ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន៖ «បើខ្ញុំមិនពឹងចិនទេ តើឱ្យខ្ញុំទៅពឹងអ្នកណា» សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់ដៃប្រធានាធិបតីចិន នាជំនួបនៅមហាវិមានប្រជាជនចិននៅថ្ងៃទី៥ ខែកុម្ភៈ ២០២០។ រូបថត Xinhua.jpg
× ភ្នំពេញ៖ «បើខ្ញុំមិនពឹងចិនទេ តើឱ្យខ្ញុំទៅពឹងអ្នកណា»។ នេះជាចម្លើយរបស់សម្ដេច ហ៊ុន សែន ឆ្លើយតបនឹងសំនួរទាក់ទងនឹងគោលនយោបាយការបរទេសកម្ពុជា ដែលកំពុងពឹងផ្អែកទៅលើមហាអំណាចចិនខ្លាំង។
ចម្លើយរបស់ប្រមុខរដ្ឋាភិបាលនេះ ចង់បញ្ជាក់ន័យថា ការពឹងផ្អែកលើចិន ទើបនាំឱ្យកម្ពុជា មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ។ ក្នុងន័យនេះសម្ដេច ហ៊ុន សែន បានពន្យល់ថា តាមរយៈការពឹងចិននេះហើយ ទើបកម្ពុជា មានហេដ្ឋារចនាសម្ព័ន្ធរីកស្គុសស្គាយ ដូចជាផ្លូវថ្នល់ ស្ពាន និងអគារពាណិជ្ជកម្មធំៗជាដើម។
ថ្លែងនៅក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្តីពីអនាគតអាស៊ី នៅថ្ងៃទី២០ ឧសភានេះ នាយករដ្ឋមន្ត្រីកម្ពុជា បានបកស្រាយពីនយោបាយការបរទេសខ្លួនដូច្នេះថា៖«នេះជារឿងពិត ដែលគួរតែនិយាយថា ប្រទេសកម្ពុជាពឹងផ្អែកទៅលើចិន។ ចុះបើខ្ញុំមិនពឹងផ្អែក(ចិន) (តើទុក)ឱ្យប្រជាជនខ្ញុំសព្វថ្ងៃនេះ កំពុងតែឆ្លងទូកដតាមទន្លេ កំពុងតែគ្មានផ្លូវដើរ។ ដូច្នេះភាសានេះ គួរតែទុកឱ្យប្រទេសនានា ដែលនិយាយ(កម្ពុជាពឹងតែចិន) និងអ្នកវិភាគទាំងឡាយ ដែលនិយាយ គួររកចម្លើយឱ្យកម្ពុជាផង ថា តើកម្ពុជាគួរធ្វើយ៉ាងម៉េចទើបបានផ្លូវដើរ ទើបបានស្ពានឆ្លង ទើបបានហេដ្ឋារចនាសម្ព័ន្ធ ដូចជាទំនប់ទឹក ប្រឡាយដទៃទៀត»។
ដ្បិតកម្ពុជាពឹងលើចិនខ្លាំងក្តី តែសម្ដេច ហ៊ុន សែន ក៏មិនភ្លេចពីគុណតម្លៃរបស់ជប៉ុន ដែលបានជួយកម្ពុជា តាំងពីឆ្នាំ១៩៩២មកដែរ។ ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាល បានលើកពីគុណសម្បត្តិរបស់ជប៉ុន ដែលបានជួយកម្ពុជា ៣០ឆ្នាំមកនេះ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្រៅពីជំនួយឧបត្ថម្ភតាមគម្រោងផ្សេងៗទៀត រួមមាន ស្ពានគីហ្ស៊ូណា នៅខេត្តកំពង់ចាម និងស្ពានត្សឺបាសារ នៅខេត្តព្រៃវែងជាដើម។ បើតាមសម្ដេច ហ៊ុន សែន បច្ចុប្បន្ននេះ ជប៉ុនក៏កំពុងជួយកសាងផ្លូវជាតិលេខ៥ ចាប់ពីខេត្តកណ្ដាល ដល់ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីផ្លូវជាតិលេខ១ និងផ្លូវជាច្រើនខ្សែទៀត។
បកស្រាយបែបនេះហើយ លោកនាយករដ្ឋមន្ត្រី បានអះអាងថា កម្ពុជាមិនបានបិទទ្វា ឬបដិសេធអំពើល្អរបស់ប្រទេសណាទេ ពោលគឺប្រទេសណា ដែលចង់ផ្ដល់ជំនួយជួយកម្ពុជា គឺទទួលយកទាំងអស់។
ក្រៅពីជំនួយផ្នែកហេដ្ឋារចនាសម្ព័ន្ធនេះ កម្ពុជា ក៏ទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ ពីរដ្ឋាភិបាលចិន ដើម្បីប្រយុទ្ធប្រឆាំងជំងឺនេះ។ បច្ចុប្បន្នកម្ពុជា ទទួលបានជំនួយវ៉ាក់សាំងSinopharmចិន ចំនួន១,៧លានដូស និងទិញវ៉ាក់សាំងរបស់Sinovac ចំនួន៣លានដូស។ ជាមួយគ្នាកម្ពុជា ក៏ទទួលបានវ៉ាក់សាំងCovishield ចំនួន៣២៤,០០០ដូសពីយន្តការ COVAX ផងដែរ។
និយាយត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន ក៏ឆ្លៀតបន្ថែមដូច្នេះថា៖«សូម្បីតែវ៉ាក់សាំង ដែលយើងខ្ញុំរកបាន ចាក់លើប្រជាជនជាង២លាននាក់នេះ បើគ្មានការជំនួយពីចិន និងការផ្គត់ផ្គង់ពីចិន ដោយការលក់ យើងខ្ញុំក៏គ្មានវ៉ាក់សាំងចាក់ជូនប្រជាជនកម្ពុជា។ ក្រៅពីCOVAX ដែលបានផ្ដល់ឱ្យយើងខ្ញុំជាង៣០លានដូស តើមានប្រទេសណាមួយ បានហាមាត់បញ្ជូនមកដល់កម្ពុជាហើយឬនៅ សម្រាប់ចាក់។ អ៊ីចឹងទាល់តែចិនមានអ្វីឱ្យកម្ពុជាដែរ ទើបយើងពឹងពាក់បាន»។
ភ្ជាប់ជាមួយការអត្ថាធិប្បាយនេះ មេដឹកនាំកម្ពុជា ជាង៣០ឆ្នាំមកនេះ បានពន្យល់ជាថ្មីទៀតថា ទោះបីកម្ពុជាពឹងផ្អែកលើចិនក្តី ប៉ុន្តែកម្ពុជាមិនបានផ្ដល់ទីតាំងឱ្យចិន បោះមូលដ្ឋានទ័ពឈរជើ់ងនៅលើទឹកដីឡើយ ។ នោះក៏ព្រោះតែរដ្ឋធម្មនុញ្ញកម្ពុជា បានចែងហាមមិនអនុញ្ញាតឱ្យមានកម្លាំងបរទេស ឈរជើងនៅមូលដ្ឋានកម្ពុជាទេ។«ដូច្នេះការចោទប្រកាន់លើបញ្ហា(មូលដ្ឋានចិន)នេះ វាអយុត្តិធម៌ពេកសម្រាប់កម្ពុជា និងសម្រាប់ចិនផងដែរ»។ នេះបើតាមនាយករដ្ឋមន្ត្រីកម្ពុជា ដែលស្នើឱ្យបណ្ដាប្រទេសទាំងអស់លើពិភពលោក គួរតែពាក់វែនតាឱ្យបានល្អប្រសើរ ហើយសម្លឹងឆ្ពោះមកលើនយោបាយការបរទេសរបស់កម្ពុជា តាមរយៈឥរិយាបទសមរម្យមួយ៕
Tag:
ហ៊ុន សែន
នយោបាយការបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com