ជាតិ
សេដ្ឋកិច្ច
កសិករ ស្នើឱ្យក្រសួងកសិកម្មពន្លឿនច្បាប់នាំ«មៀនប៉ៃលិន»ទៅចិន ដើម្បីបញ្ចៀសការខាតទុន
13, Aug 2021 , 9:59 pm        
រូបភាព
ភ្នំពេញ៖ សហគមន៍មៀនប៉ៃលិន រួមទាំងប្រជាកសិករ បានទាមទារឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ពនឿនច្បាប់នាំចេញ«មៀនប៉ៃលិន» ទៅប្រទេសចិន ដើម្បីបញ្ចៀសនូវការខាតបង់ដើមទុនរបស់ពួកគេ។ កសិករបានបោះទុនច្រើន លើកសិផល«មៀនប៉ែលិន» ក្រោយឮដំណឹងថា ក្រសួងរៀបចំច្បាប់នាំចេញនេះ។

 
រយៈពេល៨ឆ្នាំហើយ ដែលមៀនប៉ៃលិន របស់អ្នកស្រី ឡុង រ៉ន ត្រូវបានគេនាំចេញទៅកាន់ទីផ្សារប្រទេសចិន តាមច្រកព្រំដែនថៃ។ ប៉ុន្តែសម្រាប់ការប្រមូលផលឆ្នាំនេះ អ្នកស្រី ឡុង រ៉ន កំពុងបារម្ភថា មៀនប៉ៃលិនរាប់សិបតោនរបស់ខ្លួន អាចស្អុយរលួយចោលពេញចម្ការ ដោយសារការបិទច្រកព្រំដែន រួមទាំងច្រករបៀងនានា រវាងកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ខណៈទីផ្សារនៅក្នុងស្រុក គឺមានទំហំតូច។

អត្ថបទទាក់ទង

 
ជុំវិញបញ្ហានេះ អ្នកស្រី ឡុង រ៉ន បានទាមទារឱ្យក្រសួកសិកម្ម ពន្លឿនច្បាប់នាំចេញមៀនប៉ៃលិន ទៅប្រទេសចិនដោយខ្លួនឯង ។ អ្នកដាំមៀនប៉ៃលិនវ័យ៣១ឆ្នាំ នៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រូបនេះ បាននិយាយប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទថា៖«សព្វថ្ងៃយើងមានទីផ្សារហើយ គឺចិនចាំតែទិញមៀនពីយើងរាល់ឆ្នាំ ដែលយើងដឹកចូលទៅថៃតាមច្រករបៀង។ យើងមានឡសម្ងួត កម្ចាត់មេរោគ និងវេចខ្ចប់ ហើយខ្ញុំនិងកសិករមួយចំនួនទៀត ក៏ទទួលបានវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អពីក្រសួងកសិកម្ម ផងដែរ។   រាល់ថ្ងៃហ្នឹង! យើងចាំតែច្បាប់ពីការក្រសួងក្នុងការចចារជាមួយខាងគយចិន ដើម្បីនាំចេញមៀនប៉ុណ្ណោះ»។ 
 
ប្រមាណមួយសប្តាហ៍ទៀត មៀនប៉ៃលិនប្រមាណ១០តោន របស់អ្នកស្រី ឡុង រ៉ន នឹងប្រមូលផលហើយ ។ បើតាមអ្នកស្រី រ៉ន នៅចុងឆ្នាំ២០២១នេះ កសិផលមៀនប៉ៃលិន ជាង៣០តោនរបស់អ្នកស្រី ក៏ត្រៀមប្រមូលផលដែរ។ ត្រង់ចំណុចនេះ អ្នកស្រី ឡុង រ៉ន បានសង្កត់ធ្ងន់ថា បើក្រសួងកសិកម្ម និងចិន មិនទាន់អាចព្រមព្រៀងគ្នានោះ អ្នកស្រីនឹងប្រឈមខាត់បង់ថ្លៃដើម៧ពាន់ដុល្លារនៅឆ្នាំនេះ។ 
 
កសិករវ័យ៣១ឆ្នាំរូបនេះ បាននិយាយដូច្នេះ៖«ក្នុងវិបត្តិជំងឺកូវីដ-១៩នេះ ប្រទេសជិតខាងយើង[ថៃនិងវៀតណាម] គឺមានការផ្ទុះឆ្លងរាលខ្លាំង។ អ៊ីចឹង បើគេមិនបិទព្រំដែន ក៏ខាងថៃ អត់មានរោងចក្រទទួលវេចខ្ចប់មៀនប៉ៃលិនយើងទៅចិនដែរ ព្រោះរោងចក្រវេចខ្ចប់មៀនប៉ៃលិនជាច្រើន នៅថៃ បានបិទទ្វារអស់ហើយដោយសារជំងឺកូវីដ-១៩ ហើយថៃក៏គេមានមៀនរបស់គេដែរ។ បើក្រសួងឱ្យយើងបង្វែរការនាំចេញមៀនទៅតាមច្រកព្រំដែនវៀតណាមវិញ តើយើងទុកចិត្តបានកម្រិតណា បើវៀតណាមក៏ផ្ទុះកូវីដ-១៩ខ្លាំង ដែរហ្នឹង»។ 
 
ក្រសួងកសិកម្ម ក៏បានដឹងពីបញ្ហានាំចេញមៀនប៉ៃលិនទៅចិន តាមរយៈច្រកប្រទេសថៃដែរ ក្នុងបរិបទកូវីដ-១៩ដែរ។ ដើម្បីដោះស្រាយបញ្ហាទីផ្សារនេះ ក្រសួងកសិកម្ម បានអំពាវនាវឱ្យកសិករ បង្វែរទិសដៅនាំចេញមៀនប៉ៃលិនទៅវៀតណាមវិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងកសិកម្ម នាថ្ងៃទី១២សីហា ឆ្នាំ២០២១ ។ ក្រសួងកសិកម្ម ក៏ស្នើពលរដ្ឋក្នុងស្រុកឱ្យជួយទិញផ្លែមៀនប៉ៃលិន របស់ប្រជាកសិករ ពិសេសពីសហគមន៍កសិកម្មមៀនប៉ៃលិន នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។


 
អ្វីដែលក្រសួងកសិកម្មលើកឡើងនេះ វាគ្រាន់តែជាដំណោះស្រាយបណ្ដោះអាសន្នប៉ុណ្ណោះ ប៉ុន្តែមិនអាចជួយកសិករបានយូរអង្វែងឡើយ។ លោក ហេង វាសនា អ្នកដាំមៀនប៉ៃលិន ក្នុងខេត្តបាត់ដំបង  នៅតែទទួចឱ្យក្រសួងកសិកម្ម ពន្លឿនកិច្ចព្រមព្រៀងជាមួយភាគីចិន ដើម្បីនាំចេញមៀនប៉ៃលិនផ្លូវការ។ 
 
លោក បាននិយាយប្រាប់សារព័ត៌មានThmeyThmey ដូច្នេះ៖«ដល់ពេលមានបញ្ហា យើងរត់ទៅពឹងខាងលិច រត់ទៅពឹងខាងកើត ដើម្បីនាំចេញមៀនប៉ៃលិននេះ។ ចុះបើកសិករយើងមានទីផ្សារជាមួយក្រុមហ៊ុនចិនស្រាប់ហើយ ហេតុអ្វីបានក្រសួងយើងមិនព្រមជួយជំរុញឱ្យនាំចេញដោយខ្លួនឯង ចាំបាច់អ្វីត្រូវពឹងគេទៀត»។  
 
៩ឆ្នាំហើយ ដែលកសិករវ័យ៥២ឆ្នាំរូបនេះ បានពឹងដង្ហើមប្រទេសថៃ លើការនាំចេញមៀនប៉ៃលិនទៅទីផ្សារចិន ដោយស្ថិតនៅក្រោមសំបកឈ្មោះនៃផលិតផលរបស់ថៃ។ ការពឹងដង្ហើមថៃកន្លងមក វាផ្ដល់ផលលំបាកដល់កសិករ ជាពិសេសនៅចំរដូវកាល ប្រមូលមៀនប៉ៃលិន ។ នេះបើតាមលោក វាសនា ។ 
 
ក្រៅពីទីផ្សារបរទេសនេះ កសិករដាំមៀនប៉ៃលិន មិនទាន់អាចពឹងផ្អែកលើទីផ្សារក្នុងស្រុកឡើយ។ នេះបើតាមលោក សួន ជុំ អនុប្រធានសហគមន៍មៀនប៉ៃលិន ដែលបន្ថែមថា ទីផ្សារមៀនប៉ៃលិននៅក្នុងស្រុក មានតែ៥ភាគរយនៃទីផ្សារសរុបប៉ុណ្ណោះ។ 
 
«លក់មៀនប៉ៃលិនលើទីផ្សារនៅខ្មែរ គឺស្មើនឹងបោះចោលទេ។ ទីផ្សារខ្មែរ ទិញអត់មៀនយើងមិនទាន់នោះទេ។ ទីផ្សារក្នុងស្រុកយើង ពលរដ្ឋទិញមៀនប៉ៃលិនតែថ្ងៃសីលទេ។ ក្នុងមួយសប្តាហ៍ យើងលក់មៀនឱ្យទីផ្សារក្នុងស្រុកបានមិនដល់១០០តោនផង នោះ មៀននៅចម្ការរបស់កសិករយើងខូចចោលពេញចម្ការអស់ហើយ។ តែបើទីផ្សារថៃវិញ យើងនាំចេញបានយ៉ាងតិច១០០តោនក្នុងមួយថ្ងៃ»។ នេះបើតាមលោក សួន ជុំ  ។
 
បច្ចុប្បន្ន សហគមន៍មៀនប៉ៃលិននៃខេត្តប៉ៃលិន មានរោងចក្រសម្ងួត សម្លាប់មេរោគ និងវេចខ្ចប់ផ្លែមៀនប៉ៃលិន តម្លៃជាង៣លានដុល្លាមួយកន្លែង ដែលស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន។ រោងចក្រនេះ សាងសង់ និងបំពាក់ឧបករណ៍នានា អស់៣ឆ្នាំមកហើយ ប៉ុន្តែមកដល់នេះ រោងចក្រមិនទាន់បើកដំណើរការឡើយ ដោយរង់ចាំកិច្ចព្រមព្រៀងនាំមៀនប៉ៃលិនទៅចិន។  រោងចក្រមួយនេះ មានឡសម្ងួតចំនួន៤ និងសម្លាប់មេរោគលើផ្លែមៀនប៉ៃលិន។ ឡនីមួយៗ មានសមត្ថភាពសម្ងួតមៀនប៉ៃលិនបាន៩តោន ដោយប្រើប្រាស់ពេល៧៤នាទី។នេះជាការលើកឡើងរបស់ សួន ជុំ ។ 
 
ជាមួយនេះ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានបញ្ជាក់ថា ប្រាប់សារព័ត៌មានThmeyThmey ថា បច្ចុប្បន្ន ខេត្តប៉ៃលិនមានផ្ទៃដីដាំមៀនប៉ៃលិនជាង៥,០០០ហិកតា ដែលអាចផ្តល់ទិន្នផលបានប្រមាណ៤ម៉ឺនតោន។ អំឡុងពេលកសិករពេញប្រមូលផលដំណាំនេះ  គឺចន្លោះខែវិច្ឆិកា ដល់ខែកុម្ភៈ។ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនាំចេញមៀនប៉ៃលិនទៅចិននោះ លោក សុផាត មិនទាន់ទទួលបានព័ត៌មានអ្វីបន្ថែមពីក្រសួងឡើយ។ 
 
« ខ្ញុំក៏មិនទាន់ទទួលបានដំណឹងថា រវាងភាគីចិន និងកម្ពុជា នឹងរៀបចំផ្លាស់ប្តូរពិធីសារនាំចេញផ្លែមៀនប៉ៃលិនជាផ្លូវការ នៅថ្ងៃណាដែរ»។ នេះបើតាមប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន។
 
កាលពីថ្ងៃទី៦សីហា ឆ្នាំ២០២០ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វិធានការជំរុញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក» នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ងិន ឆាយ អគ្គនាយកនៃអគ្គដ្ឋានកសិកម្ម បានព្យាករថា កម្ពុជាអាចនាំចេញមៀនប៉ៃលិនទៅប្រទេសចិនជាផ្លូវការ នាចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២។


 
អគ្គនាយកកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ដូច្នេះថា៖«ក្រោយពីនាំចេញផ្លែស្វាយភ្លាម ហើយនៅពេលដែលរដូវមៀនប៉ៃលិន ចាប់ផ្តើមប្រមូលផល ខាងភាគីចិន នឹងចុះមកត្រួតពិនិត្យវាយតម្លៃលើផ្លែមៀនប៉ៃលិន។ អ៊ីចឹង នេះជាការប៉ាន់ស្មាន និងព្យាកររបស់យើង ក្នុងដើមឆ្នាំ២០២១ យើងអាចនាំចេញស្វាយ ហើយប្រហែលចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ យើងអាចនាំចេញផ្លែមៀនប៉ៃលិន ទៅប្រទេសចិនបាន»។
 
សារព័ត៌មាន ThmeyThmey ពុំអាចសុំការបញ្ជាក់ពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងលោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្មបានឡើយ ដោយទូរសព្ទហៅចូល តែគ្មានអ្នកទទួល៕ 
 

Tag:
 
 កសិកម្ម
  មៀនប៉ៃលិន
© រក្សាសិទ្ធិដោយ thmeythmey.com