ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ៖ កុំយល់ខុសថា ខ្ញុំចូលក្នុងZoom និយាយជាមួយក្រុមប្រឆាំង ជាការផ្តល់សញ្ញាចរចា តែចង់ផ្ញើសារឱ្យភ្លឺភ្នែក
16, Sep 2021 , 11:47 am        
រូបភាព
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបកស្រាយពីគោលបំណង ដែលសម្ដេចចូលស្ដាប់ និងនិយាយជាមួយលោក ឡុង រី មន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ដែលបានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយក្រុមការងារពួកគេ តាមប្រព័ន្ធZoom កាលពីថ្ងៃទី៩ កញ្ញា។ បើតាមសម្ដេច ហ៊ុន សែន ការនិយាយគ្នានោះ មិនមែនជាការផ្ដល់សញ្ញាវិជ្ជមានអ្វី ដល់ក្រុមប្រឆាំងរដ្ឋាភិបាលឡើយ។



«សូមកុំយល់ខុសថាខ្ញុំ ចូលក្នុងZoom ជាមួយបងប្អូន(ក្រុមបក្សប្រឆាំង)ថ្ងៃមុនថា ជាការផ្តល់សញ្ញា សម្រាប់ការចរចាឱ្យសោះ»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល ដែលបានបន្ថែមថា សម្ដេចចូលទៅនិយាយតាមប្រព័ន្ធZoom នោះ គឺចង់ផ្ញើសារទៅក្រុមប្រឆាំងឱ្យភ្លឺភ្នែកថា នៅកន្លែងណាក៏មានមនុស្សរបស់ ហ៊ុន សែន ដែរ ។
 
«សូមប្រុងប្រយ័ត្នកុំធ្វើសកម្មភាពណាមួយប្រឆាំងជាមួយផលប្រយោជន៍ជាតិ»។ សម្ដេច ហ៊ុន សែន បានក្រើនរម្លឹកបែបនេះ ទៅមន្ត្រីអតីតបក្សប្រឆាំង ដែលកំពុងនៅក្រៅប្រទេស។
 
អមជាមួយសារទាំងនេះ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា ពេលនេះគ្មានរឿងនយោបាយដែលត្រូវដោះស្រាយដោយការចចារនោះទេ។ ប៉ុន្តែអ្វីដែលត្រូវធ្វើនោះ គឺអ្នកមានទោសត្រូវជាប់ពន្ធនាគារ២ភាគ៣សិន ចាំគិតដល់ការលើកលែងទោស ឬបន្ធូរបន្ថយទោស។ «សូមឈប់ស្រមើស្រមៃថាបក្សដែលតុលាការរំលាយនឹងរស់ឡើងវិញ ,ហ៊ុន សែន នឹងលើកលែងទោសឱ្យ, ហ៊ុន សែន នឹងបើកការចរចារកដំណោះស្រាយនយោបាយ, ហ៊ុន សែន ខ្លាចអន្តរជាតិ។ល។ សង្ឃឹមថាការបកស្រាយនេះនឹងធ្វើឱ្យអ្នកវិភាគល្ងង់ទូ និងអ្នករង់ចាំការយោគយល់ពី ហ៊ុន សែន ឬ ហ៊ុន សែន ភ័យខ្លាច បានភ្លឺស្វាងឡើងវិញ បន្ទាប់ពីសន្លប់ធំអស់ប៉ុន្មានថ្ងៃក្រោយzoom »។ នេះបើតាមនាយករដ្ឋមន្រ្តី ហ៊ុន សែន។
 



សម្រាប់ដំណើការនយោបាយ ពាក់ព័ន្ធការបោះឆ្នោតឃុំ-សង្កាត់២០២២ និងបោះឆ្នោតថ្នាក់ជាតិ ២០២៣ គឺគ្មានបញ្ហាចោទអ្វីឡើយ ពោលគឺមានការចូលរួមពីបក្សនយោបាយ ទាំងគណបក្សចាស់និងគណបក្សដែលទើបបង្កើតថ្មីយ៉ាងច្រើន។ នេះជាការអះអាងរបស់ប្រមុខរដ្ឋាភិបាល ដែលឆ្លើយតបទៅនឹងសាររបស់ពលរដ្ឋ ដែលបានបង្ហោះចូលទំព័រហ្វេសប៊ុកសម្ដេច ដើម្បីសួរនាំពីការចូលរួមប្រជុំតាមZoom របស់មន្ត្រីអតីតបក្សប្រឆាំង។
 
សម្ដេច ហ៊ុន សែន បានលបស្ដាប់កិច្ចប្រជុំផ្ទៃក្នុងរបស់មន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោក ឡុង រី ពីសហរដ្ឋអាមេរិក ជាមួយក្រុមការងារខ្លួន តាមរយៈប្រព័ន្ធវីដេអូ Zoom កាលពីថ្ងៃទី៩ កញ្ញា។ ក្នុងគ្រានោះ សម្ដេច បានចូលទៅបកស្រាយប្រាប់លោក ឡុង រី ពីបំណងដែលសម្ដេចប្រឹងរក្សាវប្បធម៌សន្ទនាជាមួយមេដឹកនាំបក្សប្រឆាំង។ សម្ដេច ហ៊ុន សែន បានរម្លឹកប្រាប់លោក ឡុង រី ថា សម្ដេចបានអនុគ្រោះនិងស្នើព្រះមហាក្សត្រលើកទោសដល់លោក សម រង្ស៊ី ម្ដងជា២ដង ក្រោយពីមេដឹកនាំក្រុមប្រឆាំងរូបនេះ ធ្វើលិខិតសុំទោសសម្ដេច។បន្ថែមពីនេះ សម្ដេច ក៏បានអះអាងពីការប្រឹងសម្របសម្រួលនយោបាយរបស់ខ្លួន រហូតបង្កើតបាន«វប្បធម៌សន្ទនា» នយោបាយ កាលពីខែកញ្ញា ឆ្នាំ២០១៤ដែរ។

អត្ថបទទាក់ទង

 
ប៉ុន្តែក្រោយមកលោក សម រង្ស៊ី បានលើកយកការបកស្រាយរបស់សម្ដេច ហ៊ុន សែន មកនិយាយចំអកវិញថា ការបកស្រាយប្រមុខរដ្ឋាភិបាលកម្ពុជានេះ គឺគ្រាន់តែចង់បង្ហាញឱ្យគេឃើញថាគាត់ជាមនុស្សល្អប៉ុណ្ណោះ ជាពិសេសចង់រម្លឹកគុណស្រ័យពីខ្លួន។ ចំពោះបញ្ហាវប្បធម៌សន្ទនានេះ លោក សម រង្ស៊ី តបវិញក្នុងន័យនេះថា លោកពិបាកធ្វើការជាមួយសម្ដេច ហ៊ុន សែន ដោយសារមេដឹកនាំកម្ពុជារូបនេះ ទទួលយកតែមតិយោបល់ណា ដែលស្របនឹងគំនិតខ្លួនឯងប៉ុណ្ណោះ ៕
 
 

Tag:
 ហ៊ុន សែន
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com