កីឡាជាតិ
ជាតិ
AFC U23 Asian Cup៖ កម្ពុជា ឈ្នះហុងកុង ៤-២
23, Oct 2021 , 12:52 pm        
រូបភាព
កម្ពុជា បានឈ្នះហុងកុង ៤-២ នៃវគ្គជម្រុះពូលK ពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 នាម៉ោង១១ព្រឹក (ម៉ោងនៅកម្ពុជា) ថ្ងៃទី២៣ តុលា នៅកីឡដ្ឋាន J-Village ប្រទេសជប៉ុន។ ការប្រកួតនេះ ស្ថិតនៅក្រោមអាកាសធាតុ១៣អង្សារ។

 
ខ្សែប្រយុទ្ធឆ្នើម សៀង ចន្ធា ជាអ្នករកគ្រាប់បាល់ឱ្យកម្ពុជា តាមរយៈការអូសបាល់ពីស្លាបទៅស៊ុត នៅនាទី៤០ ក្រោយពីការបញ្ជូនរបស់កីឡាករ លឹម ពិសុទ្ធ ។ លឹម ពិសុទ្ធ ក៏មានឱកាសស៊ុតមួយគ្រាប់នៅដើមវគ្គទី១ ដែរ ប៉ុន្តែបាល់ហើរផុតរបាទីខាងលើបន្តិច។ ជិតចប់តង់ទី១ទៅហើយ កីឡាករខ្សែការពារ ចាន់ សារ៉ាពេជ្រ ប៊ិះរកបានមួយគ្រាប់ទៀតឱ្យកម្ពុជាដែរ ប៉ុន្តែប្រើបច្ចេកទេសប៉ែងជើង ស៊ុតខុសបាល់ ក្រោយពី លឹម ពិសុទ្ធ បញ្ចូនបាល់ទៅ។
 
ឈានចូលវគ្គទី២ សៀង ចន្ធា រកបានមួយគ្រាប់ទៀត នៅនាទី៥៤ ដោយការបញ្ជូនយ៉ាងល្អពី ខ្សែបម្រើ ញាន សូស៊ីដាន មុននឹង ស៊ិន កក្កដា ស៊ុតចូលគ្រាប់ទី៣ នាទី៥៦ ដែលជាការបញ្ចូនបាល់ពី សៀង ចន្ធា ។ ៦នាទីក្រោយមក ខ្សែបម្រើ មិន រតនៈ បានថែមគ្រាប់បាល់ទី៤ ដោយស៊ុតបាល់ពីចម្ងាយជាង២០ម៉ែត្រ ពីមុខប្រអប់គ្រោះថ្នាក់ ក្រោយពីការបញ្ជូនបាល់របស់ ញាន សូស៊ីដាន។

ចំណែកហុងកុង រកបាន២គ្រាប់ដោយខ្សែប្រយុទ្ធ Lam Lok Kan Jordan នាទី៨១ និង៩០បូក៣។ គ្រាប់បាល់ទី២របស់ហុងកុង កើតចេញពីការទាត់បាល់ពិន័យ១១ម៉ែត្រ ក្រោយពីខ្សែបម្រើការពារកម្ពុជា សឿត ណាវ៉ា បានបង្កកំហុសនៅក្នុងប្រអប់គ្រោះថ្នាក់។

ជ័យជម្នះនេះ ជួយឱ្យកម្ពុជា ទទួលបាន៣ពិន្ទុ ឈរលើកំពូលតារាងពូលK បណ្ដោះអាសន្ន។ កម្ពុជាត្រូវប្រកួតជាមួយជប៉ុន នាថ្ងៃទី២៦ តុលា នៅកីឡដ្ឋាន J-Village ប្រទេសជប៉ុន។ 
 
កីឡាករជម្រើសជាតិកម្ពុជា ក្នុងនោះ សៀង ចន្ធា(ណារ៉ុង កក្កដា នាទី៧៧) ប្រយុទ្ធជួរមុខ ខណៈ ស៊ិន កក្កដា (ជឿន ណាចា នាទី៦៦) និង លឹម ពិសុទ្ធ (រ័ត្ន សំណាង នាទី៧៧)ប្រយុទ្ធស្លាប។ ចំណែកខ្សែបម្រើ មាន ញាន សូស៊ីដាន ,មិន រតនៈ (លឹម អារុនរ៉េម៉ុន នាទី៨៧) និងសឿត ណាវ៉ា។ រីឯខ្សែការពារ មាន ទេស សម្បត្តិ ,យ៉ើស សាហ្វី , ចាន់ សារ៉ាពេជ្រ (ញឹម លីហួរ នាទី៦៦) និង សឿត បារាំង ខណៈអ្នកចាំទី ហ៊ុល គឹមហ៊ុយ។
 
កម្ពុជា ស្ថិតនៅក្នុងពូលK ជាមួយហុងកុង និងជប៉ុន ។ វគ្គជម្រុះនេះ មានប្រទេស៣៩ ចូលរួមប្រកួត ដោយបែងចែកជា១១ពូល គឺពូលA ដល់ K ។ នៅក្នុងចំណោមពូលទាំងនេះ គឺមានតែពូល F I និង K ប៉ុណ្ណោះ ដោយមានតែប្រទេសចំនួន៣ ត្រូវជួបគ្នា ខណៈពូលGមានតែក្រុម២តទល់គ្នា ក្រោយចិន និងព្រុយណេ ដកខ្លួនចេញ ។ ក្រៅពីនោះ គឺមាន៤ប្រទេសក្នុង១ពូល។
 
សម្រាប់ការប្រកួតជម្រុះនេះ គឺត្រូវយក១៥ក្រុម ឡើងទៅលេងនៅទឹកដី អូបេគីស្ថាន។ ក្នុងនោះពូលនីមួយៗ គឺយកអ្នកឈរលេខ១ នៅក្នុងតារាង ទាំង១១ពូល។ ចំណែក៤ក្រុមទៀត គឺត្រូវជ្រើសចេញពីក្រុមដែលទទួលបានចំណាត់លេខ២ល្អជាងគេ។
 
កាលពីឆ្នាំ២០២០ កូរ៉េខាងត្បូង គ្រងតំណែងជើងពានរង្វាន់ AFC U23 ASIAN Cup នេះ ដោយយកឈ្នះអារ៉ាប់ប៊ីសាអូឌីត ដោយលទ្ធផល១-០ នៅម៉ោងបន្ថែមនាទី១១៣ ដោយកីឡាករខ្សែការពារ Jeong Tae-Wook ៕
 
 
 
 
 

Tag:
 AFC U23 ASIAN Cup
© រក្សាសិទ្ធិដោយ thmeythmey.com