក់ចេញ។ 
 
កាលពីពាក់កណ្តាលឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា បានបង្កើតច្បាប់មួយជាបន្ទាន់ គឺច្បាប់ស្តីពីការដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ រដ្ឋាភិបាល បង្កើតច្បាប់នេះឡើង ដើម្បីទុកប្រើប្រាស់ ក្នុងស្ថានភាពចាំបាច់ខ្លាំង ដូចជា ពេលមានភាពវឹកវរ ឬជួបគ្រោះមហន្តរាយធ្ងន់ធ្ងរណាមួយ ហើយតម្រូវឲ្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ប៉ុន្តែ ច្បាប់នេះ ប្រហែលជាមិនងាយនឹងត្រូវយកមកប្រើនោះទេ ដ្បិតកន្លងមក ប្រមុខរដ្ឋាភិបាល ប្រកាសថា មិនចង់យកច្បាប់នេះ មកប្រើ ដើម្បីដាក់ប្រទេសក្នុងគ្រាមានអាសន្នឡើយ ដោយសារតែបារម្ភពីការប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចជាតិ៕ 

Tag:
 ច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com