ជាតិ
រថយន្ត
លោក សេង សុខជា ប្រមូលឡានបុរាណដែលមាននៅក្នុងស្រុក ក្នុងបំណងអភិរក្ស
11, Oct 2021 , 7:59 pm        
រូបភាព
ភ្នំពេញ៖ នៅកម្ពុជា មានអ្នកប្រមូលរថយន្ដបុរាណមួយចំនួន តែភាគច្រើន គែបាននាំឡានបុរាណទាងនោះពីបរទេស។ រីឯលោក សេង សុខជា វិញ គាត់ប្រមូលរថយន្ដដែលមាននៅសេសសល់ស្រាប់នៅក្នុងស្រុក។ បើតាមលោក សេង សុខជា មូលហេតុដែលលោកប្រមូលទិញរថយន្តបុរាណ ដែលធ្លាប់ប្រើប្រាស់នៅក្នុងស្រុកខ្មែរមុន និងក្រោយសង្គ្រាម គឺដើម្បីរួមចំណែកអភិរក្សរថយន្តបុរាណផង និងចង់រក្សាទុកទិដ្ឋភាពអនុស្សាវរីយ៍ម្យ៉ាងដែលធ្លាប់មាននៅក្នុងប្រទេស។ លោក សេង សុខជា ពន្យល់បន្ថែម៖«បើសិនជាឡានបុរាណទាំងអស់មាននៅក្នុងប្រទេសយើង មិនត្រូវបានអភិរក្សនោះទេ ថ្ងៃណាមួយយើងនឹងបាត់បង់អត្តសញ្ញាណម្យ៉ាង ដែលវាធ្លាប់មាននៅក្នុងប្រទេសយើង តាំងពីមុនសង្គ្រាមប៉ុល ពត និងក្រោមសង្គ្រាមប៉ុល ពត»។

 
សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាងនាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក សេង សុខជា អ្នកប្រមូលរថយន្តបុរាណ ដូចតទៅ៖
 
 
លោក សេង សុខជា បានឱ្យដឹងទៀតថា បច្ចុប្បន្ន គាត់មានរថយន្ដបុរាណ ប្រហែល២០គ្រឿង ដែលស្ទើរតែទាំងអស់ជាម៉ាកអឺរ៉ុប និងជប៉ុន ក្នុងនោះមានឡានម៉ាក MERCEDES-BENZ, LAND ROVER, , PEUGEOT, VOLKSWAGEN, SUZUKI, TOYOTA និង HUMMER ជាដើម។ លោក សុខជា ក៏មានរថយន្ដ M151 មួយគ្រឿងដែរ ដែលគេហៅថា JEEP ពីព្រោះគឺជាប្រភេទឡានស្រដៀងរថយន្ដម៉ាក JEEP ប្រភេទដើម។ តាមពិតអ្វីដែលខុសគ្នាជាងគេ រវាងរូបរាង M151 និង JEEP CJ គឺឆ្នូតខាងមុខ នៅចន្លោះហ្វារទាំង២។ លើ JEEP CJ វាឈរ ប៉ុន្តែលើ M151 វាផ្ដេក។ លោក សុខជា បានកែច្នៃ M151 របស់ខ្លួន ដោយដូរម៉ាស៊ីន ប្រអប់លេខ(ដាក់អូតូម៉ាទីកវិញ) កង់ទាំង៥ជាមួយកង់សាកួរ ហើយដោយដាក់ស័ង្កសីផ្នែកខាងក្រោយ ជំនួសក្រណាត់កៅស៊ូខ្លះ។
 

 
ក្រុមហ៊ុនអាម៉េរិកាំង FORD បានបង្កើតរថយន្ដ M151 ឆ្នាំ១៩៥៩ ក៏ប៉ុន្តែបានផ្ទេរការផលិតទៅឱ្យក្រុមហ៊ុន KAISER ហើយទៅឱ្យក្រុមហ៊ុន AM General ដែលបញ្ចប់ផលិត M151 ឆ្នាំ១៩៨២។ 151 គឺជាប្រភេទ ហើយអក្សរ M មកពីអក្សរកាត់ MUTT ដែលមានន័យថា Military Utility Tactical Truck។ ដូច្នេះគឺជាឡានសម្រាប់យោធា។ វាបង្វិលកង់ទាំង៤ ដើម្បីជិះលើផ្លូវមានឧបសគ្គ។ អាចទុកឈ្មោះ M ថាជាម៉ាកក៏បាន។ ក៏ប៉ុន្តែវាមិនមែនជាម៉ាកចុះឈ្មោះយ៉ាងត្រឹមត្រូវ ដូចម៉ាករថយន្ដស៊ីវិលនោះទេ។ រថយន្ដ M151 របស់លោក សុខជា គឺជាម៉ូឌែល A2 ដែលពីដើមមានទម្ងន់ត្រឹម ១ ១០០គីឡូក្រាម។ ម៉ូឌែល A2 បានជំនួសម៉ូឌែល A1 ឆ្នាំ១៩៦៨។ ក្រៅពីប្រភេទ M151 ដែលជាប្រភេទសាមញ្ញធម្មតា ក៏គេបានបង្កើតប្រភេទផ្សេងៗ ដែលបំពាក់ដំបូលក្រណាត់កៅស៊ូស្ទើរតែទាំងអស់ ដូចជា M718 (សង្គ្រោះបន្ទាន់) M825 (ដឹកកាំភ្លើងធំ) MRC108 (ដឹកឧបករណ៍គមនាគមន៍)។ល៕






 
អត្ថបទទាក់ទង
 

Tag:
 យានយន្ត
  Mercedes-Benz
 សេង សុខជា
 ឡានបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com