ជាតិ
យុវជនសកម្ម សេវាល្អ
ពលរដ្ឋសង្កាត់គោកចក ពេញចិត្តការផ្តល់សេវាសាធារណៈ ខណៈអាជ្ញាធរប្តេជ្ញាបម្រើពលរដ្ឋឱ្យកាន់តែល្អ
31, Aug 2021 , 8:59 am        
រូបភាព
ដោយ៖ ឈន់ ឆការ 

សៀមរាប៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់គោកចក បានលើកឡើងពីការពេញចិត្តចំពោះការរផ្តល់សេវាសាធារណៈ ទៅលើការចុះបញ្ជីអត្រានុកូលដ្ឋានពីអាជ្ញាធរ។ ពលរដ្ឋបានកោតសរសើរអាជ្ញាធរ ថាតែងតែយកចិត្តទុកដាក់ផ្តល់សេវាជូនពលរដ្ឋ រហ័ស និងមានតម្លាភាព ពោលអាជ្ញាធរមិនទាមទារ ឬទទួលកម្រៃបន្ថែមពីពលរដ្ឋនោះទេ។

 
អ្នកស្រី តិក សារី ជាប្រជាពលរដ្ឋមួយរូប ដែលរស់នៅក្នុងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ ស្ត្រីមេផ្ទះរូបនេះ ឱ្យដឹងថាតាំងពីផ្លាស់ទីលំនៅមករស់នៅក្នុងសង្កាត់គោកចករយៈពេលជាង៣ឆ្នាំ មក អ្នកស្រី ធ្លាប់បានទៅសាលាសង្កាត់ជាច្រើនដង ដើម្បីស្នើសុំធ្វើឯកសារមួយចំនួន ដូចជាធ្វើអត្តសញ្ញាបណ្ណ, ធ្វើសៀវភៅគ្រួសារ និងចុះអេតាស៊ីវិលជាដើម។ ហើយថ្មីៗនេះ អ្នកស្រី បានទៅធ្វើសំបុត្រកំណើតឱ្យកូនរបស់ខ្លួន ដែលទើបមានអាយុ៨ខែថែមទៀតផង។ 
 


អ្នកស្រី តិក សារី ​ពលរដ្ឋ​រស់នៅក្នុងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប

បើតាម អ្នកស្រី តិក សារី រាល់ពេល ដែលខ្លួនទៅធ្វើលិខិតស្នាមផ្សេងៗ មន្ត្រីសាលាសង្កាត់ បានទទួលស្វាគមន៍យ៉ាងរាក់ទាក់ ហើយយកចិត្តទុកដាក់លើពលរដ្ឋគ្រប់គ្នា។ មិនតែប៉ុណ្ណោះ មន្ត្រីផ្តល់សេវា ក៏មិនដែលទាមទារកម្រៃបន្ថែមពីពលរដ្ឋដែរ។ នេះបើតាមលោក ពលរដ្ឋទៅវិញទេ ដែលច្រើនតែបង្ខំមន្ត្រីអ្នកផ្តល់សេវា ឱ្យទទួលយកប្រាក់សាគុណ ឬថ្លៃទឹកចិត្ត តបនឹងការផ្តល់សេវាសាធារណៈជូនពួកគាត់។ «អត់ផង អត់អស់(លុយ)ផង ពួកគាត់អត់យកផង! ស្រេចលើទឹកចិត្តខ្ញុំឯណេះទេ។ ខ្ញុំឱ្យម្នាក់១ម៉ឺន, ២ម៉ឺន ស្រេចតែទឹកចិត្តខ្ញុំ!។ ឱ្យគាត់ម្នាក់១ម៉ឺន, ២ម៉ឺន ទឹកចិត្តខ្ញុំ! គាត់អត់យកទៀតណ៎។ គាត់ឆ្លើយទេ ! ដាច់ខាត! ទោះបីញាត់ចូលហោប៉ៅខោគាត់ហើយ ក៏គាត់អត់យកដែរ គាត់ឱ្យ(លុយ)តាមកូនមកវិញ។ គាត់ថាអត់យក អត់ហើយ!»។ 
 
ពលរដ្ឋវ័យ៣៣ឆ្នាំ អ្នកស្រី សារី បានសរសើរដល់អាជ្ញាធរសង្កាត់គោកចក ដែលប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ទំនួលខុសត្រូវ និងធ្វើការងារលឿនរហ័សទាន់ចិត្តជូនប្រជាពលរដ្ឋ។


អ្នកស្រី ភួង ម៉ាឡែន ពលរដ្ឋរស់នៅ​ក្នុងភូមិ ត្រពាំងសេះ សង្កាត់គោកចក 

អ្នកស្រី ភួង ម៉ាឡែន ជាពលរដ្ឋម្នាក់ទៀតដែលរស់នៅក្នុងភូមិ ត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ក៏លើកឡើងដូចគ្នាដែរថា  អាជ្ញាធរក្នុងសង្កាត់គោកចក គឺមានក្រមសីលធម៌ ដោយមានការទទួលស្វាគមន៍ដោយយកចិត្តទុកដាក់ ហើយមានទំនួលខុសត្រូវ ក្នុងការបំពេញភារកិច្ចការងាររបស់ខ្លួន។ ពលរដ្ឋវ័យ ២៩ឆ្នាំរូបនេះ អះអាងថាអាជ្ញាធរ មិនដែលយកកម្រៃសេវាលើការចុះបញ្ជីអត្រានុកូលដ្ឋានពីខ្លួនឡើយ។
 


អ្នកស្រី បឿយ ស្រីពៅ ដែលរស់ក្នុងភូមិ ត្រពាំងសេះ សង្កាត់គោកចក

ចំណែក អ្នកស្រី បឿយ ស្រីពៅ ដែលរស់នៅក្នុងសង្កាត់គោកចកនេះដែរ លើកឡើងទាំងរីករាយថា ក្នុងនាមជាពលរដ្ឋមួយរូប មិនចង់ឱ្យមានអំពើពុករលួយ នៅក្នុងសង្កាត់របស់ខ្លួនឡើយ។ ពលរដ្ឋរូបនេះ ក៏ចង់ឃើញការផ្តល់សេវាសាធារណៈ នៅក្នុងឃុំសង្កាត់ផ្សេងទៀតទៀត គ្មានអំពើពុករលួយដែរ។
 
លោក នីម ស៊ុន ជាចៅសង្កាត់រងទី១ នៃសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ លោក នីម ស៊ុន បញ្ជាក់ថា ការផ្តល់សេវាធារណៈដូចជាការចុះបញ្ជីអត្រានុកូលដ្ឋាន និងលិខិតស្នាមផ្សេងៗ គឺមានសារសំខាន់ខ្លាំងសម្រាប់ពលរដ្ឋ យកទៅប្រើប្រាស់ និងសម្រួលដល់ការរស់នៅប្រចាំ។ លោកចៅសង្កាត់រងទី១ នៃសង្កាត់គោកចក ពន្យល់បន្ថែមថា៖ «ក្មេងអាចយកសំបុត្រកំណើតនោះ ទៅចុះឈ្មោះចូលរៀនបាន។ សម្រាប់មនុស្សធំ គឺអាចបញ្ជាក់អត្តសញ្ញាណជាតិខ្មែរ។ តាមផ្លូវច្បាប់ដែលបានរៀបអាពាហ៍ពិពាហ៍ ហើយទាល់តែមានសំបុត្រអាពាហ៍ពិពាហ៍ នោះទើបស្របច្បាប់។ ប្រសិនបើមានការលែងលះគ្នានោះ គឺត្រូវធ្វើតាមផ្លូវច្បាប់។ លិខិតមរណភាព មានផលប្រយោជន៍ ដើម្បីប្រើប្រាស់សម្រាប់អ្នកដែលពាក់ព័ន្ធ ជាមួយបុគ្គលដែលស្លាប់ លើលិខិតរដ្ឋបាល ឬលិខិតស្នាមផ្សេងៗ»។ 
 


លោក នីម ស៊ុន ជាចៅសង្កាត់រងទី១ នៃសង្កាត់គោកចក ក្រុងសៀមរាប

ការចុះបញ្ជីអត្រានុកូលដ្ឋានជូនពលរដ្ឋ គឺមិនគិតកម្រៃសេវានោះឡើយ។ លោក នីម ស៊ុន រំឭកដូច្នេះ មុននឹងបន្តសំណូមពរទៅពលរដ្ឋរាយការណ៍មកកាន់អាជ្ញាធរ បើសិនមន្ត្រីសង្កាត់រូបណាដែលទាមទារប្រាក់ ឬយកកម្រៃលើសពីពលរដ្ឋទាក់ទងនឹងការផ្តល់សេវាចុះបញ្ជីអត្រានុកូលដ្ឋាន ឬធ្វើលិខិតស្នាមផ្សេងៗនោះ ។ «ប្រសិនបើមន្ត្រីមានការយកកម្រៃសេវាអត្រានុកូលដ្ឋានពីប្រជាពលរដ្ឋ មន្ត្រីនោះ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ ដែលមានចែងជាធរមាន»។ លោកចៅសង្កាត់រង ថ្លែងដូច្នេះ។
 


ជាមួយគ្នានេះ លោក នីម ស៊ុន ក៏សំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ មករកសេវាអត្រានុកូលដ្ឋានគ្រប់ៗគ្នា និងប្តេជ្ញាបន្តបម្រើប្រជាពលរដ្ឋ ជាពិសេសគឺការផ្តល់សេវាសាធារណៈ ឱ្យកាន់តែល្អប្រសើរថែមទៀត៕

អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ៕ 
 
 
 

Tag:
 យុវជនសង្កាត់គោកចក
© រក្សាសិទ្ធិដោយ thmeythmey.com