ជាតិ
សង្គមជាតិ
៨​មីនា​៖ លីកាដូ ស្នើ​ឲ្យ​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ស្ត្រី​ក្នុង​ពន្ធនាគារ
08, Mar 2021 , 3:13 pm        
រូបភាព
រូបពីអង្គការលីកាដូ
រូបពីអង្គការលីកាដូ
​នា​ថ្ងៃ​ទិវា​គោរព​សិទ្ធិនារី​អន្តរជាតិ​លើក​១១០ នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១​នេះ អង្គការ​លីកាដូ បាន​ផ្សព្វផ្សាយ​អត្ថបទ​ខ្លី​មួយ​លើ​គេហទំព័រ​របស់ខ្លួន អំពី​បញ្ហា​ប្រឈម​របស់​ស្ត្រី​និង​អនីតិជន​ជា​ស្ត្រី (​ជន​អាយុ​ក្រោម​១៨​ឆ្នាំ​) ក្នុង​ពន្ធនាគារ​។ អង្គការ​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​ដ៏​ធំ​ប្រចាំ​កម្ពុ​ជាមួយនេះ បានស្នើ​រដ្ឋាភិបាល កែលម្អ​ឲ្យ​ឆាប់រហ័ស ចំពោះ​ស្ថានភាព​លំបាក​របស់​ស្ត្រី​និង​អនីតិជន​ជា​ស្ត្រី ក្នុង​ពន្ធនាគារ ពិសេស​ភាព​ចង្អៀត​ណែន​ខ្លាំង​ក្នុង​ពន្ធនាគារ​។ 



​លោក អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ថ្លែងថា បញ្ហា​ប្រឈម​ខ្លាំង​បំផុត​របស់​ស្ត្រី ក្នុង​ពន្ធនាគារ គឺ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ហើយ​ស្ត្រី​មាន​ផ្ទៃពោះ ក្មេងស្រី​តូចៗ និង អនីតិជន​ជា​ស្ត្រី រង​ការលំបាក​ជាងគេ​។ លោក បន្តថា បញ្ហា​ប្រឈម​មួយទៀត សម្រាប់​ពួកគេ គឺ​បញ្ហា​ទឹក​និង​ម្ហូបអាហារ​។ 
 
​ដើម្បី​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ជាពិសេស​បញ្ហា​ចង្អៀត​ណែន​នៃ​អគារ​ឃុំខ្លួន​ស្ត្រី មន្ត្រី​អង្គការ​លីកាដូ​រូបនេះ ស្នើ​តុលាការ ពិចារណា​ពី​ការដោះលែង​ស្ត្រី​មាន​ផ្ទៃពោះ និង ស្ត្រី​មានកូន​តូចៗ​តាម​ខ្លួន ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​។ ជាមួយគ្នានេះ ស្ត្រី​ដែល​ប្រព្រឹត្ត​បទល្មើស​មជ្ឈិម ក៏​លោក ស្នើ​តុលាការ ពិចារណា​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ដែរ​។ 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក លើក​ជា​យោបល់​ថា​៖«​បទមជ្ឈិម គួរតែ​ដោះលែង​នៅក្រៅ​ឃុំ ជាជាង​ឃុំខ្លួន​។ ការឃុំខ្លួន គួរតែ​ទុកជា​ជម្រើស​ចុងក្រោយ​»​។ 
 
​លោក នុត សវ​នា អ្នកនាំពាក្យ​អគ្គនាយក​ដ្ឋានពន្ធនាគារ អះអាងថា រដ្ឋាភិបាល ទទួលស្គាល់​ពី​ភាព​ចង្អៀត​ណែន ក្នុង​ពន្ធនាគារ​។ ប៉ុន្តែ ​លោក បញ្ជាក់ថា នៅ​កម្ពុជា អគារ​ឬ​បន្ទប់​ឃុំខ្លួន​ស្ត្រី មិនសូវមាន​ភាព​ចង្អៀត​ណែន ដូច​អគារ​ឬ​បន្ទប់​ឃុំខ្លួន​បុរស​ឡើយ​។ លោក និយាយ​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ថា​៖«[​កន្លែង​ឃុំ​ស្ត្រី​] ចង្អៀត​ដែរ តែ​តិចតួច​»​។ 
 
​លោក បន្ថែមថា មានតែ​មណ្ឌល​អប់រំ​កែប្រែ​២ (​ម​២) ក្នុង​រាជធានី​ភ្នំពេញ និង​ពន្ធនាគារ​ក្នុង​ខេត្តសៀមរាប​ប៉ុណ្ណោះ ដែលមាន​ភាព​ចង្អៀត​ណែន ដោយសារតែ​អត្រា​នៃ​អ្នក​ជាប់ឃុំ​ជា​ស្ត្រី​មានការ​កើនឡើង ប៉ុន្តែ​ពន្ធនាគារ​តាម​បណ្តា​ខេត្ត​ផ្សេងទៀត មិនមាន​ភាព​ចង្អៀត​ណែន​ក្នុងការ​ឃុំខ្លួន​ស្ត្រី​នោះទេ​។ (​ម​២ សម្រាប់​ឃុំខ្លួន​តែ​ស្ត្រី​ប៉ុណ្ណោះ​)​។ 
 
​មន្ត្រី​ជាន់ខ្ពស់នៃអគ្គនាយកដ្ឋាន​ពន្ធនាគារ​រូបនេះ ផ្តល់​របាយការណ៍​ថា បច្ចុប្បន្ន អ្នក​ជាប់ឃុំ​សរុប​នៅកម្ពុជា មាន​ជាង​៣​ម៉ឺន​៩​ពាន់​នាក់ ដោយ​ក្នុងនោះ អ្នក​ជាប់ឃុំ​ជា​ស្ត្រី​មានតែ​ជាង​២​ពាន់​៥​រយ​នាក់​ប៉ុណ្ណោះ គឺ​ស្មើនឹង​ប្រមាណ​៧​ភាគរយ​នៃ​អ្នក​ជាប់ឃុំ​សរុប​។ បើតាម​របាយការណ៍​ដ​ដែល ក្នុងចំណោម​ស្ត្រី​ជាប់ឃុំ​ជាង​២​ពាន់​៥​រយ​នាក់​នោះ មាន​ដល់​ទៅ​៧០​ភាគរយ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​។ 
 
​លោក បំភ្លឺថា ចំពោះ​ម្ហូបអាហារ គឺ​រដ្ឋាភិបាល ក៏ដូចជា ថ្នាក់ដឹកនាំ​ខាង​ពន្ធនាគារ គិតគូរ​ដល់​ស្ត្រី​និង​ក្មេងស្រី​មុនគេ ហើយ​ម្យ៉ាងទៀត ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ក៏​រដ្ឋាភិបាល ព្យាយាម​ដោះស្រាយ​ដែរ​។ លោក អធិប្បាយ​ថា​៖«​យើង កំពុង​ធ្វើ​ហើយ តែ​មិនមែន​ចង់បាន​ភ្លាម បាន​ហ្នឹង​ភ្លាម​ទេ​»​។ 
 
​បើតាម​លោក អំ សំអាត អង្គការ​លីកាដូ មាន​កម្មវិធី​ឧបត្ថម្ភ​អាហារ និង​កម្មវិធី​ផ្តល់ជំនួយ​ផ្នែក​ច្បាប់ ដល់​ស្ត្រី​ជាប់ឃុំ​។​
 
​ការកកស្ទះ​សំណុំរឿង ជាមួយ​ហេតុ​ធំ​មួយ ដែល​បណ្តាល​ឲ្យ​មាន​ភាព​ចង្អៀត​ណែន ក្នុង​ពន្ធនាគារ ដ្បិតថា ពេល​សំណុំរឿង មិនទាន់​ត្រូវបាន​កាត់ក្តី ជនល្មើស ក៏​នៅតែ​បន្ត​ជាប់ឃុំ​។ ម្ល៉ោះហើយ ពេល​ឡើង​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ ក៏​ដាក់ចេញ​យុទ្ធនាការ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅតាម​តុលាការ​៕ 
 

Tag:
 លីកាដូ​
  អំ សំអាត​
  ស្ត្រី​ជាប់ឃុំ​
  ទិវា​សិទ្ធិនារី​
© រក្សាសិទ្ធិដោយ thmeythmey.com