ជាតិ
អគ្គនាយកEDC៖ ពលរដ្ឋក្រៅតំបន់ក្រហមដែលមានលទ្ធភាព ត្រូវបង់អគ្គិសនីធម្មតា ហើយក៏គ្មានគម្រោងផ្តាច់ភ្លើងនៅតំបន់ក្រហមដែរ
04, May 2021 , 4:15 pm        
រូបភាព
លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា
លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា
ភ្នំពេញ៖ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា(EDC) ស្នើពលរដ្ឋក្រៅតំបន់ក្រហម ដែលមានលទ្ធភាពបង់អគ្គិសនីធម្មតា ហើយក៏គ្មានគម្រោងផ្តាច់ភ្លើងនៅតំបន់ក្រហមដែរ។ ការស្នើបែបនេះ ធ្វើឡើងក្រោយអ្នកតាមដានព្រឹត្តិការណ៍សង្គមជជែកគ្នាជាហូរហែថា EDC គួរពន្យារពេលទូទាត់ថ្លៃភ្លើង ដល់អ្នករងគ្រោះខ្លាំងដោយសារវិបត្តិកូវីដ-១៩។


 
លោក ប៉ា សុវណ្ណរ័ត្ន មានមុខរបរជាអ្នកបើកកង់បីដែលរស់នៅតំបន់ក្រហម ក្នុងភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងជួបប្រទះបញ្ហាជីវភាព ដោយសារតែមិនបានប្រកបរបររកស៊ី ក្រោយរដ្ឋាភិបាល សម្រេចបិទខ្ទប់តំបន់នេះ មិនឱ្យមានការចេញ-ចូល។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា លោក សុវណ្ណរ័ត្ន បានអះអាងថា គ្រួសារលោក កំពុងជួបការខ្វះខាត ដោយគ្មានប្រាក់បង់ថ្លៃផ្ទះជួលឡើយ។ អ្នករត់ម៉ូតូកង់បីរូបនេះ ស្នើឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍លើកលែងការបង់ថ្លៃទឹក-ភ្លើង រយៈពេលពីរខែសិន ទម្រាំអាចចេញរកចំណូលគ្រប់គ្រាន់វិញបាន។ 

ជុំវិញបញ្ហានេះ អ្នកតាមដានព្រឹត្តិការណ៍សង្គមយល់ថា រដ្ឋគួរសម្រួលការបង់ថ្លៃទឹក ភ្លើង និងបន្តឧបត្ថម្ភដល់អ្នកនៅតំបន់រងគ្រោះ បើទោះបីជាស្ថានភាពកូវីដ-១៩ ថមថយទៅវិញក៏ដោយ ព្រោះពលរដ្ឋមិនអាចមានលទ្ធភាពភ្លាមៗនោះទេ។ លោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ យល់ថា រដ្ឋគួរតែជួយសម្រួល ឬពន្យារពេលបង់ថ្លៃទឹក-ភ្លើង ដល់ពលរដ្ឋរងគ្រោះ ពិសេសអ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញនិងខេត្តណ្ដាល នៅអំឡុងពេលវិបត្តិខ្លាំងនៃកូវីដ-១៩នេះ។


លោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធចុះជួបអាជីវករលក់បន្លែ។ (រូបពី IDEA)

«រដ្ឋគួរតែបន្ធូរបន្ថយថ្លៃទឹកភ្លើង ពន្យារពេល ឬអាចឲ្យប្រជាពលរដ្ឋប្រើដោយឥតគិតថ្លៃមួយរយៈទៅ ពីរទៅបីខែ ទៅតាមស្ថានភាពកូវីដ-១៩។ វាជាការល្អ ហើយជាការលើកស្ទួយការរស់នៅរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៀត»។ នេះបើតាមលោក វន់ ពៅ ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ។ 
 
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល សុំមិនអត្ថាធិប្បាយឡើយ ដោយបានរុញឲ្យសារព័ត៌មានថ្មីៗសាកសួរទៅខាងអគ្គិសនីកម្ពុជា (EDC) វិញ ដោយសារEDC ជាស្វយ័ត ។ «អាហ្នឹង(ដំណោះស្រាយទូទាត់ថ្លៃភ្លើងជូនពលរដ្ឋ  ដែលរស់នៅតំបន់រងគ្រោះ)ទាល់តែសួរទៅខាងអគ្គិសនី ព្រោះអគ្គិសនីជាស្វយ័ត។ ហើយអគ្គិសនីបានបែងចែងជាអ្នកក្រ អ្នកមាន អ្នកមធ្យម ដោយកម្រិតគីឡូតម្លៃរបស់វា អ្វីដែលកម្រិតតាមវិធានសមធម៌សម្រាប់ពលរដ្ឋវប្រើប្រាស់បាន គេវាយតម្លៃនៃចំនួនប្រើប្រាស់។ ដូច្នេះ ខ្ញុំសូមជម្រាបជូនពលរដ្ឋយើងសូមទាក់ទងទៅខាងអគ្គិសនីកម្ពុជា ដើម្បីរកវិធានការសម្របសម្រួល»។ នេះជាការលើកឡើងរបស់លោក ផៃ ស៊ីផាន។   
 លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល។ រូបថត អ៊ូ សុខមាន

តែយ៉ាងណាលោក កែវ រតនៈ ក៏បកស្រាយថា រដ្ឋាភិបាលមានកាតព្វកិច្ចជួយដល់ពលរដ្ឋខ្វះខាត ដើម្បីឲ្យមានលទ្ធភាពក្នុងការបង់ថ្លៃភ្លើងនេះ។ «អ្នកដែលដោះស្រាយជូនអ្នកទីទាល់ក្រ ដាច់ប្រាក់ខែដោយសារបងប្អូនលំបាកក្នុងតំបន់បិទខ្ទប់ ជាពិសេសនៅតំបន់ក្រហម ជាភាកិច្ចរបស់អាជ្ញាធរមូលដ្ឋាន និងអគ្គលេខាដ្ឋានផ្នែកគាំពារសង្គមរបស់ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ។ អ៊ីចឹងគាត់(ពលរដ្ឋ)ទំនាក់ទំនងទៅខាងអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យកិច្ចការហ្នឹង ហើយអាជ្ញាធរផ្ដល់ជាសាច់ប្រាក់ហើយគាត់យកបង់ទឹកភ្លើង ថ្លៃសំរាម ដោះស្រាយស្បៀងអាហារហើយ ចែកគ្នាឲ្យដាច់កុំឲ្យច្របូកច្របល់គ្នា មិនមែនកិច្ចការរបស់EDCទេ»។ នេះបើតាមលោក កែវ រតនៈ ដែលអះអាងថា EDC គ្មានគោលការណ៍លើកលែង និងពន្យារពេលការបង់ថ្លៃអគ្គិសនីដល់ពលរដ្ឋឡើយ។

ទាក់ទិងនឹងការដោះស្រាយបញ្ហាពលរដ្ឋនេះ លោកយ៉ង់ សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានលើកថា EDC ជាក្រុមហ៊ុនសាធារណៈរបស់រដ្ឋផ្តាច់មុខ ក្នុងការផ្តល់សេវាអគ្គិសនី ដែលត្រូវមានវិធានការជួយសម្រួលដល់អតិថិជន នាអំឡុងវិបត្តិកូវីដ-១៩នេះ។ តាមរយៈហ្វេសប៊ុកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង់ សាំងកុមារ បានសរសេរដូច្នេះថា៖«ការផ្អាក ឬការពន្យារក្នុងការបង់លុយ ឬការឱ្យជំពាក់ការបង់ប្រចាំខែពី១ខែទៅ៣ខែ ដូចជាមិនប៉ះពាល់ធ្ងន់ធ្ងរដល់ចរន្តសាច់ប្រាក់របស់ក្រុមហ៊ុនដែរ។ ណាមួយទៀតក្រុមហ៊ុនដែលគ្រប់គ្រងបានល្អ ត្រូវមានប្រាក់បម្រុងសម្រាប់ទ្រទ្រង់ចរន្តសាច់ប្រាក់ក្នុងរយៈពេលកំណត់ណាមួយ។ រាជរដ្ឋាភិបាលក៏ត្រូវជួយឧបត្ថម្ភធនដល់អគ្គិសនីកម្ពុជាផងដែរក្នុងករណីចាំបាច់នេះ»។ 

លោក យ៉ង់ សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
 
រីឯដំណោះស្រាយការទូទាត់ថ្លៃទឹកវិញ សារព័ត៌មានថ្មីៗមិនអាចសុំការបកស្រាយពីលោក ស៊ឹម ស៊ីថា នាយកនៃ អគ្គនាយកដ្ឋានរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញបានឡើយ ដោយសារលោក មិនឆ្លើយតបទូរស័ព្ទ។ 
 
EDC គ្មានការពន្យារពេលបង់ថ្លៃអគ្គិសនីទេ ព្រោះត្រូវទូទាត់ប្រាក់ឲ្យប្រទេសជិតខាងដែរ
លោក កែវ រតនៈ ក៏ទទួលស្គាល់ថា តំបន់ក្រហមនិងពលរដ្ឋរងគ្រោះខ្លាំងមានចំនួនតិច ប៉ុន្តែតិចតួចបូកចូលគ្នាគឺច្រើន ប្រសិនបើស្ថានកាលកូវីដ-១៩មិនធូរស្រាល។ ដូច្នេះ ការពន្យារពេល២ទៅ៣ខែ ក្នុងការទូទាត់ថ្លៃភ្លើង នឹងប៉ះពាល់សេដ្ឋកិច្ចហរិញ្ញវត្ថុរបស់ EDC ខ្លាំង។ 
 
 «អត់មានគោលការណ៍អ៊ីចឹងទេ (ពន្យារពេលបង់ថ្លៃភ្លើង២ទៅ៣ខែ) ដោយសារយើងរំពឹងថាបងប្អូនប្រជាពលរដ្ឋត្រូវបន្តបំពេញកាតព្វកិច្ច[...]ប៉ះពាល់ខ្លាំង(សេដ្ឋកិច្ចEDC) ដោយសារតែយើងមិនបានប្រមូលថវិការឲ្យទាន់នៅពេលបងប្អូនប្រើភ្លើងហើយ មិនបានជួយបង់ អ្វីដែលកើតឡើងគឺបញ្ហាពីរ»។ នេះបើតាមការលើកឡើងរបស់ អគ្គនាយកEDC ។
 
បើតាមលោក កែវ រតនៈ មូលហេតុដែលកម្ពុជា មិនអាចពន្យារពេលបង់អគ្គិសនីបាន ដោយសារបញ្ហា២ចំណុច ទី១ មកពីកម្ពុជា ទិញអគ្គិសនីពីប្រទេសជិតខាងថៃ វៀតណាម ឡាវ ដែលគេមានសិទ្ធកាត់ផ្ដាច់ភ្លើងពីកម្ពុជាភ្លាមៗ បើរដ្ឋគ្មានប្រាក់បង់ទៅគេ។ ចំណែកទីពីរ នៅពេលដែលរដ្ឋប្រទេសទាំងនោះ ផ្ដាច់ភ្លើងពីកម្ពុជាហើយ គេពិន័យជាការប្រាក់ទៅទៀត នូវលុយដែលជំពាក់ ដូច្នេះវាទៅជាមហន្តរាយជាតិទាំងមូល។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទនៅថ្ងៃទី៤ ឧសភានេះ អគ្គនាយកEDC បានបន្ថែមថា កាលណាកម្ពុជា ទូទាត់ប្រាក់ជំពាក់ និងការប្រាក់នៃបញ្ហាទាំងពីរ ទៅប្រទេសថៃ វៀតណាម និងឡាវហើយ នោះភាគីកម្ពុជាត្រូវចចារគ្នាឡើងវិញ ដើម្បីឲ្យប្រទេសជិតខាងទាំងនោះ បន្តលក់អគ្គិសនីឲ្យកម្ពុជាសារជាថ្មី។ «នេះជាបញ្ហាប្រឈមក្រៅប្រទេស ដែលនឹងកើតមានប្រសិនបើមានការពន្យារពេលទូទាត់ថ្លៃភ្លើង»។ នេះជាការអះអាងរបស់លោក កែវ រតនៈ។
 
រីឯ បញ្ហាក្នុងប្រទេសវិញ លោក កែវ រតនៈ ពន្យល់ថា រោងចក្រអគ្គិសនីធ្យូងថ្មនៅព្រះសីហនុ រោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅពោធិ៍សាត់ និងរោងចក្រអគ្គិសនីផ្សេងទៀត នៅកំពង់ឆ្នាំង កំពង់ស្ពឺ ស្វាយរៀងជាដើម ក៏រងការផ្ដាច់ចរន្តថាមពល និងការពិន័យដូចគ្នា បើក្រុមហ៊ុនទាំងអស់នោះ គ្មានប្រាក់សងត្រឡប់ទៅធនាគារ ដែលជាដៃគូអភិវឌ្ឍន៍ដែរ។ 
 
អគ្គនាយក EDC រូបនេះ អះអាងថា EDC បានពន្យារពេលឲ្យពលរដ្ឋរួចមកហើយ តាមរយៈវិក័យប័ត្រភ្លើងប្រចាំខែ ដោយទុកពេលឲ្យពលរដ្ឋធ្វើការទូទាត់។ លោក អំពាវនាវឲ្យពលរដ្ឋចូលរួមបង់ថ្លៃភ្លើងឲ្យបានគ្រប់គ្នា ពិសេសអ្នកមានលទ្ធភាព ដើម្បីEDC មានលទ្ធភាពបង្វិលប្រាក់សងថ្លៃទិញទាំងក្នុងនិងក្រៅស្រុក រួមទាំងការជួសជុលនិងដំណើរការផ្សេងៗ។ 
 
«ខ្ញុំសូមជម្រាបថា អគ្គិសនីកម្ពុជា មិនទៅកាត់ចរន្តអគ្គិសនីបងប្អូនជួបប្រទេះការលំបាកក្នុងតំបន់បិទខ្ទប់ក្រហមដែលជាកម្មករ អាជីវករក្នុងផ្សារ ដែលរងគ្រោះឬរាំងស្ទះដោយសារការបិទខ្ទប់របស់រដ្ឋាភិបាលទេ»។ នេះបើតាមសង្កត់ធ្ងន់របស់លោក កែវ រតនៈ៕ 
 

Tag:
 EDC
© រក្សាសិទ្ធិដោយ thmeythmey.com