ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ ជម្រះក្តីសកម្មជនប្រឆាំង៤៤នាក់ ក្នុងបទរួមគំនិតក្បត់ជាតិ
07, Dec 2021 , 9:41 am        
រូបភាព
អ្នកនាង សេង ធារី កោរសក់ និងស្លៀកពាក់ឈុតអប្សរា ចូលរួមសវនាការនៃតុលាការភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ អ្នកនាង ជាជនជាប់ចោទម្នាក់ ក្នុងចំណោម៤៤នាក់។ រូបដោយសហការី
អ្នកនាង សេង ធារី កោរសក់ និងស្លៀកពាក់ឈុតអប្សរា ចូលរួមសវនាការនៃតុលាការភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ អ្នកនាង ជាជនជាប់ចោទម្នាក់ ក្នុងចំណោម៤៤នាក់។ រូបដោយសហការី
តុលាការភ្នំពេញ បានបើកសវនាការជម្រះក្តីទ្រង់ទ្រាយធំលើអ្នកមាននិន្នាការប្រឆាំង៤៤នាក់ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ។ លោក អំ សំអាត មន្រ្តីការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថា ក្នុងចំណោម៤៤នាក់នោះ ភាគច្រើន ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ (ជាតិ) និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។



អ្នកទាំង៤៤នាក់ ជាប់ចោទពីបទរួមគំនិតក្បត់ (ជាតិ) និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម គឺដោយសារពួកគេ ពាក់ព័ន្ធនឹងផែនការ៩វិច្ឆិកា។ ផែនការ៩វិច្ឆិកា គឺសំដៅលើការប្រកាសរបស់លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេស ថាលោក នឹងវិលចូលកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីដឹកនាំកម្លាំងមហាជនធ្វើឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា។ សម្រាប់រដ្ឋាភិបាល ផែនការវិលត្រឡប់របស់លោក គឺដើម្បីផ្តួលរំលំរដ្ឋាភិបាល។

បើតាមព័ត៌មានពីលោក អំ សំអាត លោក សម រង្ស៊ី ខ្លួនឯង ក៏ស្ថិតក្នុងចំណោមអ្នកទាំង៤៤នាក់នោះដែរ ដែលត្រូវតុលាការ កោះហៅឲ្យចូលសវនាការ។ លោក បន្តថា ក្នុងចំណោម៤៤នាក់ មាន២នាក់ កំពុងជាប់ឃុំ ហើយក្រៅពីនេះ គឺនៅក្រៅឃុំទាំងអស់។ អ្នកនៅក្រៅឃុំទាំងនោះទៀតសោត មានខ្លះ រស់នៅឯក្រៅប្រទេស។

មន្រ្តីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សរូបនេះ មិនទាន់ទទួលបានព័ត៌មានលម្អិតឡើយថា ក្នុងចំណោមអ្នកទាំង៤៤នាក់នោះ មានប៉ុន្មាននាក់ ដែលឡើងសវនាការតាមដីកាកោះហៅ។ សម្រាប់លោក ការបើកសវនាការជំនុំជម្រះទ្រង់ទ្រាយធំបែបនេះ គឺពាក់ព័ន្ធនឹងរឿងនយោយបាយ ច្រើនជាងរឿងច្បាប់៕

Tag:
 តុលាការ
  សកម្មជនប្រឆាំង
© រក្សាសិទ្ធិដោយ thmeythmey.com