ជាតិ
លោក ឡុង ឌីម៉ង់ ប្តេជ្ញាបំពេញភារកិច្ចឥតរួញរា ដើម្បីលើកមុខមាត់​​ខេត្តព្រះសី​​ហនុ
05, Oct 2021 , 5:13 pm        
រូបភាព
​លោក ឡុង ឌីម៉ង់ ដែលទើបទទួលបានការតែងតែងឱ្យកាន់តំណែងជាអភិបាលរងខេត្តព្រះសីហនុ បានថ្លែងពីប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបំពេញភារកិច្ចថ្មី និងដ៏សំខាន់មួយទៀតសម្រាប់ខ្លួន។ តាមរយៈសារព័ត៌មានថ្មីៗ លោក ឡុង ឌីម៉ង បានប្តេជ្ញាថា លោកនឹងខិតខំប្រឹងប្រែងទ្វេដងក្នុងការបំពេញភារកិច្ចថ្មីនេះ ដើម្បីចូលរួម​បង្កើតសមិទ្ធផលថ្មី ក៏ដូចជាលើកមុខមាត់ និងកិត្យានុភាពខេត្តព្រះសីហនុ។

 
លោក ឡុង ឌីម៉ង់ ដែលទើបបញ្ចប់អាណត្តិជាឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ  ​ត្រូវបានប្រមុខរដ្ឋាភិបាល តែងតាំងជាអភិបាលរងខេត្តព្រះសីហនុ។ នេះបើតាមអនុក្រឹតចុះថ្ងៃទី៤តុលា។ មុននឹងថ្លែងពីការប្តេជ្ញាចិត្តចំពោះការបំពេញមុខតំណែងថ្មី លោក ឡុង ឌីម៉ង់ បានរំឭកប្រាប់សារព័ត៌មានថ្មីៗ ពីភាព​ជោគជ័យនៃការបំពេញបេសកកម្មការទូតរបស់ខ្លួន រយៈពេល៥ឆ្នាំនៅសាធារណរដ្ឋកូរ៉េ​។ 
 
​តាមលោក ឡុង ឌីម៉ង់ ​​នៅសាធារណរដ្ឋកូរ៉េ លោកបានសម្រេចនូវសមិទ្ធផលជាច្រើន ពិសេសបង្កើនទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ​ ក៏ដូចជាការជំរុញឱ្យមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ លោក ក៏បានរួមចំណែកក្នុងការកែទម្រង់ និងលើកមុខមាត់ស្ថានទូតកម្ពុជាប្រចាំកូរ៉េខាងត្បូងផង​។
 
សម្រាប់អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោកពិតជាមានកិត្តិយសណាស់ ដែលបន្តទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំ នៅក្នុងការបំពេញតួនាទីជាអភិរងខេត្តព្រះសីហនុឲ្យនេះ។ លោក ឡុង ឌីម៉ង់ ប្តេជ្ញាប្រឹងប្រែងបំពេញការងារឥតធ្វេសប្រហែលឡើយក្នុងតួនាទីថ្មីនេះ ដើម្បីបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ធ្វើយ៉ាងនា​លើកមុខមាត់ និងកិត្យានុភាពខេត្តជាប់សមុទ្រមួយនេះ ឱ្យក្លាយជាទៅជាខេត្តដែលគួរឱ្យចង់រស់នៅ។ 
 
តាមរយៈបទពិសោធន៍ផ្នែការទូតសេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិរបស់ខ្លួន លោក ឌីម៉ង់ ក៏សង្ឃឹមថា ខ្លួននឹងអាចចូលរួមចំណែក កៀរគរវិនិយោគិនបរទេស ឱ្យមកវិនិយោគនៅក្នុងខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀតដែរ។
 
ក្រៅពីទទួលការងារដែលអភិបាលខេត្តនឹងប្រគល់ឱ្យ លោក ឡុង ឌីម៉ង់ ក៏បង្ហើបដែរថា លោកក៏នឹងវិលទៅបំពេញ​ភារកិច្ច​ជាអ្នកនាំពាក្យ ដែលលោកធ្លាប់មានបទពិសោធន៍ស្រាប់​ បន្ថែមលើតួនាទីជាអភិរងខេត្តផងដែរ។ 
 
សូមជម្រាបថា លោក ឡុង ឌីម៉ង់ ​ទើបបញ្ចប់អាណត្តិជាឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ  កាលពីអំឡុងដើមខែកញ្ញាកន្លងទៅ។ នៅក្នុងពេលបំពេញបេសកកម្មរយៈពេល៥ឆ្នាំមកនេះ លោក ក៏ធ្លាប់ទទួលបានទទួលបាន«ពានរង្វាន់ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២១» ពីសមាគមទូតមិត្តភាពវប្បធម៌កូរ៉េផងដែរ៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com