កីឡាអន្តរជាតិ
អន្តរជាតិ
Musah ដែលស៊ុតចូលទីក្រុមខ្លួនឯង២គ្រាប់ ប្រឈមមុខបាត់បង់អាជីពបាល់ទាត់
28, Sep 2021 , 6:09 pm        
រូបភាព
Hashmin Musah ខ្សែការពារ Inter Allies ដែលស៊ុតបញ្ចូលទីក្រុមខ្លួនឯង (own goal) ចំនួនពីរគ្រាប់ក្នុងការប្រកួតលីគកំពូលហ្កាណាកន្លងទៅ ត្រូវជាប់ទោសពីបទកំណត់លទ្ធផលទុកមុន។ សហព័ន្ធកីឡាល់ទាត់ហ្កាណា (GFA) ប្រកាសដូច្នេះ ដោយចោទ Musah ថាបានមើលងាយក្លិបនិង លីគក្នុងប្រទេសខ្លួន។

Musah បានសារភាពថាគ្រាប់បាល់ own goal ទាំងពីរគ្រាប់ ក្នុងការប្រកួតក្របខណ្ឌ Ghana Premier League កាលពីខែកក្កដាកន្លងទៅ សុទ្ធតែជាគ្រាប់បាល់គ្រោងទុក។ កាលនោះក្រុមរបស់គេ Inter Allies ចាញ់ Ashanti Gold ក្នុងលទ្ធផលដល់ទៅ ៧-០។ ខ្សែការពាររូបនេះ អះអាងថាខ្លួនធ្វើដូច្នេះ ដើម្បីផ្លាស់ប្តូរលទ្ធផលប្រកួត។
 
មិនត្រឹមតែ Musah ម្នាក់នោះទេ កីឡាករសរុប១៧នាក់ និងមន្ត្រី៦នាក់ទៀតរបស់ក្លិបទាំងពីរ សុទ្ធតែត្រូវបានចោទប្រកាន់ពីបទល្មើសរៀបចំលទ្ធផលការប្រកួតផងដែរ។
ជុំវិញមូលហេតុដែលធ្វើឱ្យមានការសម្រេចទាត់បាល់បញ្ចូលទីក្រុមខ្លួនដល់ទៅពីរគ្រាប់ ត្រូវបាន Musah បកស្រាយប្រាប់កាសែតក្នុងស្រុកដោយខ្លួនឯងថា រូបគេមានចេតនា ដើម្បីផ្លាស់ប្តូរលទ្ធផល និងដើម្បីឱ្យអ្នកភ្នាល់បាល់ចាក់ខុស។
 
«ខ្ញុំបានលឺនៅក្នុងសណ្ឋាគារថាការភ្នាល់ត្រូវបានធ្វើឡើងសម្រាប់លទ្ធផល ៥-១ ទល់នឹងក្រុម Inter Allies របស់ខ្ញុំ។ ខ្ញុំសម្រេចចិត្តបំផ្លាញការភ្នាល់នោះ ព្រោះខ្ញុំមិនពេញចិត្តចំពោះការភ្នាល់ល្បែងកីឡានេះទេ។ បន្ទាប់ពីការប្រកួតនោះ ក្រុមបច្ចេកទេសរបស់ខ្ញុំបានសរសើរខ្ញុំ ចំពោះការធ្វើឱ្យអ្នកភ្នាល់ចាញ់»។ នេះជាការបញ្ជាក់រប់ស់ Musah។
 
សម្រាប់ករណីនេះ Musah ខ្សែការពារវ័យ២៤ឆ្នាំ អាចនឹងត្រូវហាមឃាត់មិនឱ្យលេងបាល់ទាត់ ដោយសារការចោទប្រកាន់ប្រឆាំងនឹងរូបគេ។ ទង្វើរបស់ Musah ត្រូវបាន GFA ចោទថាករណីមើលងាយសក្លិប លីគ និងស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ហ្កាណាទាំងមូល៕
 

Tag:
 Hashmin Musah
  កំណត់លទ្ធផលទុកមុន
© រក្សាសិទ្ធិដោយ thmeythmey.com