កីឡាអន្តរជាតិ
អន្តរជាតិ
គូដណ្តឹងអ្នកកាសែត Khashoggi ដែលត្រូវគេសម្លាប់ ឈឺចិត្តក្រោយ Newcastle ធ្លាក់ក្រោមដៃរជ្ជទាយាទ Salman
09, Oct 2021 , 2:31 pm        
រូបភាព
Hatice Cengiz គូដណ្តឹងរបស់អ្នកសារព័ត៌មាន Jamal Khashoggi ដែលត្រូវបានសម្លាប់ បង្ហាញការខូចចិត្តយ៉ាងខ្លាំង បន្ទាប់ពីក្លិប Newcastle United ធ្លាក់ក្រោមការគ្រប់គ្រងរបស់មូលនិធិវិនិយោគអារ៉ាប៊ីសាអូឌីត (PIF) ដែលគាំទ្រដោយរជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed Bin Salman។ ព្រះអង្គម្ចាស់ Salman មានជាប់ក្តីក្តាំសម្លាប់អ្នកកាសែត Khashoggi កាលពីឆ្នាំ២០១៨។



PIF បានចំណាយប្រាក់៣០៥ លានផោន (៤១៥លានដុល្លារអាមេរិក) ដើម្បីទិញយកក្លិប Newcastle United ពីលោក Mike Ashley។ រជ្ជទាយាទ Mohammed Bin Salman ដែលជាម្ចាស់ PIF មានជាប់ក្តីក្តាំសម្លាប់អ្នកសារព័ត៌មាន Jamal Khashoggi នៅក្នុងកុងស៊ុលអារ៉ាប៊ីសាអូឌីត នាទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីខែតុលា ឆ្នាំ២០១៨។
 
លោក Khashoggi ត្រូវបានគេដឹងថា ជាអ្នករិះគន់ព្រះអង្គម្ចាស់ Salman ដ៏ខ្លាំងក្លា។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់លោកខាងលិចជឿជាក់ថារជ្ជទាយាទរូបនេះ ជាអ្នកបញ្ជាឱ្យធ្វើឃាតកម្មទៅលើលោក Khashoggi ខណៈព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលមានទ្រព្យមហាសាលបដិសេធ។
  

អ្នកនាង Hatice Cengiz និងគូដណ្តឹងជាអ្នកសារព័ត៌មាន Jamal Khashoggi ដែលត្រូវបានសម្លាប់

អ្នកនាង Hatice Cengiz ដែលគ្រោងនឹងរៀបការជាមួយអ្នកកាសែត Khashoggi មុនត្រូវបានគេសម្លាប់ បង្ហាញការខកចិត្តយ៉ាងខ្លាំង ក្រោយមូលនិធិវិនិយោគអារ៉ាប៊ីសាអូឌីត ដែលគ្រប់គ្រងដោយព្រះអង្គម្ចាស់ Salman កាន់កាប់ក្លិបនៅអង់គ្លេសនេះបាន។
 
«អ្វីដែលខ្ញុំបានធ្វើចាប់តាំងពីឃាតកម្មនោះមក គឺស្វែងរកយុត្តិធម៌ជូនគូដណ្តឹងរបស់ខ្ញុំ។ ភ្លាមៗនោះខ្ញុំបានឃើញព័ត៌មាន អំពីការកាន់កាប់ក្លិប Newcastle ហើយខ្ញុំពិតជាឈឺចិត្តណាស់»។ នេះជាការអះអាងរបស់ Cengiz។ 
 
ចាប់តាំពី PIF ចរចាទិញក្លិបរហស្សនាមសារិកាព្រៃមក អ្នកនាង Cengiz បានអំពាវនាវឱ្យក្លិបនៅ Premier League នេះ បដិសេធលក់ក្លិបព្រះអង្គម្ចាស់ Salman តាមរយៈលិខិតចំហកាលពីខែឧសភាកន្លងទៅ។ អ្នកស្រី បន្ថែមថា ការស៊ើបអង្កេតដែលអាចទុកចិត្តបានទាំងអស់ បានបង្ហាញពីការទទួលខុសត្រូវរបស់ព្រះអង្គ Salman។ ប៉ុន្តែព្រះអង្គម្ចាស់ Bin Salman មិនត្រូវបានកាត់ទោស នៅក្នុងប្រទេសរបស់ខ្លួនឡើយ បើទោះបានប្រើរបៀបគ្រប់គ្រងប្រទេស ដោយប្រើកណ្តាប់ដៃដែកក្តី។
 
ក្រុមសិទ្ធិមនុស្ស ក៏បានចោទអារ៉ាប៊ីសាអ៊ូឌីតថា ការក្រសោបយកក្លិប Newcastle ជាការព្យាមយាមប្រើប្រាស់កីឡា ដើម្បីជាមធ្យោបាយបង្វែរស្ថានការណ៍ លើកំណត់ត្រារំលោភបំពានសិទ្ធិមនុស្សរបស់ពួកគេ ពោលគឺមិនមែនដើម្បីឲ្យក្លិបមួយនេះ ល្បីល្បាញដូចការវិនិយោគពីសំណាក់មហាសេដ្ឋីដទៃឡើយ៕
 
 
 

Tag:
 Jamal Khashoggi
  Mohammed Bin Salman
  Hatice Cengiz
  Newcastle United
© រក្សាសិទ្ធិដោយ thmeythmey.com